ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖«កម្ពុជា ប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រ និងកោតសរសើរច្រើន»
ភ្នំពេញ៖ ក្នុងបទអន្តរាគមន៍សេចក្ដីសង្ខេបព័ត៌មាននៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា «កម្ពុជា ប្រទេសតូច ប្រជាជនតិច តែទទួលបានការគាំទ្រនិងកោតសរសើរច្រើន»។
ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា រហូតមកទល់ពេល ថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៥ កម្ពុជានៅតែផ្តល់តម្លៃយ៉ាងខ្ពស់ដល់កិច្ចព្រមព្រៀងឈប់បាញ់ និងគោរពកិច្ចព្រមព្រៀងនេះបានយ៉ាងល្អដដែល ហើយកិច្ចព្រមព្រៀងឈប់បាញ់ក៏កំពុងតែស្ថិតនៅជាធរមាន និងបន្តផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ប្រទេស និងប្រជាជនទាំងពីរ (កម្ពុជាថៃ) ក៏ដូចជាបានរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាសន្តិសុខនៅក្នុងតំបន់ទាំងមូល។
ឯកឧត្តមបានបន្តថា តាមរយៈការអនុវត្តបទឈប់បាញ់ដោយសុច្ចរិត ស្មោះត្រង់ និងក្រោមស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ ព្រះរាជាណាចក្រកម្ពុជាត្រូវបានគេស្គាល់ និងកោតសរសើរកាន់តែច្រើនឡើងជាលំដាប់នៅលើឆាកអន្តរជាតិ។ ប្រទេសដ៏តូចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានានៅក្នុងពិភពលោកតាមរយៈសកម្មភាពការទូតយ៉ាងសកម្មនិងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំកំពូលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃនាពេលនេះនិងបានពាំនាំយករឿងរ៉ាវពិតទាំងឡាយពីកម្ពុជាទៅកាន់ពិភពលោកយ៉ាងឆាប់រហ័ស។
បន្ថែមពីលើនេះ ការរួបរួមសាមគ្គីគ្នារបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស រួមទាំងព្រះសង្ឃផង ដែលបានធ្វើសកម្មភាពយ៉ាងកងរំពងដើម្បីបង្ហាញស្មារតីស្រឡាញ់សន្តិភាព គោរពច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ដោយទាមទារឱ្យប្រទេសថៃគោរពបទឈប់បាញ់ បញ្ឈប់ការបង្កហេតុដែលនាំដល់ការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរក៏បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងមកលើកម្ពុជា។
ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា សំឡេងតែមួយរបស់កម្ពុជាដែលថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋខ្មែរបង្ហាញទៅកាន់ពិភពលោកគឺ កម្ពុជាស្រឡាញ់សន្តិភាព កម្ពុជាគោរពច្បាប់អន្តរជាតិ កម្ពុជាចង់បានព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍ គឺមិនមែនជម្លោះប្រដាប់អាវុធទេ។ គោលបំណងនិងសកម្មភាពជាក់ស្តែងរបស់កម្ពុជាត្រូវបានសហគមន៍អន្តរជាតិដឹងលឺ និងបានឃើញផ្ទាល់ភ្នែកតាមរយៈមធ្យោបាយច្រើនយ៉ាងមានដូចជា ដំណើរទស្សនកិច្ចរបស់អង្គទូត និងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT= Interim Observers Team) ក៏ដូចជាមន្ត្រីបរទេសផ្សេងៗទៀតរួមទាំងអ្នកសារព័ត៌មានផងដែលបានមកដល់កម្ពុជា ក៏ដូចជាការនាំសារពីការពិតរបស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរទៅកាន់ពិភពលោក។
ឯកឧត្តម បានថ្លែងថា សរុបទៅអាចនិយាយបានថា កម្ពុជាគឺជាប្រទេសតូច មានប្រជាជនតិច តែសំឡេងជាធ្លុងមួយនិងប្រកបដោយការទទួលខុសត្រូវរបស់កម្ពុជាទទួលបានការគាំទ្រ និងកោតសរសើរពីបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។ ទោះយ៉ាងណា បេសកកម្មនៅមិនទាន់ចប់នៅឡើយទេ ដែលទាមទារឱ្យយើងទាំងអស់គ្នាបន្តថែរក្សាកម្លាំងមហាសាមគ្គីឯកភាពជាតិដ៏រឹងមាំនេះនៅពីក្រោយរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានរបស់យើងជាបន្តទៀត និងដោយឥតងាករេ៕
-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង