ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត៖ ស្រ្តីនៅកម្ពុជាបានរួមចំណែកដ៏អស្ចារ្យ និងស្មារតីអង់អាចចំពោះការសម្រេចបានរបស់កម្ពុជា
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសានស៍បញ្ជាក់ថា ស្រ្តីនៅកម្ពុជាបានរួមចំណែកដ៏អស្ចារ្យ ក្លាហាន និងស្មារតីអង់អាចក្នុងការប្រឈមនឹងភាពមិនអនុគ្រោះនានា ក៏ដូចជាការសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោម ប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នៅវិមានសន្តិភាព ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមថ្លែងថា ប្រធានបទសម្រាប់ឆ្នាំនេះ គឺស្របតាមប្រធានបទសកលផង និងបរិបទរបស់ប្រទេសកម្ពុជាផង ដោយផ្ដោត លើភាពបន្ទាន់នៃបរិយាបន្នសមភាពយេនឌ័រ ធានាថា គ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកឱ្យនៅឯកា ដោយមិនគិតពីស្ថានភាព សង្គមសេដ្ឋកិច្ច ជាតិសាសន៍ ពណ៌សម្បុរ ពិការភាព ឬកត្តាផ្សេងទៀត និងបានផ្តោតសំខាន់ លើសិទ្ធិផ្លូវច្បាប់, ឱកាសសេដ្ឋកិច្ច, ការចូលរួមនយោបាយ, សិទ្ធិទទួលបានការអប់រំ និងការការពារពីអំពើហិង្សា យេនឌ័រ។
ឯកឧត្តមគូសបញ្ជាក់ថា ស្រ្តីគឺជានិម្មាបនករនៃការផ្លាស់ប្តូរ និងលើសពីនេះស្រ្តីក្នុងតួនាទីជា អ្នកដឹកនាំ ជាសហគ្រិន ជាម្តាយ ជាភរិយា ជាអ្នកគ្រូ និងជាអ្នកអប់រំទូន្មានក្នុងគ្រួសារ ដែលជាកម្លាំងនៃបរិវត្តកម្មសង្គម។ សម្រាប់ កម្ពុជាបានចាប់ផ្តើមឡើងជាប្រជាជាតិមួយ ដោយយកស្រ្តីជាធំ ឬមាតាធិបតេយ្យ ហើយវប្បធម៌នៃមាតាធិបតេយ្យនេះ បានជ្រួតជា្រប ពេញសង្គមកម្ពុជារហូតមកទល់បច្ចុប្បន្ន ដែលជាការបង្ហាញឱ្យឃើញពីគុណភាពយេនឌ័រ នៅកម្ពុជាក្នុងប្រវត្តិសាស្រ្តជាងពីរពានឆ្នាំរបស់ខ្លួន។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក៏ដូចជាសា្ថប័នក្រសួង អង្គភាពទាំងថ្នាក់ជាតិ និងក្រោមជាតិនានា ប្តេជ្ញាបន្តប្រើប្រាស់សក្តានុពល និងកាលានុវត្តភាពនានា ក្នុងការ ដឹកនាំភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ឆ្នាំ២០២៤-២០២៨ ផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រតាមវិស័យ ស្របតាមការចង្អុល បង្ហាញក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី








-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា