ព័ត៌មាន
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្ពោធជាផ្លូវការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ បានចុះអនុស្សរណៈយោគយល់ និងសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក ដើម្បីជំរុញការអភិវឌ្ឍន៍បច្ចេកវិទ្យា និងជំនាញបច្ចេកទេសដល់យុវជននៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។

នៅក្នុងកម្មវិធីនេះ បន្ទាប់ពីការរាយការណ៍របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អំពីមជ្ឈមណ្ឌលថ្មីនេះ នឹងផ្តល់ការបណ្តុះបណ្តាលតាមរយៈការអនុវត្តន៍ផ្ទាល់ជាក់ស្តែង ព្រមទាំងការអភិវឌ្ឍន៍ជំនាញ ដើម្បីធានាថា សិស្សានុសិស្សអាចទទួលបានបទពិសោធន៍អប់រំដ៏ទូលំទូលាយស្របតាមស្តង់ដារ។ ហើយតាមរយៈការចុះអនុស្សរណៈ ក្រុមហ៊ុន ប៉ាណាសូនិក នឹងធ្វើការផ្ដល់នូវម៉ាស៊ីនត្រជាក់ចុងក្រោយបង្អស់ ការបណ្តុះបណ្តាល អាហារូបករណ៍ កម្មសិក្សា និងធនធានសំខាន់ៗផ្សេងទៀត ដល់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានសម្តែងការអបអរសាទរ និងមានប្រសាសន៍ថា តាមរយៈការផ្តល់នូវសម្ភារៈបរិក្ខារទំនើបៗ និងការបណ្តុះបណ្តាលតាមស្តង់ដារនេះ ត្រូវបណ្ដុះបណ្ដាលសិស្សនិស្សិតនូវជំនាញចាំបាច់ និងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ និងវិស័យឧស្សាហកម្ម។ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុន ប៉ាណាសូនិក តាមរយៈ ការបរិច្ចាគឧបករណ៍ ម៉ាស៊ីនត្រជាក់ កម្មវិធីបណ្តុះបណ្តាល និងជំនួយផ្នែកអប់រំជាបន្តបន្ទាប់ ដល់វិទ្យាស្ថាន ITC ។

ជាមួយគ្នានោះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ។ ឯកឧត្តម សង្ឃឹមថា និស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មដែលត្រូវបានគាំទ្ររួមគ្នាដោយវិស័យសាធារណៈ និងឯកជនរបស់ប្រទេសជប៉ុន នឹងដើរតួយ៉ាងសកម្មនៅក្នុងក្រុមហ៊ុនជប៉ុនជាច្រើននាពេលអនាគត។ ឯកឧត្តម បានបន្ថែមថា កិច្ចសហការនេះ នឹងលើកកម្ពស់វិទ្យាស្ថាន ITC ឱ្យក្លាយទៅជាវិទ្យាស្ថានឈានមុខគេសម្រាប់ការសិក្សាផ្នែកវិស្វកម្មមេកានិកក្នុងប្រទេសកម្ពុជា និងបំពាក់បំប៉នយុវជនកម្ពុជានូវជំនាញចាំបាច់ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារពិភពលោក។

បើតាម លោក Hisakazu Maeda អគ្គនាយក នៃសាខាក្រុមហ៊ុន ប៉ាណាសូនិក អេស៊ា ប៉ាស៊ីហ្វិក ភាពជាដៃគូនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរួមគ្នា ដើម្បីរៀបចំយុវជនកម្ពុជាសម្រាប់អនាគត។ នៅពេលដែលបច្ចេកវិទ្យាជឿនលឿនក្នុងល្បឿនដ៏លឿន ប្រព័ន្ធអប់រំត្រូវតែវិវឌ្ឍន៍ជាចាំបាច់ ដើម្បីធានាថានិស្សិតទទួលបានជំនាញជាក់ស្តែងបន្ថែមលើចំណេះដឹងទ្រឹស្តី។ គំនិតផ្តួចផ្តើមនេះមិនមែនគ្រាន់តែជាការបើកដំណើរការមជ្ឃមណ្ឌលបណ្តុះបណ្តាលតែប៉ុណ្ណោះទេ វាគឺជាការវិនិយោគយុទ្ធសាស្ត្រ ក្នុងកម្លាំងពលកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សូមជំរាបជូនថា កិច្ចសហការ រវាងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុន ប៉ាណាសូនិក ជាគំរូដ៏ល្អសម្រាប់ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលអាចជំរុញការអប់រំបច្ចេកវិទ្យា និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសម៉ាស៊ីនត្រជាក់ ប៉ាណាសូនិក ដែលទើបបង្កើតថ្មីនេះ នឹងផ្តល់ឱ្យនិស្សិត វិទ្យាស្ថាន ITC នូវបទពិសោធន៍ប្រើប្រាស់បច្ចេកវិទ្យាស្តង់ដារ បង្កើនជំនាញបច្ចេកទេសរបស់ពួកគេបន្ថែមទៀត ព្រមទាំងរៀបចំពួកគេសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារការងារពិភពលោក៕ អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន1 day agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន6 days agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន6 days agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន2 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»