Connect with us

ព័ត៌មាន

សម្រង់ប្រសាសន៍សំខាន់ៗសម្ដេចតេជោ​ ហ៊ុន​ សែន​ ​ក្នុងពិធីសម្ពោធ​ជាផ្លូវការ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន​ ត្បូងឃ្មុំ

នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួម​ជាមួយ​ការ​សម្ពោធព្រមគ្នា​នូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។

នៅព្រឹក ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយ​ឥតសំណង​របស់​រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួម​ជាមួយ​ការ​សម្ពោធព្រមគ្នា​នូវអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖

– សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំ ដែលមិនត្រឹមផ្តល់សេវាកម្មរក្សាសុខភាព និងព្យាបាលជំងឺ ដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំនោះទេ វានឹងមានវិសាលភាពផ្តល់សេវាសុខាភិបាលដល់ពលរដ្ឋខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីថែមទៀត។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាចំណងដៃ កើតចេញពីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-ចិន ជូនដល់ប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ និងមានវិសាលភាពគ្រប់ដណ្តប់ដល់ប្រជាពលរដ្ឋទូទាំងប្រទេសក៏ថាបាន។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ បានទទួលការយកចិត្តមទុកដាក់ខ្ពស់បំផុតពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ី ជិនពីង ដើម្បីធ្វើអោយកាន់តែល្អប្រសើរថែមទៀត ផ្នែកវិស័យសុខាភិបាលកម្ពុជា និងមិត្តភាពដ៏យូរអង្វែងបន្ថែមទៀតរវាងកម្ពុជា-ចិន។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពាក់កណ្តាលខែឧសភា រហូត​ដល់​ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ សម្តេចមិនអាចចាកចេញពីប្រទេសបានទេ ដោយសារ​កម្ពុជា​ត្រូវរៀប​ចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹង​ឈានចូល​មក​ដល់​នាពេលឆាប់ៗខាងមុខនេះ។

– សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច​សូម​ទទួល​យក​ការ​រិះគន់​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល​កម្ពុជា​នៅ​ទន់ខ្សោយ សម្ភារៈបរិក្ខាពេទ្យមិនសូវទនើប តែកម្ពុជា​មាន​ឆន្ទៈ​ធ្វើ​ឲ្យ​​ប្រសើរ​ឡើង​ជា​លំដាប់​ នូវវិស័យសុខុមាលភាពដ៏សំខាន់មួយនោះ និងពង្រឹង​ឆន្ទៈ​ក្រុម​គ្រូពេទ្យ​ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ ព្រមទាំងឆន្ទៈនយោបាយ ដែលដាក់ចេញ​ចំពោះវិស័យមួយនេះ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាលំបាក លើសពីការលំបាកពីអតីតកាល ជាពិសេសវិស័យសុខាភិបាល និងការតភ្ជាប់ ហើយអ្វីដែលយើងត្រូវប្រឹងប្រែងនាពេលនេះ គឺការពង្រឹងឆន្ទៈ នៃដំណោះស្រាយជនបទ ជូនប្រជាពលរដ្ឋ។

-សម្ដេចតេជោ ហ៊ុន សែន ថ្លែងនៅឆ្នាំ១៩៩៨ ពលរដ្ឋសង្ឃឹមរស់ត្រឹមអាយុជាង ៥០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែឥឡូវសង្ឃឹមរស់ដល់ជាង ៧០ឆ្នាំ ឬ​រហូត​ដល់​ជាង ៩០ឆ្នាំ ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រុមមគ្រូពេទ្យត្រូវមានក្រមសីលធម៌ និងវិជ្ជាជីវៈ ទោះកម្ពុជាខ្វះខាតថ្នាំ ឬខ្វះខាតឧបករណ៍បច្ចេកទេសបរិក្ខាទំនើបៗ ក៏អ្នកជំងឺសប្បាយចិត្តដែរ ព្រោះមានការយកចិត្តទុកដាក់ថែទាំពីគ្រូពេទ្យ។

– សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ទោះជាអូមីក្រុងមិនធ្ងន់ធ្ងរ​បណ្តាលឲ្យ​ស្លាប់ក៏ពិតមែន តែជំងឺនេះបណ្តាលឲ្យមានហានិភ័យសុខភាពនៅក្រោយក៏ថាបាន។

– សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ គឺជាសេដ្ឋកិច្ច ព្រោះ​បើគ្មាន​ការចាក់វ៉ាក់សាំងទេ កម្ពុជាមិនអាចដំណើរការបើកប្រទេសឡើងវិញបានឡើយ ហើយកម្ពុជា​ក៏មិនអាច​អនុញ្ញាតឲ្យ​មានការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹងឈាន​ចូលមក​ដល់នាពេលឆាប់ៗខាងមុខនេះបានដែរ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់បន្ថែមថា កម្ពុជាមិនគាំទ្រសកម្មភាពបំបែករដ្ឋ, មិនគាំទ្រប្រើប្រាស់កម្លាំង ដើម្បីដោះស្រាយបញ្ហា និងគាំទ្រឲ្យភាគីជម្លោះចូលតុចរចាគ្នា ដើម្បី​ឈាន​ទៅរកបទឈប់បាញ់ និងសន្តិភាព។

– សម្ដេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ទោះកម្ពុជាខ្វះវ៉ាក់សាំង ប៉ុន្តែមិនចាក់វ៉ាក់សាំងហួសកាលបរិច្ឆេទដល់ពលរដ្ឋនោះទេ ហើយកម្ពុជាក៏មិនមែន​កន្លែង​ចោលវ៉ាក់សាំងហួសដឺលេនោះដែរ ។

– សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសដល់ភាគីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ឲ្យមាន​បទឈប់បាញ់នៅនឹងកន្លែង ដោយសម្តេចបញ្ជាក់ថា រុស្ស៊ីមិនអាចយកឈ្នះអ៊ុយក្រែនបានឡើយ ហើយកងទ័ពរុស្ស៊ី ក៏មិនអាចសម្លាប់កងទ័ពអ៊ុយក្រែនឲ្យអស់ពីទឹកដីនោះដែរ។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសកុំឲ្យ​ប្រជាពលរដ្ឋខ្មែរធ្វើសកម្មភាពជ្រុសហួស រហូត​សុំទៅធ្វើ​ទ័ពជួយអ៊ុយក្រែន ដូចប្រជាជននៃបណ្តាប្រទេសមួយចំនួន ដោយសម្តេចបញ្ជាក់ថា សកម្មភាព​ទាំងនោះ មិនខុសពីយក​សាំងទៅដាក់លើភ្លើងនោះទេ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាពបែបនោះឡើយ លើកលែង​ក្នុងក្របខណ្ឌ​រក្សាសន្តិភាព​ក្រោមឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​ប៉ុណ្ណោះ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា តម្រូវការជាអាទិភាពកំពូល ក្នុងប្រទេស​អ៊ុយក្រែន​នាពេលនេះគឺ សន្តិភាព។ បើគ្មានសន្តិភាពទេ កុំនិយាយដល់សិទ្ធិមនុស្ស សិទ្ធិរស់រានមានជីវិត និង​លទ្ធិប្រជាធិបតេយ្យអោយសោះ។ សិទ្ធិមនុស្ស សិទ្ធិរស់រានមានជវិត និងលទ្ធិប្រជាធិបតេយ្យ មិនមាន​ក្រោមបរិយាកាសប្រទេសកើតសង្គ្រាម ក្រោមគ្រាប់បែក ឬគ្រាប់ផ្លោងនោះទេ។

– សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជារក្សាឲ្យ​បាននូវសុខសន្តិភាព ស្ថិរភាព​នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។ បើកម្ពុជារក្សាបាន នោះកម្ពុជា​នឹងធ្វើ​ដំណើរ​ទៅមុខ​ប្រកប​ដោយវឌ្ឍនភាព​ខ្ពស់ជាលំដាប់។

– សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅពេលនេះមានអភិបាលខេត្តចំនួន៣ខេត្តហើយ ដែលកើតជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្នុងនោះមានអភិបាលខេត្តកំពង់ចាម ,កំពង់ស្ពឺ និងកំពត ហើយ​សម្តេចក៏បានអំពាវនាវកុំឲ្យ​មានទស្សនៈបែបលេងសើចថា “បើមិនកើតកូវីដ មិនទាន់សម័យ។

អត្ថបទពី៖ BTV

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia