Connect with us

ព័ត៌មាន

អគ្គមេបញ្ជាការកងទ័ពកកម្ពុជាជួបពិភាក្សាការងារជាមួយមេបញ្ជាការកងទ័ពជើងគោកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្លាក (RONALD P. CLARK) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដោយកិច្ចជំនួបនោះបានពិភាក្សាគ្នាជា ច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ និងក៏បានពិភាក្សាអំពីការរៀបចំធ្វើសមយុទ្ធឆ្មាំអង្គររបស់កងទ័ពនៃប្រទេសទាំងពីរឡើងវិញផងដែរ ក្រោយខកខានអស់រយៈពេល៨ឆ្នាំ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ និងអបអរសាទរនាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក ដែលត្រូវបានតែងតាំងជាមេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក និងបានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅពេលនេះ ថាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរប្រកបដោយភាពជឿទុកចិត្តគ្នា។ ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងដំណើរការបង្រួបបង្រួមជាតិ ការកសាងនិងថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រួមនឹងការអភិវឌ្ឍកម្ពុជាលើវិស័យមួយចំនួនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ សុខាភិបាល ដោះមីន មនុស្សធម៌ និងការធ្វើមាតុភូមិនិវត្តន៍សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក តាមរយៈការបំពេញទស្សនកិច្ចជាបន្តបន្ទាប់របស់មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក នៅកម្ពុជា ការចូលចតនាវានៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងយោធពលខេមរភូមិន្ទបានបញ្ជូនប្រតិភូទៅចូលរួមកម្មវិធីនានាដែលរៀបចំឡើងដោយកងទ័ពសហរដ្ឋអាមេរិកជាដើម។ ឯកឧត្តមបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ឡើងវិញសម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គការពារជាតិ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើផ្នែកសន្តិសុខ ប្រឆាំងភេរវកម្ម និងភាសាអង់គ្លេស ដល់នាយទាហានកម្ពុជា ដើម្បីពង្រឹងបន្ថែមសមត្ថភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានសំណូមពរកិច្ចការមួយចំនួនដើម្បីបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដូចជាការផ្លាស់ប្តូរទស្សនកិច្ចយោធាគ្រប់កម្រិត ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រភេទទ័ពនិងប្រភេទទ័ព កិច្ចសន្ទនារវាងកងទ័ពជើងគោកប្រទេសទាំងពីរ ការបង្កើនវគ្គបណ្តុះបណ្តាលបណ្ឌិតសភាយោធាតាមបណ្តាប្រភេទទ័ព រួមនឹងវគ្គទំនាញមួយចំនួនទៀត។ ទន្ទឹមនេះ ឯកឧត្តមបានសំណូមពរ ពិនិត្យនិងពិភាក្សាពីលទ្ធភាពក្នុងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ ដូចជាសមយុទ្ធឆ្មាំអង្គរ ដែលបានអាក់ខានតាំងពីឆ្នាំ២០១៧ ការបន្តកិច្ចសហការក្នុងស្មារតីមិត្តភាព ដូចជាការផ្លាស់ប្តូរព័ត៌មានដើម្បីទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានថ្លែងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការ ដែលបានលើកឡើងពីសំណូមពរនានានៅកិច្ចការដែលកងទ័ពប្រទេសទាំងពីរអាចធ្វើការជាមួយគ្នា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានសន្យាថានឹងពាំនាំនូវសំណូមពរទាំងនេះទៅពិភាក្សានៅឯបញ្ជាការក្នុងនោះផ្ដោតសំខាន់លើការបង្កើនទំនាក់ទំនងទ្វេភាគី ការផ្លាស់ប្ដូរព័ត៌មាន ការបណ្ដុះបណ្ដាលក្នុងវិស័យផ្សេងៗ និងការប្រឆាំងភេរវកម្មជាដើម។ លោកមេបញ្ជាការកងទ័ពជើងគោកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលខុសត្រូវដល់បុគ្គលិកជនជាតិអាមេរិកបាត់ខ្លួនលើទឹកដីកម្ពុជា ក្នុងការបន្តស្វែងរកអដ្ឋិធាតុដើម្បីប្រគល់ជូនដល់ក្រុមគ្រួសារអ្នកទាំងនោះវិញ។

ចំពោះសំណូមពរធ្វើសមយុទ្ធឆ្មាំអង្គររួមគ្នាឡើងវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ រ៉ូណាល់ ក្អាក បានគូសបញ្ជាក់ពីកិច្ចពិភាក្សាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនោះសហរដ្ឋអាមេរិក បានធ្វើការពិភាក្សាអំពីគោលនយោបាយ ដើម្បីធានាថាកងទ័ពប្រទេសទាំងពីរអាចចាប់ផ្ដើមធ្វើសមយុទ្ធនេះបាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត៕

អត្ថបទបាន ចក់រូបភាព កងទ័ព(រូបភាពវង្ស ពិសេន)

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia