ព័ត៌មាន
ឯកអគ្គរដ្ឋទូតថ្មីឥណ្ឌា សន្សាខិតខំលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាកម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំឡើង
នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (VANLALVAWNA BAWITLUNG) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា បានសន្យាថា នៅក្នុងអាណត្តិការទូតរបស់ឯកឧត្តមនឹងខិតខំបំពេញបេសកកម្មការទូតឱ្យសកម្មនិងអស់ពីបេះដូង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌាឱ្យកាន់តែរឹងមាំឡើង នៅក្នុងនោះ ក៏មានកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ ផងដែរ។
ក្នុងជំនួបពិភាក្សានៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ដែលត្រូវបានរដ្ឋាភិបាលប្រទេសឥណ្ឌាផ្តល់សេចក្តីទុកចិត្ត តែងតំាងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជានិងឥណ្ឌាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាតំាងពីឆ្នាំ១៩៥២មកម្លេះ ប៉ុន្តែបានកាត់ផ្តាច់ទៅវិញនៅពេលកម្ពុជាជួបសង្រ្គាម។ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ឥណ្ឌាជាប្រទេសដំបូងគេ ដែលបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា។ ក្រោយរបបខ្មែរក្រហមបានដួលរលំ គឺនៅក្នុងឆ្នាំ១៩៨១ សម្តេចក៏បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឥណ្ឌា ដោយបានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ មិនអាចបំភ្លេចបានជាមួយថ្នាក់ដឹកនាំនិងប្រជាជនឥណ្ឌា។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ ឯកឧត្តមនាពេលនេះ ពិតជាមានសារៈសំខាន់ជាខ្លាំងស្របពេលដែលទំនាក់ទំនងការទូតទ្វេភាគី កម្ពុជា-ឥណ្ឌា បានឈានចូលដល់ខួបលើកទី៧៣ ឆ្នាំ។ ទំនាក់ទំនងដែលឈរលើភាពស្មោះត្រង់ បើកចំហ ជឿជាក់គ្នាទៅវិញទៅមក បានរីកចម្រើនឈានឡើងជាលំដាប់ស្ទើរគ្រប់វិស័យ និងបាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនជូនប្រជាជាតិទាំងសងខាង ព្រមទំាំងរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោកថែមទៀតផង។
ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារក្នុងឱកាសនេះ។ ឯកឧត្តមបានសម្តែងនូវការកោតសរសើរនិងវាយតម្លៃពីភាពស្រស់ស្អាតនិងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា។ ឯកឧត្តមបានសម្តែងការស្ញប់ស្ញែងនូវវប្បធម៌ដ៏សម្បូរបែប ចំណាស់និងរុងរឿងរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា កម្ពុជានិងឥណ្ឌាមានលក្ខណៈស្រដៀងគ្នាជាច្រើន។
ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះពលីកម្មបម្រើប្រទេសជាតិរបស់សម្តេចប្រធានរដ្ឋសភា ដែលមានតំាងពីដើមរហូតមកដល់សព្វថ្ងៃនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអះអាងពីកិច្ចខិតខំនៅក្នុងការពង្រឹងទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរ តាមរយៈការធ្វើការជាមួយក្រុមមិត្តភាពសភាកម្ពុជា-ឥណ្ឌា ក៏ដូចជា ជាមួយអគ្គលេខាធិការដ្ឋានដ្ឋសភា។ ឥណ្ឌាបានប្រកាសពីការផ្តល់ការគំាទ្រដល់ការកសាងសមត្ថភាពនិងបណ្តុះបណ្តាលជំនាញជូនមន្រ្តីអគ្គលេខាធិការដ្ឋានសភានិងការជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅកមក ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បញ្ជាក់ពីការបេ្តជ្ញាចិត្តនៅក្នុងការជំរុញវិស័យវិយោគ ទេសចរណ៍ ពាណិជ្ជកម្ម និងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសឥណ្ឌាជាបន្តទៀត។ ចំពោះវិស័យពាណិជ្ជកម្មនិងទេសចរណ៍វិញ ឯកឧត្តមបានបញ្ជាក់ថា ឆាប់ៗនេះ នឹងមានជើងហោះហើរត្រង់ដោយយន្តហោះរបស់ឥណ្ឌា ពីប្រទេសឥណ្ឌាមកកាន់ខេត្តសៀមរាបតែម្តង។
សម្តេចបានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌាដែលបានជួយគំាទ្រដល់កម្ពុជារហូតមក រាប់តំាងពីការស្វែងរកសន្តិភាពនៅឆ្នាំ១៩៩១ ជាដើម។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះឆន្ទៈនិងទឹកចិត្តមោះមុត របស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាងពីរ។ សម្តេចបានលើកឡើងថា ឥណ្ឌាជាប្រទេសធំ មានប្រជាពលរដ្ឋច្រើន មានការរីកចម្រើនខាងបច្ចេកវិទ្យា សុខាភិបាល ដែលសុទ្ធសឹងជាវិស័យមានសក្តានុពលនៅក្នុងការចូលរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា និងការផ្តល់ផលប្រយោជន៍ដល់ប្រទេសទំាងសងខាង។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍សំខាន់ៗ ដើម្បីទាក់ទាញនិងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសមកកាន់កម្ពុជា ក្នុងនោះ មានការកែលម្អបទដ្ឋានគតិយុត្ត ការកែសម្រួលនីតិវិធីពន្ធគយ ភាពរឹងមាំនៃវិស័យរដ្ឋនិងឯកជន និងទីតាំងយុទ្ធសាស្រ្ត ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាដើម។ សម្តេចមានជំនឿមុតមាំថា អ្នកវិនិយោគនិងអ្នកទេសចររបស់ប្រទេសឥណ្ឌានឹងមកកម្ពុជាកាន់តែច្រើន នៅពេលជើងហោះហើរត្រង់រវាងប្រទេសទំាងពីរកាន់តែសកម្មនោះ៕

-
ព័ត៌មាន1 week ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន1 week ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន1 week ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន1 week ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
កីឡា1 week ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ
-
ព័ត៌មាន1 week ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
ព័ត៌មាន1 day ago
សម្តេចធិបតី៖ ប្រទេសជិតខាងខ្លះព្យាយាមនិយាយអាក្រក់ពីកម្ពុជា ដើម្បីមិនឲ្យប្រទេសដទៃ មកវិនិយោគនៅកម្ពុជា