ព័ត៌មាន
នៅសល់២សប្តាហ៍ទៀត ពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរនឹងមកដល់ ក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ កំពុងតែញាប់ដៃ
ទន្ទឹមនេះក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥បានធ្វើការជួបជុំគ្នាជាមួយយុវជនស្ម័គ្រចិត្តល្បែងប្រជាប្រិយ ព្រមទាំងបានហាត់សមនូវល្បែងប្រជាប្រិយខ្មែរជាច្រើន ដើម្បីត្រៀមលក្ខណៈក្នុងការចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នាពេលខាងមុខ។
ល្បែងប្រជាប្រិយខ្មែរដែលកំពុងហាត់សមដើម្បីលើកយកមកសម្ដែងបង្ហាញក្នុងព្រឹត្តិការណ៍នាពេលខាងមុខរួមមាន ៖ ល្បែងចោលឈូង, ល្បែងស៊ីខួង, ល្បែងលាក់កន្សែង, ល្បែងចង់ជើងរួមមិត្ត, ល្បែងទាញព្រ័ត្រ, ល្បែងចាប់កូនខ្លែង, ល្បែងវាយក្អម, ល្បែងស្វាដណ្ដើមទី, ល្បែងលោតបាវ, ល្បែងខ្លាស៊ីគោ, ល្បែងដណ្ដើមស្លឹកឈើ, ល្បែងពង្រាត់កូនក្រមុំ, ល្បែងលោតអន្ទាក់, ល្បែងស្ដេចចង់, ល្បែងរាវបង្កង, ល្បែងលាក់កូនមាន់, ល្បែងបោះអង្គញ់, ល្បែងប្រណាំងកង់យឺត, ល្បែងឡើងសសរខ្លាញ់ និង ល្បែងរុញអង្រែ។
ជាមួយគ្នានេះ ឯកឧត្ដម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃ សហភាពសហព័ន្ធយុវជនកម្ពុជាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗសិល្បករ សិល្បការិនី និងពិនិត្យមើលការហាត់សមស្នាដៃសិល្បៈទស្សនីយភាព ដែលបង្ហាត់បង្រៀនដោយអ្នកគ្រូ ឱម យុវណ្ឌី សាស្ត្រាចារ្យរបាំបុរាណ និងជាជំនួយការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីត្រៀមសម្រាប់សម្តែងក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសសៀមរាបនោះដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ចូលឆ្នាំខ្មែរឬ សង្ក្រាន្តឆ្នាំ២០២៥នៅសៀមរាប រៀបចំឡើងចាប់ពី ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។
យោងតាមក្រុមការងារនៃសហភាពសហព័ន្ធយុវជនកម្ពុជាដែលរៀបចំព្រឹត្តិការណ៍នេះបានអោយដឹងថា សង្ក្រាន្តឆ្នាំថ្មីនេះ នឹងរៀបចំឡើងរហូតទៅដល់ចំនួន៦ទីតាំង គឺនៅបរិវេណប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, King’s Road, Pub street និងអង្គរឃ្យុងយូ។
អ្នករៀបចំបានអះអាងថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ គឺរិតតែមានលក្ខណៈពិសេស និងអស្ចារ្យជាងឆ្នាំមុនៗ ដែលធ្វើយ៉ាងណាផ្តល់ស្នាមញញឹម និងផ្តល់ភាពសប្បាយរីករាយដល់មហាក្រុមគ្រួសារខ្មែរ នៅលើទឹកដីអង្គរ ជាមួយនឹងកម្មវិធីកម្សាន្តជាច្រើន អមជាមួយការលេងល្បែងប្រជាប្រិយ រួមនឹងផ្ទាំងទស្សនីយភាពដ៏អស្ចារ្យជាច្រើនទៀត។
ព្រឹត្តិការណ៍អង្គរទសង្ក្រាន្តឆ្នាំ២០២៥ នេះ នឹងរៀបចំប្លែកពីឆ្នាំមុនៗ ដោយនាំយកនូវ ទស្សនីយភាពប្លែកភ្នែក បង្ហាញពីវប្បធម៌ខ្មែរ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងដើម្បីផ្តល់ស្នាមញញឹមដល់មហាគ្រួសារខ្មែរទាំងមូល ជាពិសេស កម្មវិធីសម្តែងទស្សនីយភាពចង្វាក់បេះដូងអង្គរ។
ក្រៅពីនេះ កម្មវិធីកម្មវិធីកម្សាន្តសប្បាយៗ មានជាច្រើនទៀត មានដូចជា កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គរសង្រ្កាន្ត, កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីតោះៗលេងទឹក, កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ ក្របី និងពិធីស្រង់ព្រះជាដើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ២០២៥នេះ រៀបចំឡើងមានគោលបំណងលើកកម្ពស់វប្បធម៌ ប្រពៃណី និងការអភិវឌ្ឍទេសចរណ៍វប្បធម៌។ ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមកបានបង្កើតឱកាសអោយបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរដ៏សម្បូបែប។ លើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យមានមោទនភាពក្នុងការថែរក្សានិងលើកស្ទួយ វប្បធម៌ «ព្រះរាជាណាចក្រអច្ឆរិយៈ» ។
សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ ២០១៧ ទទួលបាន ភ្ញៀវទេសចរ ចំនួន ជាង១លាន៦សែន៣ម៉ឺននាក់ ពោលគឺបាន កើនឡើង២២,៧៣ភាគរយ បើប្រៀបធៀប កាលពី ព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំមុន។ ហើយព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីឆ្នាំ ២០២៣ ទទួលបានភ្ញៀវ ទេសចរ និង អន្តរជាតិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋបាននាំគ្នាដើរកម្សាន្ត ចំនួនជាង២លាន១សែននាក់៕








-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា7 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
កីឡា7 days agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
PR NEWS17 hours agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
ព័ត៌មាន5 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន5 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ
-
ព័ត៌មាន3 days agoការរកឃើញការបង្កកំណើតរបស់ផ្កាថ្ម ជាលើកទី៣ នៅប្រជុំកោះរ៉ុង និងលើកដំបូងនៅប្រជុំកោះស្តេច