ព័ត៌មាន
ឯកឧត្តម នេត សាវឿន ឱ្យពង្រឹងសន្តិសុខក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាងកម្ពុជា-ថៃ នាថ្ងៃ ០៨ មីនា
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានស្នើក៏ដូចជាណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងគ្រប់ផ្នែកជំនាញ ត្រូវពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពរវាងកម្ពុជា ថៃ ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតលើកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនគណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូកីឡាករថៃ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលនឹងធ្វើឡើងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ដោយត្រូវការពារចាប់តាំងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញរហូតដល់សណ្ឋាគារស្នាក់នៅ និងដល់ទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក។
ការស្នើរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមីនា ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលរួមជាអធិបតីពីឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ចំពោះគម្រោងនៃការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ខាងក្នុង និងខាងក្រៅពហុកីឡាដ្ឋានជាតិអូឡាំពិក មានលក្ខណៈល្អប្រសើរហើយ។ តែស្នើបន្ថែមការយកចិត្តទុកដាក់ មើលស្ថានភាពនយោបាយ ដែលអាចបង្កឡើងពីក្រុមជ្រុលនិយមរបស់ថៃ និងក្រុមជ្រុលនិយមរបស់កម្ពុជា ត្រូវបង្ការទប់ស្កាត់ក្រុមទាំងនេះឱ្យបាន។ ត្រូវផ្សព្វផ្សាយដល់អ្នកគាំទ្រ កីឡាករបាល់ទាត់ឱ្យយល់ពីខ្លឹមសារនៃការប្រកួតនេះជៀសវាងកុំឱ្យមានបញ្ហា។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបន្តថាការប្រកួតនេះ គឺដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ហើយក៏ជាការប្រកួត ដើម្បីពង្រឹតមិត្តភាពទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជានិងថៃ ឱ្យកាន់តែរឹងមាំ ដូច្នេះត្រូវតែធ្វើការងារនេះឱ្យល្អបំផុត ជៀសវាងកុំឱ្យមានបាតុភាពអ្វីកើតមានឡើងឱ្យសោះ។ កម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើឱ្យល្អបំផុត ដោយធ្វើការទាក់ទងភ្លាមៗជាមួយ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់គ្រប់វិធានការចំពោះមុខ។ បន្ថែមពីនេះ ចំពោះបរិស្ថានអនាម័យ ក៏ត្រូវតែស្អាតទាំងខាងក្រៅ និងខាងក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យលោក កើត ឆែ និងលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ ព្រមកងកម្លាំងទាំងអស់ យកអស់កម្លាំងកាយចិត្តធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ ក្នុងនោះដែរលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ត្រូវទទួលភារកិច្ចទទួលស្វាគមន៌ និងជូនដំណើរគណៈប្រតិភូក្រសួងការបរទេសថៃ និងប្រតិភូកីឡាករថៃ ទាំងទៅ និងមកឱ្យបានល្អ។
ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្ដមរដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ ដោយកាច់ផ្សាយបន្តផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃបានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។
ការប្រកួតកីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមានកីឡាករ និងតារាល្បីៗរបស់ថៃ និងកីឡាករ និងតារាល្បីៗរបស់កម្ពុជា ចូលរួមជាច្រើននាក់ ក្នុងគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួត នោះគឺ ក្រុមទី១ ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃក្រុមទី២ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន