ព័ត៌មាន
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស
ភ្នំពេញ ៖ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅសង្កាត់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែមីនានេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ពិធីដ៏មហោឡារឹកនេះ មានព្រះរាជវត្តមានយាង និងនិមន្តចូលរួមរបស់សម្តេចព្រះមហាសុមេធាធិបតីបណ្ឌិត អំ លឹមហេង សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចាន់ថុល សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិត រ័ត្ន សារឿន សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉្ញា ឯកឧត្តម លោកជំទាវ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទបុរីវង្សផងដែរ។
នៅក្នុងអង្គពិធី នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា វិស័យសាសនាក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងអាយុជីវិតប្រជាជនកម្ពុជា ស្លូតត្រង់រាប់លាននាក់ ត្រូវបានរបបប្រល័យពូជសាសន៍ កាប់សម្លាប់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ត្រូវបានលុបបំបាត់ចោល។ ក្នុងកាលៈទេសៈប្រទេសកម្ពុជាប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ដឹកនាំដោយបនប៉ុល ពត។ នៅថ្ងៃទី២០ មិថុនា ១៩៧៧ សម្តេចតេជោ បានសម្រេចចិត្តចាកចេញពីមាតុភូមិ ស្វែងរកមាគ៌ាសង្គ្រោះជាតិ ដោយបានការគាំទ្រពីប្រទេសជាមិត្ត គឺបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ឧសភា ១៩៧៨ ដែលជាកម្លាំងស្នូលនៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ នាឆ្នាំដដែល។ បន្ទាប់ពីមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ មករា ១៩៧៩ សម្តេចតេជោ រួមជាមួយឥស្សរយជនស្នេហាជាតិដទៃផ្សេងទៀត បានដឹកនាំ ស្តារ និងកសាងឡើងវិញ នូវរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ។ ចាប់ពីពេលដែលប្រទេសជាតិទទួលបាននូវសន្តិភាព ពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ធ្នូ ១៩៩៨មក សម្តេចតេជោ បានបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានលើកកម្ពស់ ហើយកិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានលើកតម្កើងផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ពេលនេះសម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់របស់សម្តេច សាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន(២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយទំហំ(អ័ក្ស) ១១ម៉ែត្រ X ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ នេះឡើង ដើម្បីថ្វាយប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ គោរពនិងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យរិតតែឧត្តុង្គឧត្តមបន្ថែមទៀត។
ពិធីដ៏មហោឡារិកនេះ តាងនាមសម្តេចព្រះសង្ឈ ព្រះថេរានុត្ថេរៈ ព្រមទាំងបងប្អូនជនរួមជាតិដែលកំពុងព្រះវត្តមាន វត្តមាន និងនាយឧត្តមសេនីយ៍ សៅ សុខា ផ្ទាល់សូមគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលកំពុងសម្រាកព្យាបាល ក្រោយពីគ្រូពេទ្យធ្វើការវះកាត់ប្រកបដោយជោគជ័យ សូមសម្តេច ឆាប់ជាសះស្បើយ សុខភាពល្អវិលត្រឡប់ទៅដូចដើមវិញ ដោយបុណ្យកុសល ទានដែលសម្តេច តែងបរិច្ចាគ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាតាមជួយថែរក្សាសុខភាព សម្តេចទាំងទ្វេ ជន្មាយុវែង ជាម្លប់សម្រាប់ជនរួមជាតិ កូនចៅ ព្រមទាំងដើម្បីព្រះពុទ្ធសាសនាកាន់តែរីកចម្រើន តយូរអង្វែងរៀងទៅ។ អត្ថបទ៖ទូច សោភ័ណ












-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន5 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន5 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន5 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន5 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន5 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥