ព័ត៌មាន
គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល ស្នើឱ្យមានច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ
ភ្នំពេញ ៖ គណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល បានដាក់សំណើទៅសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីបង្កើតច្បាប់ភេរវកម្មដាក់ក្រុមឧទ្ទាមជ្រុលនិយមទៅជាក្រុមភេរវករ ដោយសារពួកគេតែងតែកៀរគរបង្កើតចលនាខុសច្បាប់ ញុះញង់ បំភ្លៃការពិតធ្វើឱ្យប៉ះពាល់សន្តិសុខ និងបំផ្លាញប្រទេសជាតិ។
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយបានស្នើទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិនិត្យពីលទ្ធភាពក្នុងការពន្លឿនរៀបចំតាក់តែងច្បាប់ភេរវកម្ម ដើម្បីដាក់ក្រុមឧទ្ទាមជ្រុលនិយមក្រៅច្បាប់ទៅជាក្រុមភេរវករ។
លោកបានថ្លែងថា៖«ខ្ញុំបានមើលឃើញថា ក្រុមជ្រុលនិយមបានបង្កើតអង្គការចាត់តាំងប្រកាសកៀរគរបង្កើតនូវចលនាខុសច្បាប់នានា ព្រមទាំងព្យាយាមបង្កើតព័ត៌មានញុះញង់បំភ្លៃការពិត បង្កជាព្យសនកម្មធ្ងន់ធ្ងរ ប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ»។
លោកបន្តថា៖«ពួកគេចង់ឱ្យមានភាពវឹកវរ ចលាចលដល់ប្រជាពលរដ្ឋដែលជាអំពើខុសច្បាប់ទាំងស្រុង និងជាក្រុមជ្រុលនិយមបំផ្លាញប្រទេសជាតិខ្លួនឯង។ ក្រុមនេះបានដុតរោលប្រជាជាតិ ហើយព្យាយាមរុញច្រានប្រទេសម្ពុជាឱ្យ្លាក់ចូទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជា និងប្រទេសជិតខាងជាដើម។
លើសពីនេះលោកថា៖«ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ គឺជាចេតនាខុសច្បាប់ទាំងស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបាតយ្យសេរីពហុបក្ស»។
គណបក្សរបស់លោកដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានប្ដេជ្ញារក្សាជំហរដាច់ខាតគោរពនូវខ្លឹមសារកិច្ចព្រមព្រៀង ដើម្បីជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិឱ្យបានរឹងមាំក្នុងការប្រមូលកម្លាំងស្នេហាជាតិចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សំដៅឱ្យភាពសុខសាន្ត និងការអភិវឌ្ឍរយៈពេលយូរអង្វែង។
លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យបានមើលឃើញថា ក្រុមជ្រុលនិយមក្រៅប្រទេសគឺពិតជាក្រុមបំផ្លាញប្រជាជាតិខ្មែរយ៉ាងពិតប្រាកដមែន។ កន្លងមកក្រុមជ្រុលនិយមក្រៅប្រទេសបានកសាងសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋដោយប្រើវិធីផ្សេងៗម្តងហើយម្តងទៀត។
លោកស្រីបន្តថា ពួកគេមានចេតនាផ្តួលរំលំរដ្ឋាភិបាលកម្ពុជាតាមបែបបដិវត្តន៍ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង ដុតរោលប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមសារជាថ្មីដូចជា ប្រឌិតបំភ្លៃពីរាជរដ្ឋាភិបាលកម្ពុជាប្រគល់កោះគុតទៅឱ្យភាគីថៃ ប្រគល់កោះត្រល់ទៅឱ្យវៀតណាម ជីកព្រែកហ្វូណនតេជោ ដើម្បីកាត់ដីឱ្យបរទេស និងរិះគន់តំបន់កិច្ចសហប្រតិបត្តិការ CLV-DTA។ ដូច្នេះសកម្មភាពរបស់ក្រុមជ្រុលនិយមក្រៅប្រទេសទាំងអស់នេះ គឺមានគោលបំណងបំផ្លាញនូវសន្តិភាព និងភាពសុខដុមរមនាទាំងមូលរបស់ប្រជាជនដែលកំពុងរស់នៅក្រោមដំបូលសន្តិភាព។
លោកស្រីបន្ថែមថា៖«យើងខ្ញុំសូមប្រកាសគាំទ្រចំពោះប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងស្នើឱ្យមានការតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជាក្រុមភេរវកម្មក្នុងការធានាបានូវសន្តិភាព ពសុខសាន្ត ដល់ប្រជាជាតិកម្ពុជា និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»។
ចំណែកលោកបណ្ឌិត ហ៊ាន គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរក៏បានដាក់លិខិតផ្លូវការជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីស្នើបង្កើតឱ្យមានច្បាប់ភេរវកម្មនេះដែរ ដោយលោកបានចាត់ទុកក្រុមឧទ្ទាមក្រៅច្បាប់ជាក្រុមភេរវករដែលប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជា។
លោកបណ្ឌិតបានអះអាងថា ពួកគេបានបង្កើតអង្គការចាត់តាំងនយោបាយដោយខុសច្បាប់នៅក្រៅប្រទេស ហើយធ្វើសកម្មភាពនយោបាយដែលជាចេតនាចង់បំផ្លាញសុខសន្តិភាពតាមរយៈអំពាវនាវឃោសនាព័ត៌មានបំផុសបំផុលឱ្យប្រជាជន និងកងកម្លាំងជាតិបះបោរផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតដោយស្របច្បាប់។
លោកបណ្ឌិតបានប្ដេជ្ញាប្រគៀកស្មាជាមួយគណបក្សប្រជាជនកម្ពុជា ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម សាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
លោកបណ្ឌិតបញ្ជាក់ថា៖«យើងត្រូវតែរួបរួមគ្នា ដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីកម្ពុជា។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន»៕



-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ