ព័ត៌មាន
កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET រំពឹងទាក់ទាញវិនិយោគិនកាន់តែកើនឡើងថែមទៀត មកបណ្តាក់ទុននៅកម្ពុជា
តាមរយៈកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សាគោលនយោបាយពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បង្ហាញក្តីសង្ឃឹមថា ចិននឹងទាក់ទាញវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិនឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ រៀបចំឡើងស្របពេលដែលពិភពលោកកំពុងភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមក កម្ពុជាស្វាគមន៍ចំពោះកិច្ចសន្ទនាដ៏សំខាន់នេះ ដើម្បីធ្វើការជាមួយដៃគូទាំងអស់ក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់តំបន់របស់យើង។
ឯកឧត្ដមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលខាងលើនេះ ពិតជាបាននាំមកនូវផប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ពេលដែលយើងរៀបចំសន្និសីទក្នុងកិច្ចប្រជុំបែបនេះ យើងរំពឹងថា អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា និងមកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារនៅកម្ពុជាបានដោយស្រួល ជាពិសេសការស្វែងរកកាលានុវត្តភាព។
ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ទៀតថា កិច្ចប្រជុំថ្ងៃនេះ នៅពេលខាងមុខ ប្រហែលអាចជា ៣ខែ ឬ១ឆ្នាំទៀត គេនឹងអាចមកម្ពុជា។ ប៉ុន្តែសំខាន់ចំពោះមុខ គឺគេបានមកស្រុកយើង បានឃើញស្រុកយើង។ អ្នកវិនិយោគទុនគេ មានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំនាញរបស់គេមកសិក្សា មកជួបអ្នកវិនិយោគស្រុកយើង។ ដូច្នេះ ទាល់ពេលហ្នឹង ទើបយើងឃើញសកម្មភាពជាក់ស្តែង។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ពីមុនត្រូវបានស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលនេះ ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្ដូររវាងទស្សនវិស័យលោកខាងកើត និងលោកខាងលិច។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី , ម៉ែលបូន ប្រទេសកាណាដា, ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស , ទីក្រុងឆុងឈីង , ទីក្រុងប៉េកាំង , ហុងកុង និងម៉ាកាវជាដើម៕ អត្ថបទ ឈិត បូរ៉ាវី








-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន3 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល