ព័ត៌មាន
ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក តាន់ ស្រ៊ី ម៉ៃឃិល យាវ ( Tan Sri Michael Yeoh ) ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅសាជាថ្មីចំពោះ លោក Tan Sri Michael Yeoh ដែលបានអញ្ជើញមកកម្ពុជាជាថ្មីម្តងទៀត និងសម្តែងសេចក្តីសោមនស្សរីករាយចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង KSI និងកម្ពុជា ជាពិសេសការស្រាវជ្រាវ ដែលមានសារៈសំខាន់សម្រាប់កម្ពុជា ក៏ដូចជាអាស៊ាន។ សម្តេចតេជោ បានកត់សម្គាល់អំពីការប្រែប្រួលអាកាសធាតុ បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ និងបានជំរុញ ឱ្យមានការស្រាវជ្រាវ ថ្មីៗបន្ថែមទៀតលើប្រធានទៃារប្រែប្រួលអាកាសធាតុនេះ។
នាឱកាសជំនួបនេះ លោក Tan Sri Michael Yeoh បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ដែលបានអនុញ្ញាតឱ្យ លោក និងប្រតិភូ បានសម្តែងការគួរសមនាពេលនេះ។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ លោក Tan Sri Michael Yeoh បានកត់សម្គាល់ប្រកបដោយការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ។ ក្នុងឱកាសនោះផងដែរ លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI សម្រាប់អាស៊ីប៉ាស៊ីហ្វិក បានសម្តែងនូវក្តីរីករាយដោយបានចូលរួមក្នុងជំនួបនាពេលនេះ និងបានគោរពអញ្ជើញ សម្តេចតេជោធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍របស់សម្តេច នៅប្រទេសម៉ាឡេស៊ីនៅពេលវេលាសមស្របណាមួយ។
ចំណែកលោក ដាតុ ស្រ៊ី វី កា ស៊ីអុង ប្រធានសមាគមចិនម៉ាឡេស៊ី និងជាអតីតរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃសហព័ន្ធម៉ាឡេស៊ី ដែលបានធ្វើកិច្ចការជាច្រើនជាមួយកម្ពុជា បានកោតសរសើរចំពោះ សម្តេចតេជោ ដែលជាថ្នាក់ដឹកនាំដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានដឹកនាំកម្ពុជាឈានឆ្ពោះទៅមុខជានិច្ច និងដែលការអភិវឌ្ឍនេះ បានផ្តល់ផលជាវិជ្ជមានដល់អាស៊ានផងដែរ។ លោកក៏សង្ឃឹមថាការវិវឌ្ឍថ្មីៗនៅកម្ពុជា នឹងនាំមកនូវឱកាសវិនិយោគគម្រោងថ្មីៗបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ្វាន ហ្គាង (Dr. Fan Gang) ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ចិននៅទីក្រុងហ្សិនឆិន និងជានាយកវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចជាតិ ហើយក៏ជាប្រធាននៃមូលនិធិកំណែទម្រង់ប្រទេសចិន បានថ្លែងអបអរសាទរចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានជម្រាបជូន សម្តេចតេជោ ថាក្រុមការងាររបស់លោកបាននិងកំពុងពិភាក្សាពិនិត្យលទ្ធភាពផ្តួចផ្តើមគម្រោងមួយសម្រាប់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ជាពិសេសក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»។
លោក ហ្គាង ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃព្រឹត្តការណ៍នានាដែលកម្ពុជាបានរៀបចំ ជាពិសេសការទទួលរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤ ដែលមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា អាស៊ាន និងប្រទេសចិន។ តំណាងវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល បានសម្តែងនូវក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា និងជឿជាក់ថាវទិកានេះ នឹងនាំមកនូវស្ថាបនិក និងធុរជននៅអាស៊ាន និងតាមបណ្តាប្រទេសលើពិភពលោកមកកម្ពុជា ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ លោក Tan Sri Michael Yeoh និងប្រតិភូ ដែលបានអញ្ជើញមកកម្ពុជានាពេលនេះ។ ក្នុងនាមកម្ពុជា សម្តេចតេជោ បានថ្លែងអំណរគុណ លោក លោកស្រី សមាជិកគណៈប្រតិភូ ដែលបានតាមដាន និងកត់សម្គាល់អំពីការវិវត្ត និងរីកចម្រើនរបស់កម្ពុជា។ ជាមួយនឹងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងលឿននេះ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេច មិនដែលគិតថាកម្ពុជាអាចអភិវឌ្ឍ និងឈានឆ្ពោះទៅមុខបានយ៉ាងលឿនដូច្នេះនោះទេ ។ ជាក់ស្តែង ការរីកចម្រើនរបស់កម្ពុជា នេះ គឺបណ្តាលមកពីការកំណត់យុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់សម្តេច ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ សម្តេចតេជោ បាន រំឭក និងចែករំលែកពីបទពិសោធអំពីភាពជោគជ័យនៃយុទ្ធសាស្រ្តពីរមុខព្រួញ គឺ កំណែទម្រង់នយោបាយ ដោយមិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម នោះទេ និងការកែប្រែនៃសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ដោយចាប់ផ្តើមពីកំណែទម្រង់ដីធ្លី។
សម្តេចតេជោ ក៏បានពន្យល់ពីការអនុវត្តប្រកបដោយវិចារវិទ្យា នូវយុទ្ធសាស្ត្រធានាស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ដែលជា «ចុងខ្សែពីរនៃចំណងមួយ» ផងដែរ។
ជាចុងក្រោយ សម្តេចតេជោ បានជូនពរ លោក Tan Sri Michael Yeoh និងប្រតិភូ ទទួលបានជោគជ័យនូវបេសកកម្មវេទិកាកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល និងកិច្ចសហប្រតិបត្តិការវិនិយោគ៕










-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ