ព័ត៌មាន
ក្រសួងសុខាភិបាលបើកសន្និបាតបូកសរុបលទ្ធផលការងារមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី បើក ”សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥នេះ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានឡើងរាយការណ៍សង្ខេបអំពីសមិទ្ធផលរបស់កម្មវិធីជាតិទាំងបី៖ ទី១. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ៖វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១១ – ២០២៥ គឺសម្រេចបានជោគជ័យនូវសូចនាករ ២ រួចជាស្រេច៖ ១) នៅឆ្នាំ២០១៥ ទប់ស្កាត់ការរីករាលដាលភាពស៊ាំថ្នាំអាតេម៉ីសេនីនជាមួយមេរោគគ្រុនចាញ់។ ២) ចាប់តាំងពីឆ្នាំ២០១៨ ដល់បច្ចុប្បន្ន គ្មានករណីស្លាប់ដោយជំងឺគ្រុនចាញ់ សម្រេចជោគជ័យ ៣ឆ្នាំ មុនគោលដៅគ្រោងឆ្នាំ២០២០។ ដំណាក់កាលចុងក្រោយឆ្នាំ២០២៥នេះ នឹងឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងលើគ្រប់ទម្រង់នៃមេរោគគ្រុនចាញ់ តែនៅក្នុងឆ្នាំ២០២៤នេះ យើងបានបញ្ឈប់ការកើតមានជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម។ ដោយឡែកក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនចាញ់សរុបមានតែ៣៥៥ករណី គឺបានបន្តថយចុះ ៧៤% ទៀត បើប្រៀបធៀបនឹងឆ្នាំ២០២៣។
ទី២. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម៖ ជំងឺគ្រុនឈាមឆ្នាំ២០២៤ មានសរុប១៨,៩៨៣ករណី (អត្រាអាំងស៊ីដង់ ១,០៨៤នាក់ ក្នុងចំណោមប្រជាជន ១០០,០០០នាក់) និងស្លាប់ចំនួន ៤៦ករណី (អត្រាស្លាប់ ០,២៤%)។ ចំនួននេះបានថយចុះប្រមាណ ៤៦,៣% ករណីឈឺ បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន៣៥,៣៩០ករណី និងបានថយចុះ ៥៣,៥% ករណីស្លាប់ បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៩៩នាក់។ សន្និដ្ឋានឆ្នាំ២០២៤ បានបង្ការប្រជាជនមិនឱ្យឈឺដោយជំងឺគ្រុនឈាម បានប្រមាណជា ៧៤% (ឬ ជាង ៥០,០០០ នាក់) បើប្រៀបធៀបនឹងសន្ទស្សន៍ព្យាករណ៍ប្រមាណជា ៧៣,០០០ករណី។

ជំងឺគ្រុនឈីក នៅឆ្នាំ២០២៤ មាន៦៣ ករណី មានរាយប៉ាយស្ទើរគ្រប់ខេត្ត គឺថយចុះ៧៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មាន២៣៨ករណី។ ជំងឺគ្រុនឈីក កើតលើមនុស្សទាំងពីរភេទ (ស្រី ៦២% និងប្រុស ៣៨%) និងមានគ្រប់វ័យ ពិសេសអាយុ១៥ឆ្នាំឡើងមានជាង ៥៧% កុមារអាយុពី៥ ទៅ១៥ឆ្នាំមាន៣២% និងកុមារអាយុក្រោម៥ ឆ្នាំមាន១១%។ ទី៣. កម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន៖ ថ្នាំទម្លាក់ព្រូនឆ្លងតាមដី (Albendazole) ឆ្នាំ២០២៤ បានផ្តល់ជាសមូហភាពពីរជុំដល់ក្រុមគោលដៅអាយុពី១ឆ្នាំ ដល់ ១៤ឆ្នាំ បានចំនួន ៥,៤៧៨,៤៧១នាក់ ក្នុងអត្រាគ្របដណ្តប់ពី ៦៣-៦៥% ដែលកើនឡើង ១១,២% បើប្រៀបធៀបឆ្នាំ២០២៣។

ជំងឺព្រូនស៊ីស្តូឆ្នាំ២០២៤ មានសមាមាត្រចម្លង ០,៤% គឺនៅថេរ បើធៀបនឹងឆ្នាំ២០២៣ បន្ទាប់ពីការអង្កេតស្រាវជ្រាវឆ្នាំ២០២៤ ក្នុង១៣ភូមិ នៃខេត្តក្រចេះ (៣ ភូមិ) និងខេត្តស្ទឹងត្រែង (១០ ភូមិ) លើប្រជាជន ១,១៩៤នាក់ មានវិជ្ជមានពងព្រូន ៥នាក់ ក្នុងកម្រិតបរិមាណ ២៤-៧២ពងព្រូន ក្នុង១ក្រាមលាមក។ សេចក្តីសន្និដ្ឋាន ជំងឺព្រូនស៊ីស្តូលែងជាបញ្ហាសុខភាពសាធារណៈនៅប្រទេសកម្ពុជា បើផ្អែកលើនិយមន័យរបស់ WHO ដោយសមាមាត្រនៃការចម្លងក្រោម១០% និងបរិមាណពងព្រូនទាបជាង១០០ ពងព្រូននៃរង្វាស់។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគាំទ្រនូវរបាយការណ៍នេះ និងសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំ ភាពជាម្ចាស់ការ ការប៉ិនប្រសប់បត់បែនបែបបុរេសកម្ម និងនវានុវត្តន៍ របស់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ ព្រមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ ដែលបានប្រតិបត្តិការអភិក្រមសកម្មភាពយុទ្ធសាស្រ្តពេញលេញគ្រប់ជ្រុងជ្រោយសមស្របតាមផែនការយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកគាំទ្រគោលនយោបាយសុខាភិបាលគ្របដណ្តប់សុខភាពសកលជាអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដំណាក់កាលទីមួយ ក្រោមការដឹកនាំដ៏មានថាមពល ឈ្លាសវៃ គតិបណ្ឌិតមិនរីងស្ងួត និងជាមគ្គុទេសក៍បន្តវេនដ៏ឆ្នើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាម្លប់សន្តិភាពពេញលេញ សេរីភាព ឯករាជជាតិ និងការអភិវឌ្ឍន៍ ស្មើមុខមាត់ទាំងក្នុងតំបន់ និងសកលលោក៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន4 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍