ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យឈាង រ៉ា អញ្ជើញប្រកាសជាផ្លូវការយុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី ការប្រកាសជាផ្លូវការ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល, នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ។
សមាសភាពចូលរួមមានចំនួន២០៦រូប អញ្ជើញមកពីក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (ប.អ.ជ.គ) ធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍ នៃរដ្ឋាភិបាលអាល្លឺម៉ង់ (KFW) នាយកដ្ឋានកិច្ចការបរទេស និងពាណិជ្ជកម្មប្រទេសអូស្ត្រាលី (DFAT) និងមូលនិធិហិរញ្ញប្បទានសកលសម្រាប់គ្រប់ស្ត្រី កុមារ និងយុវវ័យ (GFF) អភិបាលរងខេត្ត ទាំង២៥ រាជធានី-ខេត្ត និងដៃគូពាក់ព័ន្ធ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងថា ការប្រកាសបើកជាផ្លូវការ នូវយុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ដើម្បីអំពាវនាវដល់អ្នកចូលរួមទាំងអស់ ផ្តល់កិច្ចសហការ គាំទ្រ តាមគ្រប់រូបភាព ធ្វើយ៉ាងណាឱ្យយុទ្ធនាការ ផ្សព្វផ្សាយ អំពីការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល ទៅដល់គ្រប់ក្រុមគោលដៅ ទាំងអស់។ មូលនិធិសមធម៌សុខាភិបាល គឺជាការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ស្តីពីការពង្រីកប្រព័ន្ធគាំពារសុខភាពសង្គមនៅកម្ពុជា ដែលមានចែងក្នុងកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល សំដៅការផ្តល់ការគាំពារដល់ពលរដ្ឋមកពីគ្រួសារក្រីក្រឱ្យទទួលបានសេវាសុខភាព ប្រកបដោយសមធម៌ គុណភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពដោយមិនមានហានិភ័យផ្នែកហិរញ្ញវត្ថុ។
ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបន្ថែមទៀតថា ការលើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងប្រព័ន្ធគាំពារសង្គម គឺជាការគិតគូរប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងសុខុមាលភាពរបស់ពលរដ្ឋ តាមរយៈការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំឡើងថែមទៀត។ ដើម្បីធានាឆ្ពោះទៅសម្រេចបាននូវគោលដៅ នៃផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជាពិសេសការបង្ការហានិភ័យផ្នែកហិរញ្ញវត្ថុដល់គ្រួសារគោលដៅ ចាំបាច់ត្រូវមានការតាមដាន និងដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន ដែលរារាំងដល់ការប្រើប្រាស់សេវាសុខភាព របស់ក្រុមគោលដៅគ្របដណ្តប់ដោយមូលនិធិសមធម៌សុខាភិបាល។ ដូច្នេះ យុទ្ធនាការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌ដែលប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃនេះពិតជាមានសារសំខាន់ណាស់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍នៃមូលនិធិសមធម៌ ដែលបង់ថ្លៃជួសដោយរាជរដ្ឋាភិបាល ផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថរបស់ក្រុមគោលដៅ ព្រមទាំងធ្វើការផ្លាស់ប្តូរឥរិយាបថអ្នកផ្តល់សេវាក្នុងការផ្តល់សេវាប្រកបដោយគុណភាព សមភាព និងសមធម៌ មិនមានការរើសអើងដល់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏សូមថ្លែងអំណរគុណដល់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលគាំទ្រដោយធនាគាពិភពលោក និងដៃគូដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌តាមរយៈការគាំទ្រឱ្យមានយុទ្ធនាការដ៏មានសារសំខាន់នេះ។
សូមបញ្ជាក់ផងដែរថា មូលនិធិសមធម៌សុខាភិបាល គឺជាសមាសធាតុមួយនៅក្នុងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដែលរួមចំណែក ដល់ការដោះស្រាយបញ្ហាសុខភាពរបស់គ្រួសារងាយរងហានិភ័យ និងការកាត់បន្ថយចំណាយ ថវិការបស់គ្រួសារ ទាំងនោះលើការថែទាំ និងព្យាបាលជំងឺសំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារនីមួយៗនៅកម្ពុជា។ លើស ពីនេះទៅទៀត មូលនិធិសមធម៌សុខាភិបាលបានរួមចំណែកដល់ហិរញ្ញប្បទានវិស័យសុខាភិបាល ដ៏មានសារៈ សំខាន់ដើម្បីជំរុញឱ្យមានការប្រើប្រាស់ និងកែលម្អសេវាថែទាំសុខភាពសាធារណៈនៅថ្នាក់មូលដ្ឋាន។ ដោយការ រួមចំណែក ដ៏មានសារសំខាន់នេះ មូលនិធិសមធម៌សុខាភិបាល គឺជាទម្រង់មួយនៃហិរញ្ញប្បទានវិស័យសុខាភិបាល ដែលមានភាពលេចធ្លោរគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ដើម្បីជំរុញការប្រើប្រាស់មូលនិធិសមធម៌ សុខាភិបាល មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នៃក្រសួងសុខាភិបាល បានរៀបចំការធ្វើយុទ្ធនាការលើក កម្ពស់ ការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល តាមរយៈការផលិតសម្ភារអប់រំផ្សព្វផ្សាយរួមមាន វីដេអូស្បត ស្សិតវិទ្យុ បដា ផ្ទាំងប៉ាណូ រូបភាពផ្ទាំងធំ សន្លឹកផ្ទាត់ ខិត្តប័ណ្ណ សៀវភៅជំនួយស្មារតី និងតារាងមាតិកាផ្សព្វផ្សាយ តាម បណ្តាញសង្គម ដែលត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយទូទាំងប្រទេស៕ អត្ថបទ រដ្ឋា

-
ព័ត៌មាន3 days ago
ប្រធានអាស៊ានប្តូរវេន អំពាវនាវដល់មេដឹកនាំកម្ពុជា និងថៃ អនុវត្តបទឈប់បាញ់ជាបន្ទាន់ និងសន្ទនាដោយសន្តិវិធី
-
ព័ត៌មាន1 week ago
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days ago
TOP STORY | សម្ដេចតេជោ៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់»
-
ព័ត៌មាន5 days ago
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ អនុវត្តការងារថែទាំផ្លូវជាតិលេខ៦២ ប្រវែងជាង២០១គីឡូម៉ែត្រ ដើម្បីសុវត្ថិភាពចរាចរណ៍
-
ព័ត៌មាន16 hours ago
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
-
ព័ត៌មាន20 hours ago
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ៖ សាលានាយទាហាន ពលទាហាន តាមបណ្តាភូមិភាគគួរត្រូវបានរៀបចំក្នុងកាលៈទេសៈនេះ ខណៈកម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធាចាប់ពីឆ្នាំក្រោយ
-
ព័ត៌មាន1 week ago
CMAC បញ្ជូនគ្រូបង្គោលបណ្តុះបណ្តាលជំនាញ អប់រំយល់ដឹងពីមីន និងសំណល់គ្រាប់យុទ្ធភណ្ឌដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ទូទាំងខេត្តកណ្តាល