ព័ត៌មាន
កម្ពុជាបង្កើតការិយាល័យច្រកចេញចូលតែមួយនៅខេត្តព្រះសីហនុលើផ្ទៃដី ៨០ហិកតា គាំទ្រការកែច្នៃ និងនាំចេញកសិផល
រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ បង្កើតការិយាល័យច្រកចេញចូលតែមួយ ប្រចាំនៅសួនកសិ-ឧស្សាហកម្ម ស្ថិតនៅស្រុក កំពង់សីលា ខេត្តព្រះសីហនុ មានផ្ទៃដី ៨០ ហិកតា ក្នុងទុនវិនិយោគ ១០០ លានដុល្លារ ដើម្បីគាំទ្រដល់ការកែច្នៃ និងការនាំចេញ កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើការបង្កើត និងដំណើរការការិយាល័យ “ច្រកចេញចូលតែមួយ” ដើម្បីប្រចាំការនៅសួនកសិ-ឧស្សាហកម្ម របស់ ក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK(CAMBODIA) PLC. ស្ថិតនៅភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
សួនកសិ-ឧស្សាហកម្មនេះ មានផ្ទៃដីទំហំ៨០ ហិកតា មានទុនវិនិយោគប្រមាណ១០០ លានដុល្លារអាមេរិក បង្កើតឡើងដើម្បី ជំរុញការកែច្នៃ និងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្តល់សេវានានា ជាខ្សែច្រវាក់ផលិតកម្មប្រមូលផ្តុំ និងមានចរិតជាប្រព័ន្ធអេកូឡូស៊ីដូចជា ការលាងសម្អាត ឃ្លាំងត្រជាក់ ឃ្លាំងសម្ងួត ការកែច្នៃ និងការវេចខ្ចប់ជាដើម។ គម្រោងសួន កសិ-ឧស្សាហកម្មនេះ ទទួលបានគោលការណ៍លើកទឹកចិត្តពិសេស ពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ស្ថិតក្រោម វិសាលភាព នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យបន្ត អនុវត្តរហូត ដល់ដំណាច់ឆ្នាំ២០២៥ ។
កម្មវិធីពិសេសនេះ ផ្តល់ការលើកទឹកចិត្តសម្រាប់គម្រោង៤ប្រភេទ ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ២០២៥ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំងនិងជាគម្រោងថ្មី, ការពង្រីកគម្រោង, និងគម្រោងមានស្រាប់ នៅក្នុងខេត្តព្រះសីហនុ។ កម្មវិធីនេះបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាយន្តការអន្តរក្រសួង ដើម្បីធ្វើការ ពិនិត្យ និងសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តពិសេស, ផ្តល់ការគាំទ្រ, សម្របសម្រួល និងជួយដោះស្រាយបញ្ហាជូនវិនិយោគិន។
សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានសម្រេចឯកភាពជាគោលការណ៍ អនុញ្ញាតឱ្យក្រុមហ៊ុន NATIONAL AGRO-INDUSTRY PARK(CAMBODIA) PLC. បង្កើតសួនកសិ-ឧស្សាហកម្មនេះ និងអនុញ្ញាតឱ្យបង្កើតការិយាល័យ “ច្រកចេញ ចូលតែមួយ” ដែលមានសមាសភាពមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជ កម្ម, រដ្ឋបាលខេត្តព្រះសីហនុ, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងផ្តល់ការគាំទ្របច្ចេកទេសលើការកែច្នៃកសិផល, កិច្ច សម្រួលពាណិជ្ជកម្ម, នីតិវិធីបញ្ចេញទំនិញពីគយ និងការជំរុញការនាំចេញ ព្រមទាំងការផ្តល់វិញ្ញាបនបត្រស្តង់ដាអនាម័យ, លិខិត អនុញ្ញាតនាំចេញ/នាំចូល, និងការលើកដាក់ទំនិញនៅកំពង់ផែ។ ការបង្កើតសួនកសិ-ឧស្សាហកម្មនេះ ស្របនឹងអាទិភាពរបស់ រាជរដ្ឋាភិបាល ដែលអាចក្លាយជាសួនសាកល្បង និងគំរូមួយសម្រាប់រៀនសូត្រ និងដកស្រង់ពិសោធន៍ក្នុងការអភិវឌ្ឍសួន ឬ តំបន់ កសិ-ឧស្សាហកម្មនៅកន្លែងដទៃទៀត៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន7 hours ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថា អតីតព្រះសង្ឃ ជួន កក្កដា នៅតែជួយដល់សង្គមតាមរយៈការអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមានសីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌
-
កីឡា5 days ago
អ្នកលេងគុនខ្មែរមកពីខេត្តព្រៃវែង លន បញ្ញា ល្អឡើងៗប្រមាណ ១០ប្រកួតចុងក្រោយនេះផ្ដួលដៃគូឲ្យសន្លប់បោះបង់ការប្រកួតមុនបញ្ចប់ទឹករហូត ស្របពេលនេះកំពុងហ្វឹកហាត់យ៉ាងសកម្មបន្តទៀតត្រៀមប៉ះជើងខ្លាំងមកពីប្រទេសអ៊ុយក្រែន។
-
កីឡា2 days ago
ប្រធានសហព័ន្ធប្រដាល់សកល ចាត់ទុកកម្មវិធីអន្ដរក្លិប ជាចលករថ្មី ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍
-
កីឡា2 days ago
ភ្នំពេញក្រោន ឈរចាំវិសាខា និង Tiffy Army ក្នុងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ-ថ្នាក់ជាតិ
-
ព័ត៌មាន1 day ago
នាវាកងទ័ពជប៉ុនមានអាទិភាពមុនគេបង្អស់ក្នុងការចូលចតនៅកំពង់ផែរាមបន្ទាប់ពីសាងសង់រួច
-
ព័ត៌មាន1 day ago
ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការរៀបចំគុណវុឌ្ឍិ និងការពិពណ៌មុខតំណែងរបស់មន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ»
-
ព័ត៌មាន1 day ago
ឯកឧត្តម ហ៊ុន ម៉ានី៖ ការលាបពណ៌ ការរើសអើង គឺជាប្រភពនៃការបែកបាក់សាមគ្គី ហើយនាំឲ្យជាតិចុះខ្សោយ
-
ព័ត៌មាន1 day ago
សមាគមអភិវឌ្ឍន៍សង្គមខ្មែរ សហការជាមួយដៃគូក្នុងស្រុកចូលរួមលើកកម្ពស់ផលិតផលខ្មែរ