ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ កម្ពុជាជាប្រទេសមួយរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជន បានពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះជាដើម។
ក្នុងកម្មវិធីផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «កម្ពុជា ក៏ជាប្រទេសមួយ ដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដែលក្រុមឧក្រិដ្ឋជន បាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក្មេង ចាស់ ប្រុសស្រី ឱ្យឆ្កួត វង្វេង និងរងគ្រោះ ទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ រហូតដល់មានរបួស ពិការ វិបល្លាសស្មារតី ឬបាត់បង់ អាយុជីវិតថែមទៀតជាដើម»។
ឯកឧត្តមអភិសន្ដិបណ្ឌិតបានបន្ដថា បញ្ហាភាពរងគ្រោះ និងងាយរងគ្រោះរបស់ប្រជាជនកម្ពុជាដែលធ្វើទេសន្តរប្រវេសន៍នៅប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ មិនទាន់ត្រូវដោះស្រាយបាននៅឡើយផង ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និងក្រៅតំបន់ ហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ ទាំងមិនស្របច្បាប់ និងបានបង្កើតមូលដ្ឋានប្រព្រឹត្តបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កប់នូវបទល្មើសពាក់ព័ន្ធដទៃទៀត រួមទាំងអំពើបង្ខិតបង្ខំដោយគម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភ បំពានលើរាងកាយ ផ្លូវភេទ ជាដើម និងអូសទាញឱ្យមានការចូលរួមក្នុងបណ្តាញបទល្មើសយ៉ាងច្រើនកុះករ ដោយ មានទាំងជនល្មើស ទាំងជនរងគ្រោះ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បានបន្ថែមថា សមត្ថកិច្ចកម្ពុជា ទទួលបានសេចក្តីរាយការណ៍ និងធ្វើប្រតិបត្តិការបង្ក្រាប ទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើស ជាបន្តបន្ទាប់ ហើយបានសហការជាមួយស្ថានទូត ឬស្ថានតំណាង បេសកកម្មនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា តាមរបាយការណ៍ របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ដែលបានបង្ហាញដោយ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ អំពើជួញដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំងបានកើនឡើង ដែលជារួមលទ្ធផលនៃការបង្ក្រាប បានដល់ ១៩៧ករណី គឺកើនចំនួន៣៣ករណី ស្មើនឹង ២០.១៥% បើប្រៀបធៀបទៅនឹង លទ្ធផលនៃការបង្ក្រាបឆ្នាំ២០២៣។ សមត្ថកិច្ច បានកំណត់អត្តសញ្ញាណរកឃើញជនរងគ្រោះ ចំនួន៥២៣នាក់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣ នាក់ ក្នុងនោះមានជន បរទេស ៣០នាក់ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានការកើនឡើងនូវអំពើជួញដូរ ឬធ្វើអាជីវកម្មផ្លូវភេទ លើកុមារ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មានអនីតិជនរងគ្រោះ អាយុក្រោម១៨ឆ្នាំ រហូតដល់ទៅ២៣០នាក់ ស្មើនឹង ៤៣.៩៧% នៃចំនួនជនរងគ្រោះសរុប៕ អត្ថបទ៖ បាន ចក់






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង