ព័ត៌មាន
សម្តេច ឃួន សុដារី៖ វិទ្យាសាស្រ្ដ ជាកត្តាគន្លឹះមួយក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០-២០៥០
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។
សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
វេទិកាផ្សព្វផ្សាយស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» សហការរៀបចំរវាងសភានៃព្រះរាជាណាចក្រកម្ពុជាដែលមានព្រឹទ្ធសភានិងរដ្ឋសភា ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធប្រមាណជិត៤០០ នាក់។
សម្តេចប្រធានរដ្ឋសភា មានសេចក្ដីសោមនស្សរីករាយក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ឧត្តុង្គឧត្តម របស់ លោកជំទាវ ឯកឧត្តម លោក លោកស្រីទាំងអស់ ដែលបានអញ្ជើញមកវិមានរដ្ឋសភា ចូលរួមវេទិកាផ្សព្វផ្សាយ ស្តីពី «វឌ្ឍនភាពនៃវិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍» តាមរយៈការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១។ សម្តេចបានគូសបញ្ជាក់ថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្ដល់នូវឱកាសដ៏មានតម្លៃជូនដល់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ ដែលសុទ្ធសឹងជា អ្នកតាក់តែងច្បាប់ អ្នកអនុម័តច្បាប់ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្តផ្ទាល់ និងអ្នកជំនាញ លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការចែករំលែកពីវឌ្ឍនភាពការងារ ពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ជំនាញ លើប្រធានបទនេះ ដែលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រង វិស័យនេះឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។
រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តី បានកំណត់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដែលនឹងត្រូវតែជំរុញ និងសម្រេចឱ្យបាន ដើម្បីកសាងសង្គមជាតិមួយមាន កំណើន សមធម៌ ចីរភាព និងសុខដុមនីយកម្ម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ច្រើនអនេក ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហែម វណ្ណឌី សម្រេចបាន ក្នុងរយៈពេល ១៧ ខែ កន្លងមកនេះ ទាំងលើគោលនយោបាយ ការពង្រឹងលើកកម្ពស់សមត្ថភាព និងកែលម្អស្ថាប័ន វិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យសហគ្រាសធុនតូចនិងមធ្យមនិងសិប្បកម្ម ការផ្គត់ផ្គង់ទឹកស្អាត ស្តង់ដារូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាដើម។
ជាមួយគ្នានេះ សម្តេចក៏បានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា និង រដ្ឋមន្រ្ដីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម លោកជំទាវ ព្រមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវរួមគ្នា ក្នុងការរៀបចំវេទិកានេះឡើង។ សម្តេចបានគូសបញ្ជាក់ថា សភា និងរាជរដ្ឋាភិបាលបាននិងកំពុងបន្តសហការគ្នា យ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់ និងការអនុវត្តគោលនយោបាយ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យទទួលបាន នូវសមិទ្ធផល និងប្រសិទ្ធភាពខ្ពស់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូពហុវិស័យឱ្យបានកាន់តែរឹងមាំ។
ទោះយ៉ាងណាសម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា នៅលើវិស័យបច្ចេកវិទ្យានេះ ទោះបីជាមានសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងណាក៏ដោយ ក៏ទទួលស្គាល់ថានៅមានបញ្ហាប្រឈម និងរបាំងផ្សេងៗ ដែលយចាំបាច់ត្រូវទទួលស្គាល់ បន្តសិក្សាស្វែងយល់ និងដោះស្រាយឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព សំដៅពង្រីកសក្ដានុពលរបស់វិស័យវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍជាតិ ដូចជាកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ធនធាននៅមានកម្រិត និងគម្លាតក្នុងការអភិវឌ្ឍមូលធនមនុស្ស ជាបញ្ហាប្រឈម ដែលយើងត្រូវធ្វើការប្តេជ្ញាចិត្តខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ៕

-
ព័ត៌មាន1 week ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថា អតីតព្រះសង្ឃ ជួន កក្កដា នៅតែជួយដល់សង្គមតាមរយៈការអប់រំយុវជន យុវតីជំនាន់ក្រោយឱ្យមានសីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌
-
ព័ត៌មាន4 days ago
ក្រុមអ្នកស្រាវជ្រាវរកឃើញកំណត់ត្រាថ្មីសម្រាប់ពិភពលោក គឺខ្យងគោក ឬ «ខ្យងឧទយាទិត្យ» នៅភ្នំបាណន់ ខេត្តបាត់ដំបង
-
ព័ត៌មាន5 days ago
រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស
-
កីឡា1 week ago
គ្រូកម្ពុជាថា ចង់ឈ្នះវៀតណាម ជារឿងពិបាក តែលោក Kim Sang Sik បានប្រុងប្រយ័ត្នខ្ពស់
-
ព័ត៌មាន4 days ago
ស្ពានខ្ពស់ជាគេលើកំណាត់ផ្លូវជាតិលេខ១០ នឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១១-១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
-
ព័ត៌មាន4 days ago
សម្ដេចតេជោ៖ «ពេលនេះខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ម្ខាងភរិយាត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយក៏កំពុងឈឺធ្ងន់»
-
ព័ត៌មាន6 days ago
ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស
-
ព័ត៌មាន1 week ago
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយមជ្ឈមណ្ឌលអ្នកដំណើរអន្តរជាតិហោះឆ្លងកាត់ដ៏ធំលើពិភពលោក