ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុនប្លុកឆេនកំពុងស្វែងរកឱកាសវិនិយោគវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា និងនាំចេញបន្ទះសូឡាផលិតនៅកម្ពុជាទៅអាមេរិក
នៅព្រឹកថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc និង ភរិយារបស់លោក គឺ លោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ ព្រមទាំងក្រុមគ្រួសារ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយចំពោះ លោក Chris Larsen និងក្រុមគ្រួសារ ដែលបានមកលេង និងស្នាក់នៅភ្នំពេញ។ សម្តេចតេជោ បានបញ្ជាក់ថា ជំនួបនេះគឺជាជំនួបលក្ខណៈគ្រួសារ ពីព្រោះភរិយារបស់លោក គឺលោកស្រី Lyna Lam មានដើមកំណើតខ្មែរ និងកាន់ព្រះពុទ្ធសាសនាដូចសម្តេចដែរ។ ជាមួយនេះដែរសម្តេច បានកោតសរសើរចំពោះ លោកស្រី ដែលបានពុះពារតស៊ូជំនះឧបសគ្គជាច្រើនរហូតបានទៅរស់នៅសហរដ្ឋអាមេរិក (ស.រ.អា) ក្នុងកាលៈទេសៈដែលកម្ពុជាទើបចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
នាឱកាសជំនួបនេះ លោក Chris Larsen បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបរូបលោក និងក្រុមគ្រួសារ ក្នុងអំឡុងពេលនៃការស្នាក់នៅរាជធានីភ្នំពេញ និងបានលើកឡើងថា លោក បានមើលឃើញផ្ទាល់អំពីភាពរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ជាពិសេស សេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះកើនឡើងជាលំដាប់។

លោក Chris Larsen បញ្ជាក់បន្ថែមថា លោក និងក្រុមគ្រួសារនឹងខិតខំធ្វើគ្រប់យ៉ាងដើម្បីរួមចំណែកពង្រឹង និងពង្រីកនូវទំនាក់ទំនងអាមេរិក-កម្ពុជា ជាពិសេសក្នុងសករាជនៃរដ្ឋបាលថ្មីរបស់ប្រធានាធិបតី Donald Trump តាមរយៈទំនាក់ទំនងធុរកិច្ច។ លោកបន្តថា លោកកំពុងស្វែងរកនូវកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងគ្នានេះដែរ លោកស្រី Lyna Lam បានជម្រាបជូន សម្តេចតេជោ ថា ក្នុងនាមជាជនជាតិខ្មែរ លោកស្រី ងក្រុមគ្រ បានមកស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ហើយលោកស្រីបាននិងកំពុងជំរុញការថែរក្សានូវទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងមរតកដូនតាខ្មែរដ៏ល្អផូរផង់សម្បូរបែប តាមរយៈមូលនិធិព្រះពុទ្ធសាសនាខ្មែររបស់លោកស្រីនៅសហរដ្ឋអាមេរិក។ លោកស្រី បានជម្រាបជូន សម្តេចតេជោ អំពីគំនិតផ្តួចផ្តើមរបស់លោកស្រី និងក្រុមគ្រួសារ ក្នុងការចូលរួមលើកកម្ពស់វិស័យព្រះពុទ្ធសាសនា តាមរយៈការកសាងវត្តធំជាងគេមួយកន្លែងនៅស.រ.អា នៅទីក្រុងសាន ហូស៊េ (San Jose) រដ្ឋកាលីហ្វ័រញ៉ា។ គោលបំណងសំខាន់នៃការសាងសង់វត្តនេះ គឺសម្រាប់ទុកប្រើប្រាស់ជាប្រយោជន៍រួមដល់សហគមន៍ខ្មែរ គោរពប្រតិបត្តិព្រះពុទ្ធសាសនា, សម្រាប់ជាកន្លែងបណ្តុះបណ្តាលព្រះសង្ឃខ្មែរ, សម្រាប់កម្មវិធីផ្លាស់ប្តូរព្រះសង្ឃ ជាពិសេសព្រះសង្ឃនិមន្តមកពីកម្ពុជា និងសម្រាប់ដាក់តម្កល់ និងថែរក្សាឯកសារពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណីខ្មែរ។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ លោក Chris Larsen ចំពោះការកត់សម្គាល់ជាវិជ្ជមាននៃការរីកចម្រើននិងការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចតេជោ ក៏បានគូសបញ្ជាក់ថា សម្តេច បានធ្វើការជាមួយនឹងថ្នាក់ដឹកនាំអាមេរិក ចាប់តាំងពីរដ្ឋបាលប្រធានាធិបតី Gorge H. W. Bush រហូតមកដល់ពេលបច្ចុប្បន្ន ជាពិសេស ធ្លាប់បានជួបប្រាស្រ័យផ្ទាល់ចំនួនពីរដងជាមួយ លោក ដូណាល់ ត្រាំ នៅពេលលោកជាប្រធានាធិបតី ក្នុងរដ្ឋបាលទី១របស់លោក។ សម្តេចបន្តថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ ស.រ.អា ជាពិសេស ការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។
សម្តេចតេជោ បានបន្តថា សម្តេចមានក្តីរីករាយ និងគាំទ្រ លោក Chris Larsen ចំពោះការស្វែងរកនូវកាលានុវត្តភាពថ្មីៗក្នុងការនាំចេញនូវបន្ទះសូឡាពីកម្ពុជាទៅសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា កម្ពុជាមិនមានគោលនយោបាយស្តីពីឧបត្ថម្ភធនដល់សហគ្រាសឯកជន សម្រាប់ការផលិតនំាចេញនោះទេ ដែលវាពិតជាផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)។
សម្តេច បានសម្តែងការគាំទ្រផងដែរដល់ លោក Chris Larsen នបង្ហាញពីំណងក្នុងការចូលរួមចំណែកពង្រឹងទំនាក់ទំនងរវាងកម្ពុជា និង ស.រ.អា តាមរយៈវិស័យធុរកិច្ច ដោយបានគូសបញ្ជាក់ថា កម្ពុជាតែងតែត្រូវការ និងស្វាគមន៍ជានិច្ច វិនិយោគិនពី ស.រ.អា។ ជាមួយគ្នានេះដែរសម្តេចតេជោ បានថ្លែងអំណរគុណ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់លោកស្រី Lyna Lam ទោះបីរស់នៅសហរដ្ឋអាមេរិកយូរយ៉ាងណាក្តី។ សម្តេចតេជោ បានបន្ថែមថា សម្តេចពិតជារីករាយ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម និងសកម្មភាពរបស់លោកស្រី និងក្រុមគ្រួសារ ក្នុងការថែរក្សាអភិរក្ស លើកកម្ពស់ និងអភិវឌ្ឍវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដើមដ៏ចំណាស់របស់យើង ដើម្បីទុកជាកេរ្តិ៍មរតកសម្រាប់បងប្អូនខ្មែរយើង ទោះបីយើងរស់នៅទីណាកន្លែងណាក៏ដោយ យើងរួមគ្នា និងជួយគ្នា ក្នុងនាមជាជនជាតិខ្មែរតែមួយ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN