Connect with us

ព័ត៌មាន

ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានា នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា រួមមានសាលារៀន និងមណ្ឌលសុខភាព ដែលជួយកសាង និងជួសជុលដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តម ចាយ បូរិន បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកថា ខេត្តត្បូងឃ្មុំ ជាទីតាំងភូមិសាស្រ្តប្រវត្តិសាស្រ្ត នៃការចាប់ផ្តើមការតស៊ូលះបង់នៅសាច់ស្រស់ ឈាមស្រស់របស់វីរៈបុរសស្នេហាជាតិដឹកនាំដោយសម្តេចតេជោ បានដណ្តើមសន្តិភាព សេរីភាពជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។

ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានបិទបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរទាំងស្រុងនៅឆ្នាំ១៩៩៨ ប្រទេសជាតិមានសន្តិភាពពេញលេញ នឹងក្រោមការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តដឹកនាំកម្ពុជាលើមាគ៌ា នៃសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខុមាលភាព និងជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សេរីភាពពេញលេញលើគ្រប់សាសនាទាំងអស់ជ្រកក្រោមម្លប់នៃសុខសន្តិភាព ប៉ុន្តែត្រូវគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងធម្មការនិងសាសនាជាសេនាធិការរបស់រាជរដ្ឋាភិបាល។ ដោយឡែកសមិទ្ធផលនានាថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលជាវិភាគទានដ៏ថ្លៃថ្លារបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងវិស័យអប់រំនិងសុខាភិបាលកន្លងមក សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ធ្លាប់បានចូលរួមចំណែកអភិវឌ្ឍសង្គមលើការងារមនុស្សធម៌ ផ្ដោតលើវិស័យអប់រំ សុខាភិបាល នឹងបម្រើឱ្យការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការថែទាំសុខភាព ទាំងការបណ្តុះបណ្តាលធនធានបញ្ញាញាណ បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណសម្បត្តិសមស្របដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរទ្រូង និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគសម័យនៃការកសាងកំណើនសេដ្ឋកិច្ច ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងស្របតាមចក្ខុវិស័យកម្ពុជា២០៥០។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបង្ហាញជំហរដ៏រឹងមាំក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ និងផ្អែកលើផ្លូវច្បាប់ដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ៕ អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia