ព័ត៌មាន
ក្រសួងការងារ៖ ជនមានពិការភាពទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើង
មន្រ្តីអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកខ្ពស់លើជនមានពិការភាព តាមរយៈការផ្តល់ឱកាសសិទ្ធិពេញលេញ ភាពស្មើមុខស្មើមាត់គ្នា ក្នុងការទទួលបានការងារធ្វើសមរម្យ និងកិច្ចគាំពារសង្គម។ ទាំងជនមានពិការភាព និងជនមិនមានពិការភាពគឺទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាលស្មើភាពគ្នា ដោយមិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និងនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងក្នុងបណ្តាញសង្គមឲ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិតែងតែគាំទ្រលើកស្ទួយ និងយកចិត្តទុកដាក់ខ្ពស់ចំពោះជនមានពិការភាព ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ប្រកបដោយភាពសមរម្យ ទទួលបានឱកាសស្មើភាពគ្នា ដូចពលរដ្ឋទូទៅដែរ។ នៅកម្ពុជាគ្មានឡើយការរើសអើងជនដែលមានពិការភាព ជាពិសេសនៅក្នុងវិស័យការងារជនមានពិការភាពត្រូវបានលើកទឹកចិត្ត។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា បើតាមច្បាប់ស្តីពីការងារវិស័យឯកជនត្រូវទទួលជនដែលមានពិការភាពចូលបម្រើការងារ ក្នុងនោះត្រូវមានចំនួន ១ភាគរយ នៃចំនួនកម្មករនិយោជិតសរុប។
គិតមកត្រឹមចុងឆ្នាំ២០២៤ មានក្រសួង ស្ថាប័នចំនួន៣៩ បានទទួលយកជនមានពិការភាពចូលបម្រើការងារចំនួន ៣ ៨១៦នាក់ ក្នុងនោះស្ត្រី ៨៨២នាក់ ជនមានពិការកម្រិតធ្ងន់ចំនួន ២ ៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកានិងទទួលបានវិញ្ញាបនបត្រចំនួន២៨៧ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពទូទាំងប្រទេស។ គ្រឹះស្ថានឯកជនទាំងនេះ បានទទួលយកជនមានពិការភាពឱ្យចូលបម្រើការងារជាង ៥ ៦០០នាក់ ក្នុងនោះស្ត្រីចំនួនជាង ៣ ៥០០នាក់។ ការបញ្ជាក់បន្ថែមរបស់ឯកឧត្តមអ្នកនាំពាក្យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារក្នុងក្រសួង ស្ថាប័ន គឺជាការឆ្លើយតប និងអនុវត្តន៍ទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជនមានពិការភាពនៅក្នុងវិស័យសាធារណៈ និងឯកជន ។ លើសពីនេះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពដល់ជនគ្រប់រូប រួមទាំងជនមានពិការភាព នូវឱកាសរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីមានចំណេះជំនាញ ច្បាស់លាស់អាចប្រកបការងារ និងមានទំនួលខុសត្រូវលើមុខតួនាទីការងារបានគឺជាចំនុចសំខាន់បំផុត។ ស្របគ្នានេះដែរ ក្រសួងក៏មានសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ដែលផ្ដល់ឱកាសស្មើភាពគ្នាដល់សាធារណជនទាំងអស់ ដើម្បីមានឱកាសទទួលបានការអប់រំចំណេះជំនាញ បច្ចេកទេស និងសមត្ថភាពពិតប្រាកដដើម្បីយកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕





-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន