ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង អោយអាជ្ញាធរឃុំស្រុកជាប់ដងទន្លេសាប ផ្សព្វផ្សាយអោយអ្នកនេសាទយល់ដឹងពីច្បាប់ និងប្រតិបត្តការរបស់កម្លាំងកងទ័ព
កំពង់ឆ្នាំង៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង ជាមួយកម្លាំងកងទ័ព ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងពង្រឹងការបង្ក្រាបបទល្មើសនេសាទ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានណែនាំអោយអាជ្ញាស្រុកឃុំដែលមានភូមិសាស្ត្រជាប់ដងទន្លេ ត្រូវណែនាំអ្នកនេសាទអោយយល់ពីច្បាប់ស្តីពីជលផល និងប្រតិបត្តការបង្ក្រាបបទល្មើសរបស់កម្លាំងកងទ័ពនាពេលនេះ ព្រោះទន្លេសាប និងបឹងទន្លេសាប មិនអាចទុកអោយមានបទល្មើសនេសាទនៅច្រើនបែបនេះទៀតឡើយ។
ក្នុងពិធីនេះមានវត្តមានឯកឧត្តម ស៊ីវ រ៉ុន ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការភូមិភាគ៥, លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង, អនុប្រធានរដ្ឋបាលជលផល, ប្រធានមន្ទីរកសិកម្ម អភិបាលស្រុកក្រុងទាំង៦ កម្លាំងកងទ័ព និងមេឃុំ។
លោកមេឃុំមួយចំនួនបានថ្លែងថា៖ តាំងពីកម្លាំងកងទ័ពបានចេញប្រតិបត្តការបង្ក្រាបបទល្មើសនៅចំណុច ក ដបនៃបឹងទន្លេសាប នៅតាមដងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងមក ត្រីតូចធំត្រូវបានប្រជានេសាទលក្ខណៈគ្រួសារ នេសាទបានច្រើនជាងមុន និងធ្វើអោយប្រជានេសាទទាំងអស់សប្បាយចិត្តក្នុងការដាក់មងចងសន្ទូច។ មេឃុំមួយចំនួនទៀត បាននិយាយពីសំណូមពររបស់អ្នកនេសាទ ដោយបានសុំប្រវែងរបាំងក្នុងរដូវបើក និងរដូវបិទនេសាទ និងសុំធ្វើសម្រាស់១រដូវសិនជាដើម។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការភូមិភាគ៥ បានសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ជួយសង្គ្រោះបឹងទន្លេសាប និងទន្លេសាប អោយរស់ឡើងវិញ កុំអោយកូនចៅជំនាន់ក្រោយថាអោយយើង មិនចេះការពារនូវបឹងធម្មជាតិទឹកសាបរបស់យើង។ កន្លងមក ទាំងនៅខេត្តកំពង់ឆ្នាំង និងខេត្តពោធិសាត់ ប្រជានេសាទលក្ខណៈគ្រួសារ មិនអាចនេសាទនៅក្បែរសម្រាស់ របាំង ឬដាយ របស់ក្រុមឈ្មួញបានទេ ដោយពួកគេបានដេញពួកគាត់មិនអោយនេសាទ ប៉ុន្តែក្រោយពីកម្លាំងកងទ័ពបានចេញប្រតិបត្តការបង្ក្រាបបទល្មើសទាំងនោះ បែរជាមានប្រជានេសាទលក្ខណៈគ្រួសារមកនេសាទកាន់តែច្រើនឡើង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានប្រាប់ទៅចៅហ្វាយស្រុក មេឃុំ និងសមត្ថកិច្ចជំនាញជលផល ត្រូវបន្តចុះផ្សព្វផ្សាយអោយអ្នកនេសាទទាំងអស់ យល់ដឹងពីច្បាប់ស្តីពីជលផល និងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទរបស់កម្លាំងកងទ័ពនាពេលនេះ ។ មិនត្រូវជួយការពារបទល្មើសនេសាទដោយសារតែ អ្នកល្មើសនោះត្រូវជាបងប្អូន សាច់ញាតិ នោះឡើយ។ ប្រសិនបើឯកឧត្តមដឹងថា ចៅហ្វាយស្រុក មេឃុំ ឬមន្ត្រីណា ហ៊ានលូកដៃក្នុងការងាររបស់កម្លាំងកងទ័ពកំពុងបង្ក្រាបនេះ ឯកឧត្តមមិនទុកតំណែងអ្នកនោះឡើយ។
បទល្មើសសម្រាស់ គឺជាបទល្មើសនេសាទមួយដែលបង្ករការវិនាសធ្ងន់ធ្ងរដល់ពូជត្រី ធ្វើអោយទន្លេគោករាក់ ការផ្លាស់ប្តូរចរន្តទឹកហូរ ជាពិសេសបានបំផ្លាញព្រៃលិចទឹកអស់គ្មានសល់ផងដែរ ព្រោះសម្រាស់ធំៗនៅគ្រប់ទីតាំង សុទ្ធតែមានមែកឈើជាព្រៃលិចទឹកធំៗ និងមិនអាចយកចេញបានត្រឹមតែ៥ថ្ងៃ ឬ១សប្តាហ៍បានឡើយ៕ កាំង ហុងវាស្នា



-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ