Connect with us

ព័ត៌មាន

កម្ពុជា និងធុរជនរដ្ឋកាលីហ្វ័រញ៉ា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ចនិងវិនិយោគ

គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក បានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហ- ប្រតិបត្តិការទ្វេភាគី រវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥ នេះ បានអញ្ជើញដឹកនាំជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ច ជាមួយគណៈប្រតិភូធុរជនអញ្ជើញមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដែលដឹកនាំដោយ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធាន ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា, មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក.អ.ក. គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាសសភាពធុរជន ជាតំណាងធុរកិច្ច ពីសហរដ្ឋអាម៉េរិកប្រមាណ២០ ក្រុមហ៊ុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ជាបន្ត បន្ទាប់ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ពិសេសជាមួយនឹង គោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូល ខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតានៃការបង្កើត ក.អ.ក. ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ច ពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើ ឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលាជាដើម។

ក្នុងជំនួបនេះ, លោក គីម ឆាហួត តំណាងគណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា បានថ្លែងនូវការកោតសរសើរ និងសម្តែង នូវចំណាប់អារម្មណ៍ខ្ពស់ លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានថ្លែងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក. ផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំ គាំទ្រដល់វិស័យឯកជន និងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណា ក្នុងការមកដាក់ទុន វិនិយោគរួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាព នយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយ ក្នុង ការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia