ព័ត៌មាន
កម្ពុជាស្នើ UN កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ញើលិខិតជូនឯកឧត្តម Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពករបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ទៅ ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងសមាជិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការឈ្លានពានប្រដាប់អាវុធមកលើប្រទេសកម្ពុជានាពេលថ្មីៗនេះ ដោយកងកម្លាំងយោធាប្រទេសថៃនៅព្រំដែនរវាងកម្ពុជា និង ថៃថា ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះមក កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារដោយមិនញញើត គិតទុកជាមុន និងដោយចេតនា មកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នៅក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។
សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា កម្ពុជាថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុត និងសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះការឈ្លានពានផ្នែកយោធាដែលមិនកោតក្រែង និងគិតទុកជាមុន ដោយកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ។ ការវាយប្រហារដោយយោធានេះបានបំពានយ៉ាងច្បាស់លើ គោលការណ៍មិនឈ្លានពាន និងការដោះស្រាយវិវាទដោយសន្តិវិធី ដែលជាគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយហាមប្រាមការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ក៏ដូចជាទង្វើមិនយកចិត្តទុកដាក់ទាំងស្រុងចំពោះស្មារតីនៃអ្នកជិតខាងដ៏ល្អ ដែលកម្ពុជាបានប្រឹងប្រែងប្រកាន់ខ្ជាប់ជានិច្ចរហូតមកទល់ពេលនេះ។
សម្ដេចបានបន្តថា ដោយប្រឈមនឹងការឈ្លានពានដ៏គឃ្លើននេះ កងទ័ពកម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីឆ្លើយតបដើម្បីការពារខ្លួន ក្នុងបំណងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាសូមអំពាវនាវឱ្យថៃ បញ្ឈប់នូវរាល់អរិភាពជាបន្ទាន់ ដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន និងជៀសវាងសកម្មភាពបង្ករឿងផ្សេងទៀតដែលអាចបង្កើនស្ថានការណ៍កាន់តែតានតឹង។
សម្ដេចធិបតីបានរម្លឹកថា ភាពតានតឹងនៅតាមព្រំដែន និងអរិភាពប្រដាប់អាវុធនៅតែបន្តកើតមានរវាងកម្ពុជា និងថៃ បើទោះបីជាមានអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ក៏ដូចជាផែនទីដែលគូសដោយគណៈកម្មការខណ្ឌចែកព្រំដែនរវាងឥណ្ឌូ-ចិន និងសៀម ដែលត្រូវបានបង្កើតឡើងក្រោមវិធានការអន្តរជាតិទាំងពីរនេះ និងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក (MOU-2000) ដែលភាគីទាំងពីរប្តេជ្ញារួមគ្នាបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ ដោយផ្អែកលើឯកសារផ្លូវច្បាប់ទាំងនេះ។
ដូចករណីមុនៗដែរ អរិភាពតាមព្រំដែនរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ កើតចេញពីការទទូចរបស់ភាគីថៃក្នុងការទាមទារអធិបតេយ្យភាពលើតំបន់ព្រំដែន ដោយប្រើផែនទីគូសដោយឯកតោភាគីរបស់ខ្លួន ដែលខ្វះមូលដ្ឋានផ្លូវច្បាប់ និងផ្ទុយពីការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុស្សរណៈ MOU-2000។ ដើម្បីបង្កើតលេសនៃការឈ្លានពានប្រដាប់អាវុធនាពេលបច្ចុប្បន្ន ប្រទេសថៃក៏បានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានការពិតមកលើកម្ពុជាជុំវិញការផ្ទុះគ្រាប់មីន បន្ទាប់ពីបុគ្គលិកថៃបានដើរចេញពីផ្លូវល្បាតដែលបានសម្របសម្រួលពីមុនរវាងប្រទេសទាំងពីរ ហើយបានបង្កើតផ្លូវថ្មីមួយឆ្លងកាត់ទឹកដីកម្ពុជា ដែលត្រូវបានស្គាល់ជាផ្លូវការថាមានកត់ត្រាបញ្ជាក់យ៉ាងច្បាស់ និងលម្អិតពីវត្តមានគ្រាប់មីននៅទីនោះ។
នេះជារឿងត្រូវតែថ្កោលទោសយ៉ាងដាច់ខាតចំពោះទង្វើឈ្លានពានបែបនេះដែលកើតឡើង ខណៈកម្ពុជាកំពុងបន្តអនុវត្តយ៉ាងសកម្មនូវនីតិវិធីផ្លូវច្បាប់ដោយសន្តិវិធី និងមិនលម្អៀងដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ តាមរយៈយន្តការទ្វេភាគី និងអន្តរជាតិ។ ដូចដែលសហគមន៍អន្តរជាតិបានដឹងលឺរួចមកហើយ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ក្នុងការបញ្ជូនសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីវិនិច្ឆ័យលើតំបន់ជម្លោះចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ ភាពតានតឹងផ្នែកយោធាបង្កឡើងដោយប្រទេសថៃនេះ បានកើតឡើងបើទោះបីជាមានការអំពាវនាវពីក្នុងតំបន់ និងអន្តរជាតិឱ្យអត់ធ្មត់ និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការប្តេជ្ញាចិត្តយ៉ាងជាក់ច្បាស់របស់កម្ពុជាក្នុងការសន្ទនាក៏ដោយ រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) របស់យើង នៅរាជធានីភ្នំពេញ នាថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ។
ដោយចាត់ទុកជាការឈ្លានពានដ៏ធ្ងន់ធ្ងរមិនអាចអត់ឱនឱ្យបាននាពេលថ្មីៗនេះដោយភាគីថៃ ដែលបានគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ សម្ដេចធិបតីបានស្នើឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូតកោះប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) ជាបន្ទាន់ ដើម្បីបញ្ឈប់ទង្វើឈ្លានពានរបស់ប្រទេសថៃ៕



-
ព័ត៌មាន4 days agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
PR NEWS7 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន3 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន4 days agoឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
-
ព័ត៌មាន4 days agoក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់