ព័ត៌មាន
ក្រសួងធនធានទឹកច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុនៅបរទេសដែលមានចេតនាទុច្ចរិត
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចោលការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុមួយនៅបរទេសដែ លមានចេតនាទុច្ចរិតបំភាន់មតិសាធារណៈ។
តាមរយៈសេចក្តីបំភ្លឺរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា នៅក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម បានជម្រាបជូនអ្នកសារព័ត៌មានអំពីសមិទ្ធផលនានា ដែលសម្រេចបាន ចាប់តាំងពីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានបង្កើតឡើងនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី២ នៃរដ្ឋសភា នាចុងឆ្នាំ១៩៩៩ មកទល់នឹងពេលបច្ចុប្បន្ន។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខ្នាតតូច មធ្យម និងធំ សរុបចំនួនជាង២ពាន់ប្រព័ន្ធ ដែលអាចបម្រើដល់ការស្រោចស្រពលើផ្ទៃដីកសិកម្មជិត ២លានហិកតា ព្រមជាមួយនឹងអាងទឹកខ្នាតតូច មធ្យម និងធំ ប្រមាណ ១៥០០អាង ដែលមានលទ្ធភាពស្តុកទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងរដូវប្រាំងសរុបចំនួនជាង៤ពាន់លានម៉ែត្រគូប។
សេចក្តីបំភ្លឺដដែលបានបន្តថា តាមរយៈសមិទ្ធផលទាំងនេះ បានធ្វើឱ្យការងារបង្កបង្កើនផល ជាពិសេសស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង នៅក្នុងរដូវប្រាំងនាឆ្នាំ១៩៩៩-២០០០ ព្រះរាជាណាចក្រម្ពុជា មានការដាំដុះស្រូវប្រាំងប្រមាណ ១០ម៉ឺនហិកតា ប៉ុន្តែចូលមកដល់រដូវប្រាំងឆ្នាំ ២០២៤-២០២៥នេះ ការដាំដុះ ស្រូវប្រាំងនៅព្រះរាជាណាចក្រកម្ពុជាបានកើនឡើងរហូតដល់ទៅជាង ៩០ម៉ឺនហិកតា ដែលនៅក្នុងនោះមាន ទីតាំងខ្លះបានដាំដុះមួយដង ទីតាំងមួយចំនួនមានការដាំដុះស្រូវប្រាំងលើកទីពីរ និងមួយចំនួនទៀតឈានទៅការដាំដុះស្រូវប្រាំងលើកទីបីផងដែរ។
ដោយពិនិត្យឃើញការដាំដុះស្រូវប្រាំង មានការកើនឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងប្រភពទឹកដែលក្រសួងធនធានទឹកបានរក្សាទុកកាលពីចុងរដូវវស្សាប្រមាណ ៤ពាន់លានម៉ែត្រគូបត្រូវបានប្រើប្រាស់ស្ទើរអស់ ដោយរក្សាទុក១០% សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនារដូវប្រាំងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ញើសារអំពាវនាវទៅដល់បងប្អូនប្រជាកសិករ សុំឱ្យមានការប្រើប្រាស់ទឹកមានការសន្សំសំចៃ ហើយសូមមេត្តាកុំបន្តបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះ អាចនាំឱ្យមានការប្រឈមទៅនឹងការខូចខាត។សេចក្តីអំពាវនាវរបស់ឯកឧត្តមរដ្ឋមន្ត្រីគឺក្នុងគោលបំណង ដើម្បីជួយទប់ស្កាត់ការខូចខាតរបស់បងប្អូនប្រជាពលរដ្ឋ បែរជាត្រូវបានវិទ្យុនៅឯបរទេសមួយយកទៅបំភ្លៃក្នុងចេតនា ទុច្ចរិត បំភាន់មតិសាធារណៈ ផ្ទុយពីខ្លឹមសារ និងគោលបំណងដើមទាំងស្រុងរបស់ឯកឧត្តមរដ្ឋមន្ត្រីទៅវិញដែលប្រការនេះធ្វើឱ្យមានការយល់ច្រឡំនៅក្នុងសាធារណមតិ។
ក្នុងន័យនេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់គួសបញ្ជាក់ថា ជានិច្ចកាល រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ ខ្ពស់លើការដោះស្រាយទឹក ដើម្បីបម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសម្រាប់វិស័យផ្សេងទៀតដែរ។ ជាក់ស្តែងនាពេលបច្ចុប្បន្ននេះក្រសួង បាននិងកំពុងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ក៏ដូចជាការកសាងអាងទឹកធំៗបន្ថែមដូចជា៖ អាងទឹកដងកាំបិត ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលមាន សមត្ថភាពស្តុកទឹកប្រមាណ ៣០០លានម៉ែត្រគូប អាងទឹកដូនទ្រ ស្ថិតនៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង មាន សមត្ថភាពស្តុកទឹកប្រមាណ ១៦០លានម៉ែត្រគូប ដោយឡែក បណ្តាអាងទឹកមួយចំនួនទៀត បាននិងកំពុងធ្វើ ការសិក្សាលម្អិត និងដំណើរការនីតិវិធីជ្រើសរើសក្រុមហ៊ុនសម្រាប់ធ្វើការសាងសង់។
តាមរយៈការយកចិត្តទុកដាក់ និងការផ្តល់អាទិភាពខ្ពស់លើវិស័យធនធានទឹករបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករថា នៅដំណាច់ឆ្នាំ២០២៧ ក្រសួងធនធានទឹក និងឧតុនិយម នឹងបង្កើនសមត្ថភាពស្តុកទឹកបានប្រមាណ ១,០០០ លានម៉ែត្រគូបបន្ថែមទៀត ដើម្បីបម្រើដល់ការស្រោចស្រពវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងៗទៀត។


-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា