ព័ត៌មាន
ក្រសួងបរិស្ថាន និងអង្គការដៃគូរៀបចំពិធី «បុណ្យកោងកាងសន្ដិភាព» លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ី
ក្រសួងបរិស្ថាន សហការជាមួយ អង្គការមេត្តាធម្មជាតិ រដ្ឋបាលខេត្តកោះកុង នឹងងរៀបចំពិធី «បុណ្យកោងកាងសន្ដិភាព» នៅថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិកោះស្រឡៅ ឃុំកោះស្រឡៅ និងឃុំកាពិ ស្រុកកោះកុង ខេត្តកោះកុងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ថ្លែងប្រាប់ BTV នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា គោលបំណង នៃការរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» នេះឡើង គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាង ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជាការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្ដល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន (ត្រី បង្កង ងាវ ទេសចរណ៍)។

ឯកឧត្តមបន្តថា តាមរយៈពិធីនេះ ក៏ជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយប្រជាសហគមន៍មូលដ្ឋាន ស្រឡាញ់ និងចូលរួមការបារ។ លើកស្ទួយតម្លៃនៃតម្លៃនៃកិច្ចខិតប្រឹងប្រែងការពារ ថែរក្សាធនធានធម្មចាតិរបស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសការទទួលបានសុខសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដោយសារកម្ពុជាមានសុខសន្តិភាពពេញលេញ មានគោលដៅច្បាស់លាស់ឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅ ២០៥០ និងប្រទេសមានចំណូលសេដ្ឋកិច្ចកម្រិតខ្ពស់។
ឯកឧត្តមថ្លែងថា៖«តាមយរៈពិធីនេះ យើងក៏ធ្វើងឡើងដើម្បីផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេសព្រៃកោងកាងក្នុងការទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្ដល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព»។

លោក ម៉េង ហេង អតីតស្ថាបនិកនៃអង្គការមាតាធម្មជាតិ និងបច្ចុប្បន្នជាប្រធានអង្គការ មេត្តាធម្មជាតិ ដែលជាអង្គការចូលរួមផ្ដួចផ្ដើមពិធីនេះបង្ហាញក្ដីរីករាយដែលបានចូលរួមធ្វើសកម្មភាពដាំដើមកោងកាងនៅក្នុងខេត្តកោះក្នុង និងបានចូលរួមសហការធ្វើការងារបរិស្ថានជាមួយក្រសួងបរិស្ថាន និងអាជ្ញធារនៅមូលដ្ឋាន ដោយទទួលបានកិច្ចសហការគ្នាយ៉ាងល្អដើម្បីថែរក្សា ការពារធនធានធម្មជាតិរបស់កម្ពុជា។
លោកថ្លែងថា៖«ខ្ញុំពិតជាសោកស្ដាយណាស់ដែលកាលពីមុនបានធ្វើសកម្មភាពបរិស្ថាន ផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាល ដោយសារតែចាញ់កលការញុះញង់របស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស បានចេញមកលាបពណ៌រាជរដ្ឋាភិបាល ជាពិសេសបំផុសព័ត៌មានមិនពិតលើវិស័យបរិស្ថាននេះនាំឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋលើការអនុវត្តគោលនយោបាយលើវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល»។

សូមជម្រាបថាព្រៃកោងកាង បានផ្ដល់គុណប្រយោជន៍យ៉ាងច្រើន និងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ និងសមុទ្រ ដូចជា៖ ជារបៀងជម្រកតភ្ជាប់ពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ, ការពារជម្រាលដីពីការសិករិចរិល,ជាកន្លែងបង្កាត់ពូជ និងថ្នាលសម្រាប់សរីរាង្គសត្វសមុទ្រមួយចំនួន។ កោងកាងផ្តល់នូវការបន្ស៊ាំធម្មជាតិទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ ជាមួយគ្នានេះព្រៃកោងកាង បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់ពលរដ្ឋនៅតាមតំបន់ឆ្នេរ និងរុក្ខជាតិប្រភេទនេះ ជាប្រភពបង្កើនខ្យល់បរិសុទ្ធសម្រាប់ភពផែនដី។ កោងកាងជាគោលដៅលំហែបៃតង ដែលភ្ញៀវជាតិ និងអន្តរជាតិតែងតែចូលចិត្តទៅកំសាន្ត និងបានជួយដល់ជីវភាពសហគមន៍ ពីការទាក់ទាញគោលដៅលំហែបៃតង សេវកម្មទេសចរណ៍ និងស្បៀងអាហារូបត្ថម្ភ យ៉ាងសំខាន់ និងអាចលក់ចេញទៅទីផ្សារ។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន នៅកម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុប ៥៨ ៨០០ហិកតា ក្នុងនោះ ខេត្តកោះកុងមានរហូតដល់៨០% ប្រមាណ ៤៦ ៥២៩ហិកតា ដែលក្លាយជាខេត្តសម្បូរព្រៃកោងកាងជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។ ខេត្តព្រះសីហនុ ស្ថិតនៅលំដាប់ទី២ ដែលមានព្រៃកោងកាងទំហំ ៩ ៣៥២ហិកតា ខេត្តកំពតមាន ១ ៩៦៦ហិកតា និងខេត្តកែប មានចំនួន ១ ០០៥ហិកតា គេរកឃើញនៅកម្ពុជាមានប្រភេទព្រៃកោងកាង២៩ប្រភេទ តាមការសិក្សា នៅឆ្នាំ២០២៤កន្លងមក៕




-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន7 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ