ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូ CfRIV ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CfRIV) ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ និងជួបសំណេះសំណាលជាមួយអ្នកទទួលផល និងជនរងគ្រោះថ្នាក់ដោយសារមីន ស្ថិតក្នុងភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្ត បាត់ដំបង។ ចម្ការមីនដែលចុះពិនិត្យ ប្រតិបត្តិការបោសសម្អាតដោយអង្គភាពស៊ីម៉ាក់ និងគាំទ្រដោយគម្រោង CfRIV ដែលផ្តល់ថវិកាជំនួយដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), ប្រទេសអូស្រ្តាលី, សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ KOICA និងប្រទេសណូវែលហ្សេឡង់។

ក្នុងការចុះពិនិត្យនេះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងរដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សេឡង់ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ដែលតែងតែផ្តល់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរស និងឈរក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ដើម្បីសុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ជាពិសេសចូលរួមក្នុងការអនុវត្តគោលនយោ បាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករជាតិដ៏ឆ្នើម ក្នុងការរំដោះផ្ទៃដីចេញពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមអស់រយៈពេលជាង ៣០ឆ្នាំ មក នេះ។ ជាមួយគ្នានោះ ឯកឧត្តម បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់អ្នកបោសសម្អាតមីនដ៏ឆ្នើមរបស់អង្គភាពស៊ីម៉ាក់ ក្នុងខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ។

តំណាងម្ចាស់ជំនួយបោសសម្អាតមីន បានថ្លែងបញ្ជាក់ថា ប្រទេសជាមិត្ត និងគ្រប់ដៃគូទាំងអស់ ពេញចិត្តនឹងចូលរួមក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅក្នុងតំបន់សំឡូត ក៏ដូចជាគ្រប់តំបន់ទាំងអស់នៅទូទាំងប្រទេស ក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន លប់បំបាត់ទុក្ខវេទនា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជំរុញឲ្យប្រជា ពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រើប្រាស់ផ្ទៃដីបោសសម្អាតរួច ឲ្យ បានច្រើន និងគ្រប់ៗគ្នា ដោយមិនត្រូវទុកដីឲ្យនៅទំនេរចោលឡើយ ដើម្បីការធ្វើឲ្យប្រសើរឡើង នូវស្ថានភាពគ្រួសារ និងស្របតាមបំណងប្រាថ្នាប្រកបដោយទឹកចិត្តសប្បុរសរបស់ម្ចាស់ជំនួយ។ ឯកឧត្តម បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវចូលទៅក្នុងតំបន់ណា ដែលមិនទាន់ធ្វើការបោសសម្អាត និងសង្ស័យថាមានមីន។ប្រជាពលរដ្ឋជាអ្នក ទទួលផល ពិតជាមានសេចក្តីសប្បាយ រីករាយ ដែលបានជួបផ្ទាល់ជាមួយម្ចាស់ជំនួយ ក្នុងការជួយផ្តល់សុខសុវត្ថិភាព លើដីរបស់គាត់ ដែលអាចឲ្យគាត់អាចបង្កបង្កើនផល ដោយគ្មានការភ័យខ្លាច និងមានចំណូលកើនឡើង សម្រាប់គ្រួសាររបស់គាត់៕






-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា