ព័ត៌មាន
រាជរដ្ឋាភិបាល បន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ជាការងារអាទិភាព
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ជាការងារអាទិភាពដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើប្រធានបទ «គ្រឿងញៀន និងអេដស៍» កិច្ចប្រជុំនេះត្រូវអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី-ខេត្ត តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធZoom នាព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២៥នេះ។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១ ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់ ក្នុងមួយថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់ក្នុងមួយឆ្នាំ, ទី២ កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់ក្នុងមួយឆ្នាំ, និងទី៣ លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។
ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់រំលឹកឡើងវិញពីការប្រឹងប្រែងចូលរួមក្នុងឆ្លើយតប នឹងមេរោគអេដស៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីការរកឃើញមេរោគអេដស៍ជាលើកដំបូងនៅប្រទេសកម្ពុជា នាឆ្នាំ១៩៩១ ដែលទាំងលើផ្នែកបង្ការ ការព្យាបាល និងគាំទ្រ ដែលរហូតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨។ ការសម្រេចបាននូវលទ្ធផលជាទីមោទនៈនេះ គឺដោយសារមានការចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិត និងយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាព រួមជាមួយការអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍។
ក្រោយបង្ហាញរបស់ របស់លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចប្រជុំបានលើកជាសំណួរ ពិភាក្សា និង ផ្តល់យោបល់លើការទប់ស្កាត់និងការបង្ការនៃចម្លងមេរោគអេដស៍ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការបានមានប្រសាសន៍ សូមឱ្យសមាជិក សមាជិកាក្រុមប្រឹក្សាបច្ចេកទេសដែលមានសមាសភាពពីក្រសួង ស្ថាប័នទាំង៣០ រាជធានី ខេត្តទាំង២៥ រួមទាំងអង្គការដៃគូរឱ្យបន្តប្រឹងប្រែងរួមគ្នា និងរកវិធីសាស្ត្រថ្មីៗក្នុងការបង្ការ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មីនៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀន៕ អត្ថបទ៖ រដ្ឋា






-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា