ព័ត៌មាន
សម្ដេចធិបតី៖ វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិកម្ពុជាបានរីកចម្រើនគួរជាទីមោទនៈខណៈអាកាសចរណ៍អន្តរជាតិធំៗពីរនឹងបង្កើនជើងហោះហើរបន្ថែមមកកាន់ខេត្តសៀមរាប និងទីក្រុងភ្នំពេញ
វឌ្ឍនភាពនៃជើងយន្តហោះអន្តរជាតិ បានរីកចម្រើនគួរជាទីមោទន: ក្នុងនោះយោងតាមព័ត៌មានដែលទទួលបាន៖ ១/ ជើងហោះហើរតួគីអ៊ែរឡាញ នឹងចាប់ដំណើរការត្រង់មកកម្ពុជានៅចុងឆ្នាំ២០២៥ និង ២/ ជើងហោះហើរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានពង្រីកចំនួនហោះហើរ និងគោលដៅបន្ថែមមកកាន់កម្ពុជាផងដែរ។
ក្រោមកិច្ចសហការ និងការជំរុញបើកចំហជើងមេឃកម្ពុជា ក្នុងការទទួលយកភ្ញៀវជាតិ អន្តរជាតិ និងអ្នកធុរកិច្ចមកកាន់កម្ពុជាកាន់តែសកម្ម និងប្រទាក់ក្រឡាជាមួយចក្ខុវិស័យវែងឆ្ងាយរបស់ជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តពង្រីក និងលើកកម្ពស់បន្ថែមជើងហោះហើរត្រង់មកកម្ពុជា ដែលជាលទ្ធផលថ្មីសម្រេចបាន គឺ៖
១/ ជើងហោះហើរ តួកីអ៊ែរឡាញ នឹងបើកការហោះហើរពីទីក្រុងអ៊ីស្តង់ប៊ូលមកកាន់រាជធានីភ្នំពេញ នៅចុងឆ្នាំ២០២៥នេះ។
២/ ជើងហោះហើរ អ៊ែរមឺរ៉េតអ៊ែរឡាញ ក៏បានជំរុញ និងពង្រីកការហោះហើរមកកម្ពុជា ពីទីក្រុងឌូបៃទៅខេត្តសៀមរាប នាពាក់កណ្តាលឆ្នាំ២០២៥នេះ។
ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លីនិងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។
ជាលទ្ធផលក្នុងឆ្នាំ២០២៤កន្លងមក ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានសម្រេចដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសបានសរុបចំនួន ៦,២៤ លាននាក់ កំណើនប្រមាណ ២២% ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង កំណើន ១៤% និងដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើន ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ អាកាសយានដ្ឋានអន្តរជាតិទាំងបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់១២ប្រទេស ព្រមទាំងតំបន់រដ្ឋ បាលពិសេសហុងកុងនិងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ ក្នុងឆ្នាំ២០២៤ កម្ពុជា ក៍បានសម្រេចលើការតភ្ជាប់ជើងហោះហើរជាប្រតិ្តសាស្ត្ររវាងរាជធានីភ្នំពេញនិងរដ្ឋធានីញូវដែលី ប្រទេសឥណ្ឌា និងការចាប់ផ្តើមហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរ៉ាត់ និងកាតា ដែលផ្សារភ្ជាប់ជើងហោះហើររវាងរាជធានីភ្នំពេញ និងទីក្រុងឌុយប៉ៃ និងទីក្រុងដូហា។
ក្នុងឆ្នាំ២០២៥ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន៣១ ដែលកំពុងហោះហើរចេញ-ចូលព្រះរាជាណាចក្រកម្ពុជា គិតជាមធ្យម មានជើងហោះហើរទ្វេទិស (Flight Movements) ចំនួន ១ ៣២៤ជើងក្នុងមួយសប្តាហ៍ ដោយនៅក្នុងនោះ ជើងហោះហើរទ្វេទិស (Flight Movements) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួន ៩៤២ជើង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ៣៤៦ជើង និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ៣៦ជើង។ បើប្រៀបធៀបចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ ការហោះហើរទ្វេទិស (Flight Movements) មានការកើនឡើងប្រមាណជាង ៦០ជើងក្នុងមួយសប្តាហ៍។ ក្នុងឆ្នាំ២០២៥នេះ កម្ពុជា ក៏រំពឹងទុកផងដែរ នឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មី ដូចជា ក្រុមហ៊ុនអាកាសចរណ៍ Indigo Airlines (ពីប្រទេសឥណ្ឌា) Etihad Airways (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) និង Turkish Airlines (ពីប្រទេសតួកគី) ព្រមទាំងការពង្រីកជើងហោះហើរថ្មីបន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines (ពីប្រទេសអេមីរ៉េតអារ៉ាប់រួម) ទៅកាន់ខេត្តសៀមរាប។
ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បើប្រៀបធៀបរវាងឆ្នាំ២០២៤ និងឆ្នាំ២០១៩ (មុនវិបត្តិជំងឺកូវីដ-១៩) កម្ពុជា បានសម្រេចបាន ៥៧% នៃការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស (២០១៩៖ ១១,០២៥លាននាក់, ២០២៤៖ ៦,២៤លាននាក់) ។ ជាមួយគ្នានេះ ការដឹកជញ្ជូនតាមផ្លូវអាកាស មានគោលដៅផងដែរ ដើម្បីចូលរួមអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា ស្ថិតនៅក្នុងបញ្ចកោណទី២.ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រគួតប្រជែង និងមុំទី២.ការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល៕

-
កីឡា6 days ago
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
-
ព័ត៌មាន1 week ago
TOP STORY | សម្តេចតេជោ ឲ្យពលរដ្ឋពិចារណាខ្លួនឯងក្រោយវិដេអូក្រុមក្បត់ជាតិសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ
-
កីឡា5 days ago
ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ
-
កីឡា4 days ago
ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំដោះស្រាយបញ្ហាតម្លៃស្រូវស្រង៉ែ នៅខេត្តបាត់ដំបង
-
Uncategorized5 days ago
អ្នកនាំពាក្យ៖ម្សិលមិញនិងថ្ងៃនេះទាហានថៃប្រដាប់ដោយអាវុធមករាយបន្លាលួស និងដាក់កងឡាននៅច្រកជោគជ័យខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាអំពាវនាវដល់ថៃ សូមដោះលែងឱ្យបានឆាប់នូវកងទ័ពកម្ពុជា ដែលថៃចាប់ខ្លួនយកទៅ មានរយៈពេល ១១ ថ្ងៃហើយ
-
ព័ត៌មាន4 days ago
Press Briefing -Update on the implementation of the immediate and unconditional ceasefire agreement between Cambodia and Thailand ( August 14, 2025 )