ព័ត៌មាន
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចេញសេចក្តីអំពាវនាវ ស្តីពី ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ បានចេញសេចក្តីអំពាវនាវ ស្តីពី ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) សូមកោតសរសើរចំពោះអ្នកប្រើប្រាស់ផ្លូវដ៏ច្រើនលើស លប់ ដែលបានយកអស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រួមចំណែកទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤ កន្លងទៅ។
ឆ្លៀតឱកាសនេះ គ.ស.ច.គ បានកត់សំគាល់នៅពេលមានពិធីបុណ្យនានា ការធ្វើចរាចរណ៍មានភាពមមាញឹក និងមាន កំណើនខ្ពស់នូវគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ដូចនេះ ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ គ.ស.ច.គ. សូមធ្វើការអំពាវនាវដល់ សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖
១-កុំបើកបរលើសល្បឿនកំណត់។
២-សូមកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿងញៀន។
៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើង-ផ្លាកសញ្ញាចរាចរណ៍ និងសញ្ញាបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។
៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញា បែងចែកគន្លងផ្លូវ។
៥-ត្រូវប្រុងប្រយ័ត្នជានិច្ចក្នុងការបត់ ការជែង ការចត និងការឈប់។
៦-ត្រូវត្រួតពិនិត្យមុនចេញដំណើរនូវលក្ខណៈបច្ចេកទេសយានយន្ត ដូចជា: សំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត ជាដើម ។
៧-ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយ។
៨-មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកប្រើប្រាស់ផ្លូវ។
៩-សូមកុំផ្ទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនឱ្យផ្ទុកអ្នកដំណើរ ឬ កម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមសំដែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ ៕
អត្ថបទ រដ្ឋា


-
ព័ត៌មាន7 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន7 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន7 days agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន