ព័ត៌មាន
ថ្ងៃសម្រាកបុណ្យអុំទូក៖ ពលរដ្ឋនាំគ្រួសារពីខេត្តមកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ
នៅក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ ប្រជាពលរដ្ឋ ស្កាត់នាំក្រុមគ្រួសារពីបណ្ដាខេត្ត មកឈ្វេងយល់ប្រវត្តិសាស្រ្ដនៅសារមន្ទីរជាតិ រាជធានីភ្នំពេញ។
ពលរដ្ឋរស់នៅខេត្តកំពត និងខេត្តលណ្ដាល បានប្រាប់ BTV នៅថ្ងៃទ២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ក្នុងឱកាសថ្ងៃឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ពួកគាត់សម្រេចចិត្តនាំក្រុមគ្រួសារមកលេងភ្នំពេញ ដើម្បីទស្សនាទីតាំងប្រវត្តិសាស្រ្ដមួយចំនួន ពិសេសគឺនៅសារមន្ទីរជាតិ ដែលកំពុង តាំងពិព័រណ៌គ្រឿងអលង្ការបុរាណ។ ពួកគាត់ប្រាប់ថា ការនាំក្រុមគ្រួសារ មកមើលការតាំងពិព័រណ៍ គ្រឿងអលង្ការបុរាណ ដែលជាមរតកដូនតា នៅសារមន្ទីរជាតិព្រោះចង់ឱ្យកូន និងចៅ បានឃើញ និងស្គាល់រតនវត្ថុខ្មែរ ដើម្បីឱ្យពួកគេចូលរួមថែរក្សា អភិរក្សមរតកដូនតាឱ្យគង់វង្សទៅថ្ងៃអនាគត។

លោកស្រី យ៉ង់ ប៉ូលី ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាអតីតគ្រូបង្រៀន បានប្រាប់ BTV នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ថា លោកស្រីបានប្រាប់ឱ្យកូនស្រីជូនមកទស្សនា រតនវត្ថុរបស់ដូនតាខ្មែរ ដែលរកឃើញពីតំបន់នានា និងយកពីបរទេសត្រឡប់មកកម្ពុជាវិញ។ លោកស្រីមានអារម្មណ៍ក្ដុកក្ដួលខ្លាំង ស្រណោះសម្បត្តិជាតិដែលបាក់បែកពីកន្លែងដើម ប៉ុន្ដែលោកស្រីក៏មានមោទនភាពខ្លាំងដែរ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រមូលផ្ដុំរតនវត្ថុដែលជាសម្បត្តិជាតិមកពីគ្រប់ទីកន្លែង។
លោកស្រី យ៉ង់ ប៉ូលី ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងជាអតីតគ្រូបង្រៀន ៖ «ខ្ញុំចង់ឃើញ វត្ថុបុរាណខ្មែរមានអ្វីខ្លះ។ តាមពិតខ្ញុំធ្លាប់ឃើញហើយ តែមិនទាន់អស់ព្រោះរដ្ឋរកឃើញថ្មីៗទៀត ដោយសារថ្ងៃនេះបុណ្យអុំទូកផង កូនសម្រាកការងារ»។

លោកស្រី ពេជ្រ ពលរដ្ឋរស់នៅខេត្តកំពត ប្រាប់ថា លោកស្រីមិនធ្លាប់បានមកដល់សារមន្ទីរជាតិនេះទេ ហើយឆ្លៀតឱកាសបុណ្យអុំទូកកូនឈប់សម្រាកការងារ អ្នកស្រីក៏ឆ្លៀតមកឱ្យបានម្ដងមើលពីរតនវត្ថុដែលជាសម្បត្តិជាតិ។ អ្នកស្រីប្រាប់ថា អារម្មណ៍រំភើបដែលបានឃើញមរតកបន្សល់ពីដូនតាមកបែបនេះ។
លោកស្រី ពេជ្រ ពលរដ្ឋរស់នៅខេត្តកំពត ៖«ខ្ញុំនៅកំពត ថ្ងៃនេះខ្ញុំមកមើលនៅសារមន្ទីរជាតិមើលវត្ថុបុរាណពីសង្គចាស់។ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ខ្ញុំមិនដែលបានមកទេតាំងពីក្មេងមកដល់អាយុជាង ៧០ឆ្នាំនេះទើបបានមក។ ខ្ញុំបានឃើញតាមទូរស័ព្ទ គេបើកឱ្យចូលមើលវត្ថុបរាណ ទោះអត់លុយក៏មកដែរ។ ការបង្ហាញបែបនេះធ្វើឱ្យយុវជននឹងចូលរួមថែរក្សាការពារឱ្យគង់វង្ស»។

លោក សុន ចាន់រតនៈវិសាល យុវជនរស់នៅរាជធានីភ្នំពេញ ប្រាប់ថា លោកចង់មកឃើញផ្ទាល់ពីសិលាចរិតបុរាណ និងរតនវត្ថុដែលបព្វបុរសបន្សល់ទុកមក។ សម្រាប់លោកពិតជាមានមោទនភាពចំពោះស្នាដៃរបស់ដូនតា។ ក្នុងនាមយុវជនលោក នឹងបន្តចូលរួមផ្សព្វផ្សាយ អភិរក្សមរតកដូនតាឱ្យគង់វង្សបន្តទៅថ្ងៃអនាគត។
លោក សុន ចាន់រតនៈវិសាល យុវជនរស់នៅរាជធានីភ្នំពេញ ៖«ខ្ញុំចាប់តាំងពីបោះជំហានចូលដល់ក្នុងសារមន្ទីរជាតិ ពិតជាមានអារម្មណ៍មោទនភាពខ្លាំង ដែលបានឃើញមរតករបស់ដូនតា។ ហើយតាមដែលខ្ញុំបានដើរមើលឃើញថា អស្ចារ្យ មិនថា ផ្ទាំងសិលាចរិក និងរូបសំណាក់ គឺល្អខ្លាំង។ ខ្ញុំឃើញថា មរតកដូនតាដែលអាចបន្សល់ទុកមកបាន គឺព្រោះរាជរដ្ឋាភិបាលខិតខំខ្លាំង ទើបអាចទុកឱ្យពលរដ្ឋ ពិសេសយុវជនដូចខ្ញុំបានឃើញពេលនេះ។ ខ្ញុំក៏ដូចជាយុវជនផ្សេងៗទៀត ប្ដេជ្ញាចូលរួមថែរក្សាសម្បត្តិជាតិនេះឱ្យគង់វង្ស»។

ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង បានបង្ហាញអារម្មណ៍មោទនភាព នៅពេលបានមកឃើញផ្ទាល់ នៅរតនវត្ថុរបស់បព្វបុរសជាច្រើនសម័យកាលនៅសារមន្ទីរជាតិពេលនេះ។ អាណិកជនខ្មែរនៅបារាំង បានផ្ញើសារដល់ពលរដ្ឋខ្មែរកំពុងរស់នៅបរទេសផ្សេងៗទៀត មកលេងប្រទេសកំណើតមើលពីការអភិវឌ្ឍជាតិដែលកំពុងរីកច្រើនក្រោមម្លប់សន្តិភាព។
លោកស្រី សម ស៊ីផន ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ៖«ខ្ញុំថាជាឱកាសល្អបំផុត ដែលបង្ហាញឱ្យពលរដ្ឋបានឃើញ នូវវត្ថុបុរាណរបស់ខ្មែរ។ ខ្ញុំឃើញខាងក្នុងមានបង្ហាញនូវសម្បត្តិមហាសាលរបស់ខ្មែរ ខ្ញុំជឿជាក់ថា កូនខ្មែរនឹងថែរក្សាវប្បធម៌ មរតកដូនតាបានល្អទៅមុខទៀត។ សូមអរគុណរាជរដ្ឋាភិបាលដែលខិតខំការពារ និងស្វះស្វែងរកត្រឡប់មកវិញនូវសម្បត្តិជាតិដែលបានរសាត់អណ្ដែតពីប្រទេសយើងទៅ»។
លោក ម៉ម ប៊ុនថាន់ ពលរដ្ឋខ្មែររស់នៅប្រទេសបារាំង ៖«ខ្ញុំសប្បាយចិត្តបានឃើញនៅសម្បត្តិរបស់បុព្វបុរសនៅទីនេះ។ ខ្ញុំសូមអំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ពិសេសយុវជន មកលេងកម្ពុជា មកមើលការអភិវឌ្ឍ និងឈ្វេងយល់ពីប្រវត្តិសាស្រ្ដខ្មែរ ដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌ និងមរតកដូនតាឱ្យគង់វង្ស»។
សកម្មភាព នៃការនាំក្រុមគ្រួសារមកឈ្វេងយល់ប្រវត្តិសាស្រ្ដនាឱកាសបុណ្យជាតិដ៏ធំនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្សារភ្ជាប់គ្នារវាងការកម្សាន្ដ និងការអប់រំ ព្រមទាំងការឱ្យតម្លៃខ្ពស់លើ អត្តសញ្ញាណ និងប្រវត្តិសាស្រ្ដជាតិ ពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ។
សូមជម្រាបជូនដែរថា សារមន្ទីរជាតិ បានរៀបចំពិព័រណ៌មិនអចិន្រ្ដៃយ៍ ស្ដីពីគ្រឿងអលង្ការបុរាណ ដោយដាក់តាំងបង្ហាញនូវ រតនវត្ថុខ្មែរ ដែលមានប្រភពមកពីច្រើនសម័យកាល និងច្រើនទីតាំងផ្សេងគ្នា តាំងពីសម័យបុរេប្រវត្តិសាស្រ្ដ ដល់សម័យក្រោយអង្គរ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ លៀ ស៊ីណា




-
ព័ត៌មាន4 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន4 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន4 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន4 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន4 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»