ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសាធារណការ អញ្ជើញបើកសិក្ខាសាលាលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យពាក់ព័ន្ធស្ដីពីការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដពី កិច្ចសហប្រតិបត្តិការគ្រប់វិស័យពាក់ព័ន្ធស្ដីពីការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយ JICA សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូននៃខេត្តពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។
សិក្ខាសាលានេះធ្វើឡើងដើម្បីចែករំលែកលទ្ធផលនៃគម្រោងសុវត្ថិភាពចរាចរណ៍ ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន និងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអ្នកពាក់ព័ន្ធគ្រប់វិស័យក្នុងការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ថ្លែងនៅក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទីភ្នាក់ងារ JICA និងក្រុមអ្នកជំនាញការជប៉ុន ដែលបានខិតខំប្រឹងប្រែង និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយថ្នាក់ដឹកនាំ និងក្រុមការងារជំនាញនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន រហូតសម្រេចបាននូវលទ្ធផលនៃគម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិលេខ៥ នាពេលនេះ។ សមិទ្ធផលនៃគម្រោងនេះនឹងរួមចំណែកក្នុងការសម្រេចផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករងរបួសឱ្យបាន ៥០% នៅឆ្នាំ២០៣០។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងការអនុវត្តផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តផ្តោតលើការងារជួសជុលថែទាំផ្លូវ-ស្ពាន និង បំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ រួមទាំងការគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឱ្យមានប្រសិទ្ធភាពខ្ពស់ដូចជា ការកសាងច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាបន្តបន្ទាប់។ លើសពីនេះតាមរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ ក៏បាន និងកំពុងសហការបន្តអនុវត្តកម្មវិធីដកពិន្ទុបណ្ណបើកបរចំពោះអ្នកដែលបានប្រព្រឹត្តខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ។
ក្នុងឱកាសនេះដែរ លោក សានុយ កាហ៊ីរ៉ូមាសា (SANUI KAZUMASA) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា បានថ្លែងថា កាលពីខែមីនា ឆ្នាំ២០២១ JICA និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា។ គម្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ ដោយផ្តោតទៅលើការពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការអនុវត្តការយល់ដឹងពីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគោលបំណងកាត់បន្ថយការស្លាប់ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសនៅលើកំណាត់ផ្លូវជាតិលេខ៥ ដែលផ្តោតលើចំណុចសំខាន់ៗ ៣ គឺពង្រឹងច្បាប់ ការអប់រំ និង វិស្វកម្ម ។
លោកប្រធាន JICA បានបន្តដោយសង្ឃឹមថា គម្រោងនេះនឹងរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិសំខាន់ៗក្នុងប្រទេសកម្ពុជា គិតមកទល់ពេលនេះមានរយៈពេល ៣ឆ្នាំ និង ៦ខែ ដែលបានចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០២១ ត្រូវបានចែកចេញជា ២ដំណាក់កាលគឺ៖ ដំណាក់កាលទី១ ចាប់ផ្តើមពីខែមីនា ដល់ខែវិច្ឆិកា ឆ្នាំ២០២១ និង ដំណាក់កាលទី២ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥៕

-
ព័ត៌មាន5 days ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
កីឡា1 week ago
ខ្លាំងពិតឈ្នះពិត ជំនួបជើងខ្លាំង «កំពូលអ្នកចម្បាំងអូដ្ឋ» វគ្គផ្តាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ប្រាក់រង្វាន់ធំ!
-
ព័ត៌មាន6 days ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន6 days ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន1 week ago
TOP STORY រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ
-
ព័ត៌មាន4 days ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន1 day ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន4 days ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ