ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងអភិបាលខេត្តកំពង់ឆ្នាំងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩៨២៥ បណ្ណជូនពលរដ្ឋ ចំនួន ៤១៩៩ គ្រួសារ ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ
នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស និងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩ ៨២៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៤ ១៩៩ គ្រួសារ នៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ឯកឧត្តម តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦៥៧នាក់។
ជាកិច្ចចាប់ផ្ដើម លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍សង្ខេបស្ដីពី លទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយបានបញ្ជាក់ថា ការចែកបណ្ណជូនប្រជាពលរដ្ឋនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នាថ្ងៃនេះមានចំនួន ៥ភូមិ សរុបចំនួន ៩ ៨២៥បណ្ណ ស្មើនឹង ៤ ១៩៩គ្រួសារ ក្នុងនោះមាន ភូមិចំការស្វាយ មានចំនួន ៣ ០៦៩បណ្ណ ស្មើនឹង ១ ១៨៤គ្រួសារ, ភូមិខ្នាច មានចំនួន ២ ០៦៩បណ្ណ ស្មើនឹង ៨២០គ្រួសារ, ភូមិវត្តសេដ្ឋី មានចំនួន ១ ៤៩៧បណ្ណ ស្មើនឹង ៨១៥គ្រួសារ, ភូមិអង្គ្រង មានចំនួន ១ ១៦៤បណ្ណ ស្មើនឹង ៥៣៣គ្រួសារ, និងភូមិពារាជ្យ មានចំនួន ២ ០២៦បណ្ណ ស្មើនឹង ៨៤៧គ្រួសារ។
បន្ទាប់មក ឯកឧត្តម ស៊ុន ស៊ុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារចុះបញ្ជីដីធ្លី ដែលបានប្រឹងប្រែងខិតខំបំពេញភារកិច្ច ធ្វើឱ្យសម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ និងបានសម្ដែងនូវការអបអរសារទរ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីនាឱកាសនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីដែលផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនាឱកាសនេះ។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ និងការស្វាគមន៍រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា អង្គពិធីដ៏អធិកអធម និងមានអត្ថន័យនាថ្ងៃនេះ ប្រព្រឹត្តឡើងបានដោយសារគុណបំណាច់នៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលកើតចេញពីពលីកម្មយ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ដ្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញចូលរួមក្នុងពីធីនេះផ្ទាល់។
ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលសម្រេចបានជាបន្ដបន្ទាប់នៅទូទាំងខេត្តកំពង់ឆ្នាំង ជាពិសេស ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានលឿន និងមានប្រសិទ្ធភាព។
ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្ដទៀតថា ការងារចុះបញ្ជីដីធ្លី និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាផ្នែកមួយដើម្បីធានាបាននូវសុវត្ថិភាពដីធ្លី បញ្ចៀសបាននូវរាល់ទំនាស់ដីធ្លី ទំនាស់ព្រំដី, ជាវត្ថុសម្គាល់កម្មសិទ្ធិករស្របច្បាប់ពេញលេញ ជូនអ្នកកាន់កាប់ និងអាចយកទៅប្រើប្រាស់តាមតម្រូវការ, ចូលរួមចំណែកធ្វើឱ្យតម្លៃដីអចលនទ្រព្យកើនឡើង, ជាការកំណត់ប្រភេទដី, បង្កភាពងាយស្រួលក្នុងការគ្រប់គ្រង និងរៀបចំដីធ្លីឱ្យមានសណ្តាប់ធ្នាប់ល្អ និងសម្រួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប,និងជាផ្នែកមួយនៃការផ្តល់សេវាសាធារណៈផ្ទាល់ដៃជូនដល់ប្រជាពលរដ្ឋប្រកបដោយជំនឿទុកចិត្ត។ ជាមួយគ្នានោះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្តល់អនុសាសន៍ជូនដល់ក្រុមការងារបច្ចេកទេស ត្រូវបន្តជំរុញបញ្ចប់ការងារវាស់វែងតាមផែនការដែលបានកំណត់ ដើម្បីឈានទៅរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋ និងសម្រេចបានខេត្តកំពង់ឆ្នាំង ជាខេត្តបន្ទាប់ បានបញ្ចប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ១០០% ព្រមទាំងបានផ្ដាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព៕










-
ព័ត៌មាន6 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន6 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥