ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តព្រះវិហារ បួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើន និងរាំលេងកម្សាន្តសាមគ្គីជាមួយកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនប្រាសាទព្រះវិហារ ក្រោមម្លប់នៃសុខសន្តិភាព
ក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពស្និទ្ធស្នាល នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំគណៈប្រតិភូមន្ត្រីរាជការខេត្ត អញ្ជើញទៅកាន់ទីសក្ការៈបូជា ពេយលោកតាឌី ដើម្បីធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សិរីមង្គល ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅខ្នងភ្នំប្រាសាទព្រះវិហារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។
បន្ទាប់ពីបញ្ចប់ពិធីបួងសួងដ៏មានសារៈសំខាន់នោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត ក៏បានឆ្លៀតពេលដ៏មានតម្លៃ ដើរចុះពិនិត្យស្ថានភាពប្រាសាទបុរាណមួយចំនួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់នោះ ព្រមទាំងបានស្តាប់របាយការណ៍ស្តីពីស្ថានភាពនៃការថែរក្សា ការគ្រប់គ្រង និងបញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពីសំណាក់មន្ត្រីជំនាញដែលអមដំណើរ ព្រមទាំង បានផ្តល់នូវការណែនាំសំខាន់ៗ សម្រាប់ការថែរក្សាប្រាសាទឱ្យបានល្អប្រសើរផងដែរ។
លុះដល់ទីតាំងឈរជើងរបស់កងកម្លាំងព្រំដែន ក្នុងតំបន់ប្រវត្តិសាស្ត្រតេជោ ៥មករា ជាទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ក្នុងស្រុកជាំក្សាន្ត ក្រៅពីការសាកសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត រួមទាំងគណៈប្រតិភូ បានចូលរួម រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមបរិយាកាសពោរពេញដោយភាពស្និទ្ធស្នាល និងសាមគ្គីភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់បងប្អូនទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ដែលយើងទាំងអស់គ្នាបានខិតខំកសាង និងថែរក្សាអស់រយៈពេលជាយូរមកហើយនេះ។
ឯកឧត្តមបន្តថា ការលះបង់របស់បងប្អូនពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់សេចក្តីសុខ សុភមង្គល និងការអភិវឌ្ឍន៍រីកចម្រើនរបស់ខេត្តព្រះវិហារ ក៏ដូចជាប្រទេសជាតិទាំងមូល ហើយវត្តមានរបស់បងប្អូននៅទីនេះ គឺជាខែលដ៏រឹងមាំ ការពារទឹកដី និងផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់កងកម្លាំងទាំងអស់ ព្រមទាំងប្រជាពលរដ្ឋ ខេត្តព្រះវិហាររបស់យើងនឹងបន្តរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ។
ក្រោមម្លប់នៃសុខសន្តិភាព ដែលកងកម្លាំងទាំងអស់បានខិតខំថែរក្សា ការរាំលេងកម្សាន្តនេះ បានបង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។ ស្នាមញញឹម និងភាពសប្បាយរីករាយ បង្កើតបានជាអនុស្សាវរីយ៍ដ៏មានតម្លៃមុនពេលចូលឆ្នាំថ្មីមកដល់។ ភាពសប្បាយរីករាយនេះ ក៏ជាការលើកទឹកចិត្តដ៏សំខាន់មួយដល់កងកម្លាំងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត៕

















-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន3 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍