ព័ត៌មាន
ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្មបង្ហាញវឌ្ឍនភាពសាងសង់ផ្លូវក្រវាត់ព្រំដែន គិតត្រឹមថ្ងៃទី២៧ ខែធ្នូនេះ
ក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានរម្លឹកថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ។ គិតមកត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារបានចាត់តាំងក្រុមការងារទំនាក់ទំនងសាធារណៈ នៃក្រុមការងារចំពោះកិច្ចឱ្យចុះសហការជាក់ស្តែងនៅការដ្ឋានសាងសង់ និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីធានាទទួលបានព័ត៌មានសីពីល្ធផល និងរូបភាព រួធ្វើការផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប់ជាប្រចាំ។
ចំពោះការងារកសាងហេដ្ឋារចនាសម្ព័ន្ធ, ក្រុមការងារបានបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចបានលើផ្ទៃដីទំហំ ១.៤៦២.៥០០ ម៉ែត្រការ៉េ ដោយ ក្នុងនោះ នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី សម្រេចបានផ្ទៃដីទំហំ ១.២២៥.០០០ ម៉ែត្រការ៉េ និងនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី សម្រេចបានផ្ទៃដីទំហំ ២៣៧.៥០០ម៉ែត្រការ៉េ។ ជាលទ្ធផលក្នុងការរាវរក គឺបានរកឃើញគ្រាប់គ្រប់ប្រភេទចំនួន ២៣ គ្រាប់ ក្នុងនោះមានគ្រាប់ប្រភេទប៊ុមប៊ី ឬគ្រាប់បែកចង្កោម ចំនួន ៦ គ្រាប់។ ចំពោះមុខកម្លាំងជំនាញនៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បាននិងកំពុងបន្តរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមគោលដៅការដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់។
ចំណែកការងារឈូសឆាយក្រុមការងារបានឈូសឆាយបើកមុខទទឹង៥ម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង សម្រេចបានប្រវែង ៥៨,៥ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៤៩ គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៩,៥គីឡូ ម៉ែត្រ)។ ឈូសផ្លូវទទឹង ២០ ម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលងអូរ បន្ទាបចំណោទភ្នំ សម្រេចបានប្រវែង ៣៦,៦០ គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ២៧,៩០គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៨,៧គីឡូម៉ែត្រ) ធ្វើប្រឡាយ សម្រេចបានប្រវែង ៣០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគីរី សម្រេចបានប្រវែង ២២,៦០ គីឡូមែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៧,៦០គីឡូមែត្រ) កសាងតួផ្លូវ និងចិតជញ្ជាំងភ្នំ សម្រេចបានប្រវែង ២៥ គីឡូម៉ែត្រ(ខេត្តមណ្ឌលគិរី សម្រេច បានប្រវែង ២២គីឡូម៉ែត្រ, ខេត្តរតនគិរី សម្រេចបានប្រវែង ៣គីឡូម៉ែត្រ) ក្រាលល្បាយកំទេចថ្មស្ថាពរ សម្រេចបានប្រវែង ១០,២០គីឡូម៉ែត្រ (ខេត្តមណ្ឌលគិរី)។
ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្ម នៅតាមការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន បានប្តេជ្ញាខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការកសាងផ្លូវក្រវាត់ព្រំដែនជាប្រវត្តិសាស្ត្រនេះ៕










-
ព័ត៌មាន6 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន5 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន4 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន5 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
កីឡា1 week agoថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ ជឿជាក់នឹងភាពរីកចម្រើនមិនអាចប្រកែកបាន នៃបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម សៅ សុខា