ព័ត៌មាន
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ
អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរសៀលថ្ងៃទី៥ ខែកញ្ញានេះ នឹងរៀបចំពិធីក្រុងពលី និងពុទ្ធាភិសេកព្រះពុទ្ធបដិមាធ្វើអំពីស្ពាន់ដែលមានទម្ងន់ ៩ តោនកម្ពស់៩ម៉ែត្រ ដើម្បីតម្កល់ទុកជាកេតនភណ្ឌដ៏ពិសិដ្ឋ ថ្វាយជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បីបានជាឧត្តមប្រយោជន៍ក្នុងការគោរពរបស់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ។

អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក មានប្រសាសន៍ឱ្យដឹងថា ពិធីក្រុងពលី និងពុទ្ធាភិសេកព្រះពុទ្ធបដិមានេះរៀបចំដោយក្រសួងធម្មការ និងសាសនា និងបានអញ្ជើញនិមន្តសម្ដេចព្រះសង្ឃ ១៨ អង្គ ដើម្បីប្រារព្ធកម្មវិធីដ៏ធំមួយនេះ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមសប្តាហ៍ខាងមុខ។
អ្នកឧកញ៉ាបានបញ្ជាក់ថា ការដាក់ព្រះពុទ្ធបដិមានេះ ដោយសារកម្ពុជាកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅព្រលានយន្តហោះនេះគឺរំពឹងថា នៅក្នុងរាល់រចនាបថ ការរៀបចំទាំងអស់ក្នុងព្រលាននេះគឺយកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ ដើម្បីតម្កល់ក្នុងព្រលានថ្មីនេះគឺដើម្បីឱ្យសុខសាន្ត សុខសប្បាយទាំងអស់ ហើយក៏ជាវប្បធម៌ និងដើម្បីឱ្យភ្ញៀវទេសចរទាំងអស់បានមើលឃើញថាជាព្រះពុទ្ធមួយអង្គដែលមានតម្លៃ សំខាន់គឺបង្ហាញវប្បធម៌របស់កម្ពុជា។

នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រៅពីព្រះពុទ្ធបដិមា ក៏មានដាក់តាំងបន្ថែមអំពីរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត ដែលភាគច្រើននាំមកពីខេត្តសៀមរាប។ សូមបញ្ជាក់ថា ព្រលានយន្តហោះថ្មីនេះសាងសង់លើផ្ទៃដីសរុប ២ ៦០០ ហិកតា ជាព្រលានយន្តហោះលំដាប់ 4F ដែលអាចធ្វើឱ្យយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១។ តាមការគ្រោងទុក ព្រលានយន្តហោះថ្មីនេះនឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា និងថ្ងៃទី២០ ខែតុលា ឆ្នាំនេះនឹងសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ