ព័ត៌មាន
ថ្នាក់ដឹកនាំកីឡាចំបាប់ ចាត់ទុកពង្រឹងសមត្ថភាពគ្រូតាមខេត្ត ជារឿងត្រឹមត្រូវ ដើម្បីផលិតធនធានបន្ដវេនកាន់តែច្រើន
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងផលិតបានកីឡាករ-កីឡាការិនីជំនាន់ថ្មីកាន់តែច្រើន សម្រាប់បន្ដវេនក្នុងវិស័យកីឡាចំបាប់កម្ពុជា បន្ទាប់ពីការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពគ្រូបង្វឹកមកពីតាមបណ្ដាលខេត្ត ។

នេះបើតាមការលើកឡើង ក្រោយពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ ក្រោមគម្រោងសាមគ្គីអូឡាំពិក ស្ដីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី០៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ។

លោកបន្ដថា វគ្គនេះ រៀបចំឡើង ដើម្បីធានានូវចីរភាព និងបន្ដរីកចម្រើន ទាំងកម្លាំង និងបច្ចេកទេស ក្នុងវិស័យកីឡាចំបាប់ សម្រាប់គ្រូបង្វឹក ពិសេសគ្រូតាមខេត្ត ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាត់ និងផលិតបាននូវកីឡាករ-កីឡាការិនីបន្ដវេនកាន់តែច្រើន និងប្រកបដោយសក្ដានុពល ក្រោយពេលគ្រូបង្វឹកទាំងអស់នោះ មានចំណេះដឹង និងបច្ចេកទេសត្រឹមត្រូវ ក្នុងការបង្ហាត់ ក៏ដូចជាចេះមើលនូវទេពកោសល្យកូនសិស្ស។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនោះដែរ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកោតសសើរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម ដែលជាគ្រូបង្វឹក ក្នុងការយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសអន្តរជាតិពាក់ព័ន្ធនឹងគោលការណ៍បច្ចេកទេសនៃការបង្វឹកកីឡាចំបាប់ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញលើសមត្ថភាពជាគ្រូបង្វឹករបស់ខ្លួន ។
លោកថា វគ្គនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែលមានរយៈពេល៥ខែ ដោយផ្តោតលើគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ១-បង្កើតគោលនយោបាយថ្មីសម្រាប់ការប្រកួត និងការបង្វឹកប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់កីឡាចំបាប់ថ្នាក់ជាតិ។ ២-កម្មវិធីកំណត់ទេពកោសល្យ និងស្វែងរកថែរក្សាអត្តពលិកកីឡាចំបាប់វ័យក្មេងដើម្បីទទួលបានជោគជ័យ ។ ៣-រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្រ្តីអាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើតជំនាញ និងធានាបាននូវនិរន្តរភាពកីឡាចំបាប់នូវក្នុងប្រទេស និង ៤-អភិវឌ្ឍន៍ធនធានមនុស្ស និងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមរៀបចំការប្រកួតយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា ។

គួរដឹងថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាចំបាប់ថ្នាក់ជាតិ មានសិក្ខាកាមចំនួន ២៥នាក់ចូលរួម ដែលបង្រៀនដោយគ្រូឧទ្ទេសលោក Martin Hauck ជំនាញការមកពីសហព័ន្ធកីឡាចំបាប់ពិភពលោក ហើយបុរសជនជាតិអាមេរិករូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងសិក្សារបស់សិក្ខាកាម ក៏ដូចជាចំណេះដឹងរបស់គ្រូបង្វឹកម្នាក់ៗផងដែរ ៕អត្ថបទ លី ឈុនឡា



-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល