ព័ត៌មាន
ប្រមុខការបរទេសកម្ពុជា៖ មូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុដ៏សំខាន់លើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនក្នុងអនុតំបន់
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុ ដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ននិងអនាគតលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិ អំណាចរបស់ស្ត្រី។ គម្រោងទាំងនេះបានលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់យើងនៅក្នុង អនុតំបន់។
ឯកឧត្តម ប្រាក់ សុខុន បានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិតអបអរសាទរ ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៥។
តាមរយៈសារលិខិតឯកឧត្តមបានថ្លែងថា ចាប់តាំងពីការចាប់ផ្តើមនៅឆ្នាំ២០១៦ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានបម្រើជាវេទិកា ដ៏សំខាន់សម្រាប់ប្រជាជនទាំងប្រាំមួយគឺ កម្ពុជា សាធារណរដ្ឋប្រជាមានិតចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម ដើម្បីចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ ការផ្លាស់ប្តូរ និងកិច្ចសហការដែលផ្តោត លើសសរស្តម្ភសំខាន់ចំនួន៣ រួមមាន (១)បញ្ហានយោបាយ និងសន្តិសុខ (២)ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង (៣)សង្គម វប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីសម្រេច បាននូវលទ្ធផលជាក់ស្តែង។
ឯកឧត្តមបានបន្តថា គោលបំណងស្នូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងគឺ តំណាងដោយស្មារតីនៃភាពជាដៃគូ ស្មើភាពគ្នា ភាពជាថ្នាក់ដឹកនាំ ផលប្រយោជន៍រួម និងអនាគតរួមប្រកបដោយសន្តិភាព និងវិបុលភាព។ ជាមួយគ្នា កត្តាទាំងនោះបានផ្តល់អំណាចឱ្យយើងដោះស្រាយបញ្ហាប្រឈមរួមគ្នា និងចាប់យកឱកាស សម្រាប់ការរីកចម្រើន។
បើតាម ឯកឧត្តម ប្រាក់ សុខុន នាពេលដែលយើងជិតឈានដល់គម្រប់ខួប ១០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ យើងអាចនិយាយដោយ មោទនភាពចំពោះសមិទ្ធផលសំខាន់ៗដែលយើងសម្រេចបានរួមគ្នា។ សមិទ្ធផល ទាំងនោះ រួមមាន ការបង្រួមគម្លាតនៃការអភិវឌ្ឍ ការលើកកម្ពស់ការតភ្ជាប់តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង ការលើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជនយើងនៅក្នុងអនុតំបន់។
ឯកឧត្តមថ្លែងថា៖«មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់យើង គឺឯកសារគោលដែលជាមូលដ្ឋានសម្រាប់ដំណើររួមរបស់យើង។ គួរកត់សម្គាល់ថា ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) គឺជាសក្ខីភាពមួយចំពោះចក្ខុវិស័យរួម។ ឯកសារគោលនេះបានបង្ហាញនូវទិសដៅច្បាស់លាស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព»។
ឯកឧត្តមបានបន្ថែមថា តាមរយៈការផ្តល់អាទិភាពដល់ការអភិវឌ្ឍដែលផ្តោតលើប្រជាជន និងការច្នៃប្រឌិត ផែនការនេះនឹងធ្វើ ឱ្យប្រសើរឡើងនូវជីវភាពរស់នៅ និងលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្ន។ លើសពីនេះ ឯកសារគោលនេះ ផ្តល់នូវវេទិកាមួយដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា ដូចជាការប្រែប្រួលអាកាសធាតុ និងបញ្ហាឆ្លងព្រំដែន ដែលធានាបាននូវអនាគតកាន់តែរីកចម្រើន និងសុខដុមរមនាសម្រាប់អនុតំបន់ មេគង្គ-ឡានឆាង។
លើសពីនេះទៅទៀត មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ជាធនធានហិរញ្ញវត្ថុ ដ៏សំខាន់ដែលគាំទ្រគម្រោងនាពេលបច្ចុប្បន្ននិងអនាគតលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍជនបទ ធនធានទឹក កសិកម្ម ការតភ្ជាប់ ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងសិទ្ធិ អំណាចរបស់ស្ត្រី។ គម្រោងទាំងនេះបានលើកកម្ពស់គុណភាពជីវិតសម្រាប់ប្រជាជនរបស់យើងនៅក្នុង អនុតំបន់។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃ សាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការបន្តគាំទ្រ និងការចូលរួមយ៉ាងសកម្មក្នុងការជំរុញក្របខ័ណ្ឌ មេគង្គ-ឡានឆាង។
ឯកឧត្តម ប្រាក់ សុខុន ថ្លែងបញ្ជាក់ថា៖«សម្លឹងឆ្ពោះទៅមុខ យើងត្រូវប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងការប្តេជ្ញាចិត្តរបស់យើង ដើម្បីរក្សាបាននូវគោលការណ៍ នៃការជឿទុកចិត្តគ្នា និងការគោរពគ្នាទៅវិញទៅមក ការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមានតាមរយៈកិច្ចសហការកាន់តែជិតស្និទ្ធ។ យើងត្រូវ តែខិតខំប្រឹងប្រែងឱ្យរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព ព្រមទាំងជំរុញ បន្ថែមទៀតឱ្យសម្រេចបាននូវសហគមន៍មួយ ដែលមានជោគវាសនារួមគ្នា»។
ឯកឧត្តមបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការដើរតួនាទីយ៉ាងសកម្ម និងស្ថាបនាក្នុងការបង្កើតសហគមន៍ មួយដែលប្រកបដោយសមាហរណកម្មកាន់តែជិតស្និទ្ធ ដោយឈរលើសន្តិភាពយូរអង្វែង វិបុលភាពរួមគ្នា និងចក្ខុវិស័យរួម សម្រាប់ការរីកចម្រើនប្រកបដោយចីរភាពនៃអនុតំបន់ និងប្រជាជនរបស់យើង៕

-
ព័ត៌មាន4 days ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន3 days ago
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន5 days ago
ប្រធាន AmCham៖ ទំនិញអាម៉េរិកនឹងហូរចូលកម្ពុជាកាន់តែច្រើនជំរុញកំណើនពាណិជ្ជកម្មប្រទេសទាំងពីរ
-
ព័ត៌មាន4 days ago
ទាហានកម្ពុជា ១៨ នាក់ដែលថៃចាប់ទៅ នឹងត្រូវដោះលែងក្នុងពេលឆាប់ៗនេះ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ បដិសេធ ព័ត៌មានមួលបង្កាច់ របស់ អ្នកនាំពាក្យក្រសួងការពារជាតិថៃ
-
ព័ត៌មាន5 days ago
សាច់បង្កកលួចនាំចូលពីថៃ ជិត ១តោន បានដុតកម្ទេចចោល មុនេះ ខណៈឃាត់ខ្លួនបានមនុស្ស ៣នាក់
-
ព័ត៌មាន1 week ago
រដ្ឋមន្ត្រីក្រសួងការពារជាតិ កម្ពុជា-ឡាវ-វៀតណាម ចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំប្រចាំឆ្នាំ២០២៥