ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ «អគារផ្នែកជំងឺកុមារ នឹងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសសុខភាពមាតា ទារក កុមារនៅកម្ពុជា»
នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាលក្រសួងព័ត៌មាន ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្តក្រចេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អង្គការមជ្ឈមណ្ឌលថែទាំសុខភាព ចេនឡា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ សរុបចំនួន ៦៩៤នាក់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងនូវការកោតសរសើរ ចំពោះមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ដែលបានបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងសូមកោតសរសើរចំពោះការរីកចម្រើននៃវិស័យសុខាភិបាលនៅទូទាំងខេត្ត ដែលមន្ទីរសុខាភិបាលខេត្ត សម្រេចបានការងារជាច្រើន ដូចជា៖ ១) ការផ្តល់សេវាពិនិត្យ ពិគ្រោះ និងព្យាបាលអ្នកជំងឺទាំងការពិនិត្យជំងឺក្រៅ និងការសម្រាកពេទ្យ ២) លើកកម្ពស់កម្មវិធីសុខភាពបន្តពូជយុវវ័យ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ៣) កម្មវិធីប្រយុទ្ធនឹងជំងឺឆ្លង ៤) កម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត ៥) ការពង្រឹងប្រព័ន្ធសុខាភិបាល និង ៦) ការលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ នៃការផ្តល់សេវាពិនិត្យព្យាបាលតាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា វឌ្ឍនភាពទាំងនេះ គឺមិនកើតឡើងដោយចៃដន្យនោះទេ គឺវាពិតជាបានកើតឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជាគោលដៅអាទិភាពចំពោះមុខ ដោយផ្ដោតលើការពង្រឹង និងអភិវឌ្ឍន៍វិស័យសុខាភិបាល និងប្រព័ន្ធគាំពារសង្គម។ សមិទ្ធិផលទាំងអស់នេះ មិនអាចកាត់ផ្តាច់បានពីការលះបង់របស់ថ្នាក់នាំ ជាពិសេសការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តថែរក្សាដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៍ឈ្លាសវៃ រស់រវើក ប្រកបដោយភាពស្វាហាប់ និងថាមពលរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះជ្រុងទី១ នៃបញ្ចកោណ ផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុត សម្រាប់ការជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។
ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីជាប្រយោជន៍ ក្នុងការបង្កើនការអនុវត្តជំរុញកែលម្អគុណភាពសេវាបន្ថែមទៀត៖
១. បន្តខិតខំរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងសណ្តាប់ធ្នាប់ ក៏ដូចជាពង្រឹងការគ្រប់គ្រងឱសថ ម៉ាស៊ីន ឧបករណ៍ សម្ភារៈ បរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ វេជ្ជបណ្ឌិត និង គិលានុប្បដ្ឋាក ត្រូវដើរទន្ទឹមគ្នា សហការគ្នា ទាំងបច្ចេកទេស និងក្រមសីលធម៌។
២. មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលឱ្យកាន់តែល្អប្រសើរថែមទៀត។
៣. ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការបម្រើសេវាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថាប្រជាពលរដ្ឋទទួលបានសេវាសុខាភិបាល ដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ដោយពុំមានការរើសអើង ទាំងអ្នកជំងឺប្រើ សេវាហិរញ្ញប្បទាន បេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព (ប.ស.ស.) ឬមូលនិធិសមធម៌សុខាភិបាល និងអ្នកក្រីក្រពុំមានបណ្ណខាងលើ ព្រមទាំងជនអនាថា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ។
៤. ត្រូវជំរុញការអភិវឌ្ឍសមត្ថភាពដល់មន្រ្តីជំនាញបន្ថែមទៀត ដោយត្រូវបញ្ជូនទៅចូលរួមការបណ្តុះបណ្តាលនៅមន្ទីរពេទ្យខ្ពស់ជាង
៥. ត្រូវបន្តពង្រឹងនូវសមត្ថភាពគ្រូពេទ្យកុមារ ដើម្បីសង្គ្រោះកុមារ និងទារក តាមបច្ចេកទេសត្រឹមត្រូវ ដើម្បីកុមារមានសុខភាពល្អ កុមារជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ
៦. ត្រូវបន្តខិតខំបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងឱ្យបានរឹតតែប្រសើឡើងរវាងមន្ទីរពេទ្យថ្នាក់ជាតិនិងក្រោមជាតិ ជាពិសេសការពង្រឹងប្រព័ន្ធបញ្ជូន និងការផ្តល់ដំណឹងជាមុន
៧. ត្រូវបន្តធ្វើនិយ័តកម្ម និងលើកកម្ពស់សេវាសុខាភិបាលឯកជន ឱ្យបម្រើសេវាស្របច្បាប់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ជូនប្រជាពលរដ្ឋ
៨.ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់ផ្នែក គ្រប់លំដាប់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់នៅក្នុងខេត្ត ជំរុញបង្ខិតសេវាថែទាំសុខភាពឱ្យគៀកប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សេវាសុខាភិបាល និងសុខភាពសហគមន៍ នៅខេត្តក្រចេះ ឱ្យកាន់តែទំលំទូលាយ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ខេត្តក្រចេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានចូលរួមពង្រឹងសមត្ថភាពវិស័យសុខភាពសាធារណៈនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ក្នុងការថែទាំកុមារមានជំងឺ និងរបួសធ្ងន់ធ្ងរ ស្របតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល។
សូមជម្រាបជូនថា អគារផ្នែកជំងឺកុមារចំនួន ១ខ្នង មានកម្ពស់ ២ជាន់ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ បានចំណាយថវិកាសរុបចំនួន ៩៤៥៥៦០ ដុល្លាអាម៉េរិក (ប្រាំបួនរយសែសិបប្រាំពាន់ ប្រាំរយហុកសិបដុល្លាអាម៉េរិក) ដែលជាជំនួយអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា និងជួយគាំទ្រថវិកាក្នុងការរុះរើសអាគារចាស់ ពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ៕ អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថា អតីតព្រះសង្ឃ ជួន កក្កដា នៅតែជួយដល់សង្គមតាមរយៈការអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមានសីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌
-
ព័ត៌មាន3 days ago
ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោក គឺខ្យងគោក ឬ «ខ្យងឧទយាទិត្យ» នៅភ្នំបាណន់ ខេត្តបាត់ដំបង
-
ព័ត៌មាន4 days ago
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស
-
កីឡា1 week ago
គ្រូកម្ពុជាថា ចង់ឈ្នះវៀតណាម ជារឿងពិបាក តែលោក Kim Sang Sik បានប្រុងប្រយ័ត្នខ្ពស់
-
ព័ត៌មាន3 days ago
ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
-
ព័ត៌មាន3 days ago
សម្ដេចតេជោ៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយក៏កំពុងឈឺធ្ងន់»
-
ព័ត៌មាន5 days ago
ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស
-
ព័ត៌មាន1 week ago
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិហោះឆ្លងកាត់ដ៏ធំលើពិភពលោក