ព័ត៌មាន
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ និងជំនួបផ្គូផ្គងធុរកិច្ច គណៈប្រតិភូវិនិយោគជប៉ុននៅកម្ពុជា
នៅល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញចូលរួមពិធីទទួលស្វាគមន៍និងជំនួបផ្គូផ្គងធុរកិច្ចគណៈប្រតិភូវិនិយោគ
ជប៉ុននៅកម្ពុជា ដែលរៀបចំដោយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ដែលមានការចូលរួមពីសំណាក់ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Kohei Wakabayashi ប្រធានតំណាង JETRO ប្រចាំនៅរាជធានីភ្នំពេញ, ឯកឧត្ដមបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន(CJBI), លោក Fukuhara Koji ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) ព្រមទាំងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ប្រតិភូតំណាងក្រុមហ៊ុនជប៉ុនប្រមាណ៤០ក្រុមហ៊ុន។
ក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅរាជធានីភ្នំពេញ ដែលបានជួយសម្របសម្រួលពាណិជ្ជកម្មកម្ពុជា-ជប៉ុន តាមរយៈការរៀបចំព្រឹត្ដិការណ៍សំខាន់ៗ ដូចជា ពិព័រណ៍ពាណិជ្ជកម្ម ការបណ្ដុះបណ្ដាល និងកម្មវិធីទំនាក់ទំនងនិងផ្គូផ្គងក្រុមហ៊ុនរវាងប្រទេសទាំងពីរ ដែលបានរួមចំណែកនាំឱ្យប្រទេសជប៉ុនក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់កម្ពុជា និងមានការបន្តកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងចំនួនវិនិយោគិនជប៉ុននៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត គូសរំលេចថា ក្នុងរយៈពេលជិត៤ទសវត្សរ៍ចុងក្រោយនេះ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជាពិសេសក្រោមក្របខ័ណ្ឌជំនួយអភិវឌ្ឍន៍ រដ្ឋាភិបាលជប៉ុនបានដើរតួយ៉ាងសំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ, និងរួមចំណែកពង្រឹងវិស័យអប់រំ, វិស័យច្បាប់និងយុត្តិធម៌, អភិបាលកិច្ច និងការលើកកម្ពស់សុខុមាលភាពប្រជាជន ជាដើម។ល។
ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានគូសរំលេចនូវសក្ដានុពល និងកិច្ចខិត្តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រធុរកិច្ច វិនិយោគ និងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សម្រាប់ឆ្នាំ២០២៥ កម្ពុជារំពឹងថា នឹងបន្ដរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៦,៣% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់ទទួលរងនូវភាពមិនប្រាកដប្រជាខ្ពស់ និងភាពស្មុគស្មាញកាន់តែច្រើនឡើងៗ ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ពាណិជ្ជកម្ម និងស្ថានភាពហិរញ្ញវត្ថុ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានការប្តេជ្ញាខ្ពស់ក្នុងការខិតខំប្រឹងប្រែងគាំទ្រដល់ការវិនិយោគ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមយ៉ាងតិច៦%ក្នុងមួយឆ្នាំ ក្នុងរយៈពេលវែងទៅមុខ ដោយបានដាក់ចេញនូវវិធានការកែទម្រង់បញ្ហារចនាសម្ព័ន្ធ ក្នុងវិស័យ
ភ័ស្តុភារកម្ម អគ្គិសនី ជំនាញវិជ្ជាជីវៈជាដើម ដើម្បីកាត់បន្ថយបន្ទុកចំណាយរបស់វិនិយោគិន លើកកម្ពស់ប្រសិទ្ធភាពការងារ ភាពប្រកួតប្រជែង និងបង្កើតបរិយាសកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការវិនិយោគ។
ជាចុងក្រោយ ឯកឧត្តម វង្សី វិស្សុត បានលើកទឹកចិត្តឱ្យអង្គការ JETRO និងសមាគមទាំងពីរបន្តពង្រឹងបេសកកម្មរបស់ខ្លួន ដើម្បីជាប្រយោជន៍ដល់កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត៕





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន