ព័ត៌មាន
អ្នកអភិរក្សប្រទះឃើញសត្វទន្សោងមួយហ្វូង នៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
ភ្នំពេញ៖ ក្រុមអ្នកអភិរក្ស កាលពីពេលថ្មីៗនេះបានប្រទះឃើញ ហ្វូងសត្វទន្សោងមួយហ្វូង កំពុងនាំគ្នាដើររកចំណី យ៉ាងសុខសាន្តនៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ហ្វូងសត្វទន្សោង ដែលថតបានដោយកាម៉េរ៉ា មានចំនួនជាង ១០ ក្បាល មានទាំងញី ឈ្មោល និងកូនតូចៗ ទៀតផង។
ទន្សោងជាប្រភេទជីវៈចម្រុះកម្រ និងជាប្រភេទ ជិតផុតពូជលើពិភពលោក ហើយបានចុះក្នុងបញ្ជីក្រហម របស់អង្គការ IUCN។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថា នេះជាលទ្ធផល ជោគជ័យមួយ ក្នុងការអភិរក្សសត្វព្រៃ និងធនធានធម្មជាតិនៅកម្ពុជា។
ឯកឧត្តមបានសំណូមពរឱ្យអ្នកពាក់ព័ន្អ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ ចូលរួមប្រសើរថែមទៀត ការពារថែរក្សាសម្បត្តិធនធានធម្មជាតិ កម្រលើពិភពលោកនេះ ឱ្យបានគង់វង្សសម្រាប់ប្រព័ន្ធអេកូឡូស៊ី និងសម្រាប់បម្រើ ដល់គោលដៅលំហែបៃតង ដើម្បីរួមចំណែកដល់ការបង្កើន ជីវភាពសហគមន៍មូលដ្ឋានផ្ទាល់។
គួរបញ្ជាក់ថាទន្សោង មានវត្តមាននៅតាមតំបន់ព្រៃ ក្នុងភូមិភាគឦសាន និរតី និង ភាគខាងជើងប្រទេសកម្ពុជា ដោយរស់នៅជាហ្វូង អាចលាយឡំជាមួយ គោព្រៃ ប្រើស ខ្ទីងជាដើម ភាគច្រើននៅតំបន់ព្រៃរបោះ មានអូរ ស្ទឹង ត្រពាំង ថ្លុកដែលមានស្មៅ ស្បូវ ព្រេច ឬស្សី ឈ្នះ រុក្ខជាតិ គម្ពោតព្រៃ ទឹកជប់ ដីច្រាបជាដើម។
ទន្សោងមានមាឌ រូបរាង និងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់ វាអត់មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហមត្នោតស្រាល និងប្រែទៅជាពណ៌ក្រហមត្នោត ឬ ក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួនចាប់ពីជង្គង់ចុះក្រោមមានពណ៌ស ដូចខ្ទីង និងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វាមានពណ៌ស នៅផ្នែកក្រោយត្រង់កំពែងគូទ រីឯស្នែងវាមានរាងមូលជាងស្នែងខ្ទីង ពណ៌លឿងចាស់ភ្លឺរលោង ចាប់ពីពាក់កណ្តាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ខ្មៅ។ បន្ទាប់ពីពពោះរយៈពេល ប្រមាណជា ១០ខែ ទន្សោងអាចបង្កើតកូនបាន១-២ក្បាល និងអាចដោយឈ្មោលម្ដងទៀត ក្រោយពីកើតកូនបាន២ខែ។
គួរបញ្ជាក់ថាយោងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៧៦អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីចំនួន ៥១ ៧៣០ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តសៀមរាប៕

-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា