ព័ត៌មាន
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រៀបចំពិធីបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់”
ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់” ដើម្បីបំពេញតម្រូវការឈាមសម្រាប់មន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ។
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គីម រិទ្ធី ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់នេះ។ លោក បានសង្កត់ធ្ងន់ថា កម្មវិធីនេះមិនត្រឹមតែជាការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការចែករំលែកក្តីស្រឡាញ់ក្នុងសហគមន៍ផងដែរ។ លោកក៏បានកោតសរសើរចំពោះកងកម្លាំងនគរបាលទាំងអស់ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
ក្នុងពិធីនោះដែរ ឯកឧត្តម គីម រិទ្ធី បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងទាំងអស់ដែលបានចូលរួមបរិច្ចាគឈាម។ ឯកឧត្តមបានគូសបញ្ជាក់ថា សកម្មភាពនេះគឺជាផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក “ផ្តល់ឈាម គឺផ្តល់ក្តីស្រឡាញ់” និងបានបង្ហាញពីការយល់ដឹងអំពីអត្ថប្រយោជន៍នៃការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
ឯកឧត្តមបានបន្តថា ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គឺជាអំពើដ៏ប្រពៃ និងជាកាយវិការមនុស្សធម៌ដ៏ឧត្តុង្គឧត្តម។ ឈាមជាសារធាតុរាវដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត ហើយអ្នកជំងឺជាច្រើនត្រូវការឈាមជាចាំបាច់។ ការបរិច្ចាគឈាមរបស់លោកអ្នក អាចជួយសង្គ្រោះជីវិតពួកគេ និងផ្តល់ក្តីសង្ឃឹមដល់ពួកគេ និងក្រុមគ្រួសាររបស់ពួកគេ។
សូមបញ្ជាក់ថា កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ៣១៩ នាក់ ស្រី ៦១ នាក់ ក្នុងនោះមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមចំនួន ១៩៥ នាក់។ អ្នកមិនមានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាគមានចំនួន ១១២ នាក់ ស្រី ២៧ នាក់។ ឈាមដែលប្រមូលបានមានចំនួន ៨៣ សាក់ ដែលមានក្រុមឈាម O+ ចំនួន ៣១ សាក់, AB+ ចំនួន ៤ សាក់, A+ ចំនួន ២២ សាក់ និង B+ ចំនួន ២៦ សាក់៕











-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន