ព័ត៌មាន
កម្ពុជាជោគជ័យក្នុងការនាំស្វាយចន្ទីទៅកាន់ប្រទេសអ៊ីតាលី លើកដំបូង ប្រមាណ១៤តោន
ភ្នំពេញ៖ ប្រទេសអ៊ីតាលី បានក្លាយជាទីផ្សារថ្មីមួយទៀត ក្នុងការនាំចូលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដែលជំហានដំបូងនេះ គឺចំនួន១៤តោន តាមរយៈក្រុមហ៊ុនអ៊ែបភល អាហ្គ្រោ ប្រដាក់ ឯ.ក ក្រោមការជួយសម្របសម្រួលពីគម្រោងនានា របស់សហភាពអ៊ឺរ៉ុប និងប្រទេសអង់គ្លេស ។
ក្នុងពិធីសម្ពោធជាផ្លូវការ ការនាំចេញផលិតផលស្វាយចន្ទីជាកុងតឺន័រ លើកដំបូងទៅកាន់ប្រទេសអ៊ីតាលី នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រី សម្បត្តិ កល្យាណ នាយកប្រតិ បត្តិក្រុមហ៊ុនអ៊ែបភល បានឲ្យដឹងថា សម្រាប់ស្វាយចន្ទីនាំទៅអ៊ីតាលី ជាជំហានដំបូងនេះ គឺជារសជាតិដើម ដែលភាគីខាងអ្នកនាំចូល នឹងធ្វើការចែកចាយបន្ត និងវេចខ្ចប់ប្រេនរបស់ពួកគេ លក់ដូរនៅលើទីផ្សារអ៊ីតាលី ។
លោកស្រីបន្តថា ផលិផលស្វាយចន្ទីរបស់ក្រុមហ៊ុនអ៊ែបភល បាននាំចេញទៅទីផ្សារអ៊ឺរ៉ុប បានប្រមាណជាង ១០០តោនហើយ ខណៈទីផ្សារអាស៊ីក៏បានច្រើនប្រទេសផងដែរ ហើយសម្រាប់ទីផ្សារអ៊ឺរ៉ុបនេះ ក៏គ្រោងនាំទៅកាន់ប្រទេសអង់គ្លេសនៅពេលឆាប់ៗខាងមុខ ។
ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ស្វាយចន្ទី គឺជាដំណាំអទិភាពមួយរបស់កម្ពុជា ក្នុងចំណោមដំណាំចំនួន១២មុខ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ ក្នុងការបង្កើនផលិតភាព ការកែច្នៃ និងការប្រកួតប្រជែងនាំចេញ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជំរុញឲ្យវិស័យនេះ អាចរកបាននូវប្រាក់កម្រៃខ្ពស់ ។
ឯកឧត្តម បានបន្តថា សម្រាប់ការនាំចេញផលិតផលស្វាយចន្ទី របស់កម្ពុជាទៅកាន់ទីផ្សារអ៊ីតាលីនេះ គឺជាជំហានយ៉ាងសំខាន់ ក្នុងការចូលរួម និងអនុវត្តគោលនយោបាយជាតិស្ដីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ហើយរំពឹងថា ផលិតផលស្វាយចន្ទីរបស់កម្ពុជា នឹងមានតាំងលក់ក្នុងម៉ាត និងផ្សារទំនើបរបស់អ៊ីតាលី និងសហភាពអ៊ឺរ៉ុបទាំងមូល ។
លោក អាន តារា ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្វាយចន្ទីកម្ពុជា បានលើកឡើងថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ លើគុណភាព និងលេខ២ លើការផលិតគ្រាប់ចន្ទីស្រស់ច្រើនជាងគេ នៅលើពិភពលោក ។
លោកបានបន្ថែមថា គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាបាននាំគ្រាប់ស្វាយចន្ទី ដែលមិនទាន់ច្នៃទៅកាន់ប្រទេសវៀតណាម ចំនួនជាង៩១ម៉ឺនតោន គិតជាទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក ខណៈដែលបច្ចុប្បន្នកម្ពុជាមានសិប្បកម្ម សហគ្រាស និងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីសរុបចំនួន ៤២កន្លែង មានសមត្ថភាពកែច្នៃបានប្រមាណជា ១៥ភាគរយប៉ុណ្ណោះ នៃផលគ្រាប់ស្វាយចន្ទីទូទាំងប្រទេស ។
ឯកឧត្តម ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញនូវការអបអរសាទរ ចំពោះការនាំផលិតផលស្វាយចន្ទីទៅកាន់ប្រទេសអ៊ីតាលី ជាមួយនឹងការសន្យាបន្តនាំយកផលិតផលស្វាយចន្ទីរបស់កម្ពុជា ទៅកាន់ទីផ្សារអ៊ឺរ៉ុបបន្ថែមទៀត ៕
អត្ថបទ បាន សុខរិទ្ធិ











-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន