ព័ត៌មាន
ការប្រកួតកីឡាដណ្តើមពានរង្វាន់នាយឧត្តមសេនីយ៍កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បញ្ចប់ដោយជោគជ័យ
ការប្រកួតកីឡា ប្រឡងប្រណាំង ៨វិញ្ញាសារយោធា ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ឆ្នាំ២០២៥ ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ត្រូវបានប្រារព្ធពិធីបិទការប្រកួតផ្លូវការ ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
ឧត្តមសេនីយ៍ត្រី លី ឧត្តម ស្នងការរង ស្នងការដ្ឋានឃោសនា-ព័ត៌មាន តំណាងឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង បានឲ្យដឹងថា ការប្រកួតនេះ បានធ្វើការប្រកួតជម្រុះ ពីថ្ងៃ២៦ ខែកុម្ភៈ ដល់ថ្ងៃទី១៧ ខែមនា ឆ្នាំ២០២៥ ដោយមានកីឡាករចូលរួមចំនួន ២២ក្រុម មកពីកងឯកភាពចំណុះបញ្ជាការដ្ឋានអង្គរក្ស ។
ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ កងអន្តរាគមន៍ទី៣ ការពារ៣១១ ទទួលបានចំណាត់ថ្នាក់លេខ១លើវិញ្ញាសាសណ្តាប់ធ្នាប់ជួរទ័ព និងលំហាត់ប្រាណយោធា វិញ្ញាសារត់ប្រដាប់អាវុធចម្ងាយ ៧គីឡូម៉ែត្រ និងវិញ្ញាសាសែងប្រង់ការ៥០គីឡូក្រាម ចម្ងាយ៤គីឡូម៉ែត្រ និងវិញ្ញាសាបាល់ទះ។
វិញ្ញាសាឆ្លងកាត់ឧបសគ្គទាំង២៥ លេខ១បានទៅលើកងវរសេនាតូចទី១ កាំជ្រួចការពារអាកាស ឯ វិញ្ញាសាអូស-រុញរថយន្តទម្ងន់ ៧តោន កងអន្តរាគមន៍ទី១ ប្រឆាំងភេរវកម្ម ទទួលបានចំណាត់ថ្នាក់លេខ១ , វិញ្ញាសាបាញ់អាវុធវែងអាកា៤៧ បីចម្ងាយ បីកាយវិការ និងចោលគ្រាប់បែក កងអន្តរាគមន៍ទី១ កាំជ្រួចការពារអាកាស ទទួលបានចំណាត់ថ្នាក់លេខ១ , និងវិញ្ញាសារដោះរៀបអាវុធបីប្រភេទ កងអន្តរាគមន៍ចល័ត៩៩៩ ទទួលបានចំណាត់ថ្នាក់លេខ១។
នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្ករក្ស បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃចំពោះកីឡាករ ដែលនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលបានខិតខំប្រឹងប្រែង ក្នុងការប្រកួតប្រឡងប្រណាំងនេះ។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍បន្តថា ការរៀបចំការប្រកួតប្រឡងប្រណាំងនេះ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស និងស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទ។ ឯកឧត្តម កិតិ្តសង្គហបណ្ឌិត មានប្រសាសន៍បន្តថា យើងសូមអរគុណចំពោះសន្តិភាព និងនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបាននាំមកនូវការឯកភាពជាតិពេញលេញនូវទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើដល់ក្រុមកីឡាករ ក៏ដូចជានាយ និងពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ត្រូវបន្តថែរក្សាសុខភាព និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ដោយប្តូរពីការប្រើប្រាស់គ្រឿងញៀន មកជាការលេងកីឡាពង្រឹងនូវកាយសម្បទា សាមគ្គីភាពផ្ទៃក្នុង និងការងារហ្វឹហ្វឺន ពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំងបី គឺលះបង់ ស្មោះត្រង់ និងបម្រើ ការពារប្រមុខថ្នាក់ដឹកនាំ និងក្រុមគ្រួសារ ហើយបោះទ័ពនៅទីណា ត្រូវជួយប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋស្រលាញ់ ពេលចេញទៅឲ្យប្រជាជននឹករលឹក។ ហើយបានជម្រុញឲ្យក្រុមកីឡាករ ខិតខំហ្វឹកហាត់ ដើម្បីប្រកួតដណ្តើមពានរង្វាន់ អបអរសាទរខួបបញ្ជាការដ្ឋាអង្គរក្ស នៅខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះជាបន្តទៀត។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តល់ជូនរង្វាន់លើកទឹកចិត្តជ័យលាភី ក្រុមកីឡាចំណាត់ថ្នាក់លេខ១ នូវថវិកាចំនួន ៣ពាន់ ៥០០ដុល្លា រួមនឹងភេសជ្ជៈ ហើយចំណាត់ថ្នាក់លេខ២ ថវិកា ៥លានរៀល រួមនិងភេសជ្ជៈផងដែរ៕






-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា