ព័ត៌មាន
អន្តរក្រសួងធ្វើសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ»
ក្រសួងមុខងារសាធារណៈ និងក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤នេះ បានរៀបចំសិក្ខាសាលារួមគ្នា ស្ដីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ»។ ការចាប់ផ្ដើមរៀបចំសិក្ខាសាលានៅតាមក្រសួង ស្ថាប័ននេះ ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានាបានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ។

សិក្ខាសាលានេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជដ្ឋាភិបាល សហការជាមួយក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សិក្ខាសាលាតាមបណ្តាក្រសួង ស្ថាប័ន ដែលចាប់ផ្តើមចេញពីក្រសួងមហាផ្ទៃនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បី បង្ហាញវឌ្ឍនភាពការងារដែលក្រុមការងារបច្ចេកទេសអន្តរក្រសួង បានរួមចិត្ត រួមស្មារតី និងរួមកម្លាំងសហការគ្នា ពាក់ព័ន្ធនឹងស្ថានភាពបឋមនៃការការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន។ លើសពីនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការងារគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត តាមរយៈការជួយបំពេញគ្នា ការរៀបចំយន្តការដើម្បីប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាទៅវិញទៅមក និងការតាំងចិត្តបោះជំហានរួមគ្នា ផ្អែកលើជវភាពនៃប្រព័ន្ធតួអង្គតែមួយ។

សូមជម្រាបថា ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ មិនមែនជារឿងថ្មីនោះទេ តែជាការបន្តអនុវត្តការងារ ក្នុងបរិបទការងារថ្មី ដែលក្រសួង ស្ថាប័ន នីមួយៗ គឺជាម្ចាស់នៃការងារនេះ សំដៅដល់ការសម្រេចគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)មានភារកិច្ចជាអ្នកជួយសម្របសម្រួល តាមដានការអនុវត្ត និងផ្តល់ការគាំទ្រទាំងក្របខណ្ឌបច្ចេកទេស ឬការបំពេញបន្ថែមនានាតាមការចាំបាច់ស្របតាមតម្រូវការរបស់ក្រសួង ស្ថាប័ននីមួយៗ ក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕ អត្ថបទៈ គឹមហុក






-
ព័ត៌មាន4 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន