ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម បើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨ ឆ្នាំ២០២៥ នៅខេត្តសៀមរាបដើម្បីចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន
សៀមរាប៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងពាណិជ្ជកម្មបានបើក“ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៨” ឆ្នាំ២០២៥ នៅសួនច្បារហាត់ប្រាណមាត់ស្ទឹងសៀមរាប ក្រុង ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក ដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអង្គទូតនានា ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក សិស្ស និស្សិត និងបងប្អូនជា អាជីវករ ប្រតិបត្តិករមកពីបណ្តាខេត្តនានាចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោក អ៉ឹង គឹមលាង បានលើកឡើងថា បច្ចុប្បន្នខេត្តសៀមរាប មានសក្តានុពលសំខាន់ក្រៅពីទេសចរណ៍គឺវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផលជាដើម។ ក្រៅពីផលិតផលកសិឧស្សាហកម្ម ខេត្តសៀមរាបក៏មានដំណាំរួមផ្សំដូចជា បន្លែនិងផ្លែឈើ ហើយបច្ចុប្បន្ន កសិករយើងអាចផលិតបានមួយចំនួនធំដែលប្រកប ដោយគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែបរិមាណតម្រូវការចំពោះបន្លែនិងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។ កត្តានេះ ដើម្បីជាគន្លឹះក្នុងការប្រកួតប្រជែងនៅលើទីផ្សារ ផលិតករត្រូវខិតខំបង្កើតឲ្យបាននូវឧត្តមភាពប្រកួតប្រជែងគឺ គុណភាពល្អ បរិមាណផ្គត់ផ្គង់ទៀងទាត់ តំលៃសមរម្យ និងការកសាងទំនុកចិត្តអ្នកប្រើប្រាស់តាមរយៈការបង្កើតម៉ាកសញ្ញាផលិតផល។ លោកបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៨» នេះ ក្រសួងពាណិជ្ជកម្ម បានសម្របសម្រួលជូន ក្រុមហ៊ុន ស្ថាប័ន សមាគម សហគមន៍ អង្គការ កសិដ្ឋាន សហគ្រាសធុនមីក្រូ តូច និងមធ្យម និងផ្សារចុងសប្តាហ៍នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) សរុបចំនួន៩០ សរុបស្តង់មានចំនួន ១១១ស្តង់ ដែលមកពីខេត្តសៀមរាប កំពង់ធំ តាកែវ ប៉ៃលិន បន្ទាយមានជ័យ និងរាជធានីភ្នំពេញជាដើម ដែលមានដាក់តាំងបង្ហាញផលិត ផលកសិកម្ម និងបន្លែផ្លែឈើមានសុវត្ថិភាពមានដូចជា អង្ករ ម្រេច ស្វាយចន្ទី ក្រូចថ្លុង ត្រសក់ផ្អែម ដូង ផ្លែសាឡាក់ ដំណាប់ផ្លែឈើ ស្រាផ្លែឈើ ជីកំប៉ុស សូត្រ ចម្លាក់ប្រាក់ស្ពាន់ ផលិតផលសិប្បកម្ម ត្បូងថ្មមានតម្លៃ វត្ថុអនុស្សាវរីយ៍ និងអាហារ-ភេសជ្ជៈ។
ឯកឧត្តម សំហេង បូរ៉ា បានមានប្រសាសប៍ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នានេះ គឺមានសារៈសំខាន់ និងបាន ជះផលវិជ្ជមានផងដែរ ដោយបានបង្កើនសកម្ម ភាពពាណិជ្ជកម្ម និងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនឹងចូលរួមជំរុញសេដ្ឋកិច្ចមូលដ្ឋាន ពោលគឺក្នុងមូលដ្ឋានខេត្តសៀមរាប ដែលនឹងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារួម។ ពិព័រណ៍នេះក៏បានផ្តល់ជាវេទិកាសម្រាប់ អាជីវករ ពាណិជ្ជករ ប្រតិបត្តិករ សេវាករ អ្នកនាំចេញនាំចូល អ្នកដាំដុះបន្លែផ្លែឈើ ម្ចាស់កសិដ្ឋាន ក្នុងមូលដ្ឋានខេត្តសៀមរាប និងមកពីខេត្តនៅជុំវិញសៀមរាប បណ្តាខេត្តនានា និងរាជធានី ភ្នំពេញ អាចដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងលក់នូវផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ដែល មានគុណភាពរបស់ខ្លួន និងបន្លែផ្លែឈើសុខភាពនិងធម្មជាតិ ទៅកាន់សាធារណជនទូទៅ រួម ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ បន្ថែមលើនេះ តាមរយៈព្រឹត្តិការណ៍នេះ ក៏នឹងផ្តល់ នូវឱកាសក្នុងការធ្វើអន្តរកម្មរវាងអាជីវករ និងអាជីវករ ម្ចាស់កសិដ្ឋាន ម្ចាស់ផ្សារទំនើប ម្ចាស់ អាជីវកម្មបោះដុំ អ្នកលក់រាយនានា ក្នុងការពិភាក្សា និងស្វែងរកកិច្ចសហប្រតិបត្តការផងដែរ។ក្រសួងពាណិជ្ជកម្ម ក៏សូមលើកទឹកចិត្ត បងប្អូនអាជីវករ ដែលបានចូលរួមក្នុងពិព័រណ៍នាពេលនេះ សូមចូលរួមប្រើប្រាស់ និងទាញយកប្រយោជន៍ឲ្យបានជាអតិបរមាពីថ្នាល Cambodiatrade.com ដែលជាផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដំបូងគេរបស់កម្ពុជា គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ផ្តល់ជូនដោយឥតគិតថ្លៃ ដែលនឹងជម្រុញការបញ្ជាទិញ និង ផ្គត់ផ្គង់ទំនិញកម្ពុជាតាមប្រព័ន្ធអនឡាញ អមជាមួយការទូទាត់ប្រាក់តាមប្រព័ន្ធធនាគារជាដៃគូ និងមានការដឹកជញ្ជូនទៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅក្រៅប្រទេស។
ឯកឧត្តមបានបន្តថា ក្រសួងពាណិជ្ជកម្ម បានបន្តខិតខំប្រឹង ប្រែងអនុវត្តនូវតួនាទីភារកិច្ច និងបេសសកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសអនុវត្តយ៉ាងយកចិត្តទុកដាក់នូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល៕








-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន2 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត