ព័ត៌មាន
នាយឧត្ដមសេនីយ៍ ស ថេត ប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំង នគរបាលជានារីក្នុងការលើកទឹកចិត្តតាមគ្រប់រូបភាព
នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានប្រកាសប្តេជ្ញាបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងនគរបាលជានារីក្នុងការលើកទឹកចិត្តតាមគ្រប់រូបភាព ដោយផ្អែកលើស្នាដៃនិងសមត្ថភាព ស្របតាមគោលការណ៍គុណាធិបតេយ្យនិងគោលការណ៍សមធម៌ ជាពិសេសស្របនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការបញ្ជ្រាបយេនឌ័រ និងធ្វើស្ថាប័ននីយកម្មយេនឌ័រ នៅតាមវិស័យនីមួយៗ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។

ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត បានលើកឡើងថា ឯកឧត្តមសូមគាំទ្រយ៉ាងមុតមាំ និងប្តេជ្ញាចិត្តជំរុញការអនុវត្តឱ្យបានជោគជ័យ តាមគោលបំណងនៃប្រធានបទដែលបានដាក់ចេញ សម្រាប់ខួបលើកទី១១៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០២៥ ដែលជាចំណែកដ៏សំខាន់ក្នុងការចូលរួមអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីនៅគ្រប់វិស័យ ជាអាទិភាព ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល»។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានបង្ហាញការគាំទ្រនិងជំរុញការអនុវត្តផែនការ យុទ្ធសាស្ត្របញ្ជាបយេនឌ័ររបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានយកចិត្តទុកដាក់ខ្ពស់លើការបញ្ជាបយេនឌ័រ និង ការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការយកចិត្តទុកដាក់និងផ្តល់តម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រី នគរបាលជានារី ដែលតួអង្គសំខាន់និងជាកម្លាំងចលករមិនអាចខ្វះបាន ក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាន កំណត់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការពង្រឹង សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បត្តិសមស្របក្នុងការបំពេញតួនាទី និងភារកិច្ច ទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំនិងការងារជំនាញបច្ចេកទេស។ ជាការពិតណាស់គោលនយោបាយបានជួយគាំទ្រ និងផ្តល់អាទិភាពដល់នារីរួចហើយ ប៉ុន្តែផ្អែកតាមការរីកចម្រើន ជឿនលឿន នៃសកលលោកនិងប្រទេសជាតិរបស់យើង នារីក៏ត្រូវជួយខ្លួនឯងបន្ថែមទៀត តាមរយៈការពង្រឹង និងអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប់ជាប្រចាំ ទើបអាចអនុវត្តគោលការណ៍សមភាពយេនឌ័រ បានជោគជ័យឆ្លើយតបទៅនឹងយុគសម័យឌីជីថល ។

ជាមួយគ្នានោះដែរឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត ក៏ស្នើឱ្យស្ត្រីទាំងអស់ដើរតួនាទីជាអ្នកផ្តល់យោបល់ល្អៗ ទាំងនៅអង្គភាពការងារ ក្នុងសង្គម និង ក្នុងគ្រួសារ ជៀសវាងការរក្សាភាពស្ងៀមស្ងាត់ ហើយរងចាំតែស្តាប់យោបល់របស់បុរស ព្រមទាំងបន្តរក្សា នូវប្រពៃណីថ្លៃថ្នូរ មានមនសិកាការងារ គោរពវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសរក្សាបាននូវគុណតម្លៃនិងគុណធម៌ ឱ្យស័ក្តិសមនឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក»ផងដែរ៕ អត្ថបទ៖ បាន ចក់











-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា