ព័ត៌មាន
អគារបណ្ណាល័យនៅវិទ្យាល័យតាអោក នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សស្វែងយល់នូវចំណេះដឹងថ្មីៗ
កំពង់ធំ ÷ អគារបណ្ណាល័យដែលជាសមិទ្ធផលថ្មី នៅវិទ្យាល័យតាអោក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នឹងផ្តល់អត្ថប្រយោជន៍ ដល់សិស្សានុសិស្ស លើការសិក្សាស្រាវជ្រាវ ការស្វែងយល់នូវចំណេះដឹងថ្មីៗ ការបណ្ដុះទម្លាប់អាននិងវប្បធម៌សិក្សាពេញមួយជីវិត ដល់ សិស្ស និងសហគមន៍ទូទៅ។
លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ភោធអគារបណ្ណាល័យ វិទ្យាល័យ តាអោក ស្ថិតក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែ មីនា ឆ្នាំ ២០២៥ ម្សិលមិញនេះថា បណ្ណាល័យមានសារៈ សំខាន់ណាស់ ក្នុងការលើកកម្ពស់គុណភាពអប់រំ ការសិក្សាស្រាវជ្រាវរបស់សិស្ស ការបណ្ដុះទម្លាប់អាន និងវប្បធម៌សិក្សាពេញមួយ ជីវិតដល់សិស្ស និងសហគមន៍ទូទៅ និងគាំទ្រដល់ការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ នៅតាមសាលារៀនផងដែរ។ ដូច្នេះហើយបានជា ក្រសួងអប់រំ យុវជន និងកីឡា បោះពុម្ពសៀវភៅឯកសារជាច្រើន សម្រាប់គាំទ្រដល់គ្រឹះស្ថានសិក្សានានា។
លោកជំទាវបណ្ឌិត លើកឡើងបន្ថែមថា ទោះបីជាភាពរីកចម្រើននៃបច្ចេកវិទ្យាធ្វើឱ្យសិស្សនិស្សិតនាពេលបច្ចុប្បន្ននេះអាច ស្វ័យសិក្សា និងអានឯកសារតាមរយៈប្រព័ន្ធអេឡិចត្រូនិច ប៉ុន្តែនៅតែមានសិស្ស-និស្សិត និយមចូលចិត្ត ឬបន្តជ្រើសរើសទៅសិក្សា ស្រាវជ្រាវ និងអានសៀវភៅនៅទីតាំងបណ្ណាល័យផ្ទាល់។ នាពេលបច្ចុប្បន្ននេះ ក្នុងបណ្ណាល័យមិនត្រឹមតែមានតែសៀវភៅបោះពុម្ព ដាក់តាំងនៅលើធ្នើរប៉ុណ្ណោះទ ប៉ុន្តែបណ្ណាល័យថែមទាំងបានផ្ដល់នូវភាពសម្បូរបែបជាច្រើនទៀត ដូចជាបណ្តាញតភ្ជាប់ទៅកាន់ គេហទំព័រ ទាញយកសៀវភៅមួយចំនួនទៀតដែលពុំមាន ឬពុំទាន់បោះពុម្ព។ លើសពីនេះ បណ្ណាល័យមានការផ្តល់ជូននូវសេវាកម្ម ឥតគិតថ្លៃនានា តាមរយៈបណ្ណារក្ខដែលប្រចាំការនៅទីតាំងបណ្ណាល័យនីមួយៗដោយផ្ទាល់។
ជុំវិញបណ្ណាល័យខាងលើនេះ, លោកជំទាវបណ្ឌិត ជា សិរី សង្ឃឹមថា សិស្សានុសិស្សទាំងអស់ ពិតជាបានយល់ និងស្រឡាញ់ ចូលចិត្តការអាន ព្រោះការអាននិងស្វ័យសិក្សាបន្ថែមទៀត ទើបធ្វើឱ្យសិស្សអាចទទួលបាននូវចំណេះដឹងថ្មីៗ និងអភិវឌ្ឍខ្លួនកាន់តែរីក ចម្រើនទៅពេលអនាគត។ ម្យ៉ាងវិញទៀត ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងបន្តលើកកម្ពស់ការអប់រំដល់សិស្សានុស្សា តាមរយៈ ការឧបត្ថម្ភវគ្គបំប៉នបន្ថែម និងឯកសារមេរៀនជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ផងដែរ។
សូមបញ្ជាក់ថា អគារបណ្ណាល័យដែលបានបង្កើតនៅក្នុងវិទ្យាល័យតាអោក គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត មានទំហំ ១២ ម៉ែត្រ គុណនឹង ៩ ម៉ែត្រ បានរចនាដោយគិតគូរ គ្រប់ជ្រុងជ្រោយអំពីផាសុកភាព ខ្យល់ចេញ-ចូល ពន្លឺគ្រប់គ្រាន់ ក្រោមការឧបត្ថម្ភគាំទ្រ ផ្នែកហិរញ្ញវត្ថុ ដោយធនាគារឯកទេស ខេប៊ី ដេហាន ម.ក, ក្នុងនោះតំណាងធនាគារជាតិនៃកម្ពុជា ក៏បាននាំយកអំណោយ និងប្រាក់ ឧបត្ថម្ភ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៤០០ នាក់រួមមាន៖ ប្រាក់ឧបត្ថម្ភរៀបចំកម្មវិធីចំនួន ២ លានរៀល, ឧបត្ថម្ភ ជូនមន្ត្រីរាជការចំនួន ៥០ នាក់ ក្នុងម្នាក់ទទួលបានសារុង ១ និងថវិកា ៣ ម៉ឺនរៀល, នាយក នាយករង លោកគ្រូ និងអ្នកគ្រូ ៥០នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ៣ ម៉ឺនរៀល, សិស្សានុសិស្ស (ថ្នាក់ទី១១-១២) ចំនួន ២០០ នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ ២ ក្បាល ប៊ិក ២ ដើម ខ្មៅដៃ ១ ដើម និងថវិកា ២ ម៉ឺនរៀល និងឧបត្ថម្ភជូនតំណាងមាតាបិតា និងប្រជាពលរដ្ឋចំនួន ១០០ នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ២ ម៉ឺនរៀល៕
អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន