ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ការងារអក្ខរកម្ម ដោយមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋ គ្រប់រូបមានសមត្ថភាពអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ តាមរយៈ សារលិខិត អបអរសាទរ ខួបលើកទី២៥ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្ម ក្នុងយុគសម័យឌីជីថល» នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមរយៈសារលិខិត សម្តេចធិបតី បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រការកំណត់យកប្រធានបទ “ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល” ដែលជាប្រធានបទដ៏សំខាន់មួយ សំដៅបង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្មនិងការជំរុញគ្រប់ភាគីពាក់ព័ន្ធឱ្យចូលរួមគាំទ្រក្នុងការលើកកម្ពស់កម្មវិធី អក្ខរកម្មក្នុងយុគសម័យឌីជីថល និងការអភិវឌ្ឍសមត្ថភាព ជាពិសេសជនបាត់បង់ឱកាស ជនងាយរងគ្រោះ យុវជន ក្រៅសាលា កម្មករ កម្មការិនីរោងចក្រ កុមារនិងយុវជនជនជាតិដើមភាគតិច ដើម្បីក្លាយខ្លួនជាធនធានមនុស្សប្រកប ដោយថាមពល គុណភាព និងភាពជាពលរដ្ឋសកល និងចូលរួមចំណែកដល់ការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា ប្រធានបទឆ្នាំនេះក៏ស្របទៅនឹងទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤ ពោលគឺកសាងបាននូវពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ដូចនេះហើយយើងទាំង អស់គ្នាត្រូវយកចិត្តទុកដាក់ និងលើកកម្ពស់កម្មវិធីអក្ខរកម្ម ជាពិសេសអក្ខរកម្មឌីជីថល ដើម្បីបង្កើនសមត្ថភាពក្នុង ការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ក្នុងគោលដៅស្វែងរក ប្រើប្រាស់ គ្រប់គ្រង វាយតម្លៃ បង្កើត និងចែករំលែកព័ត៌មានប្រកបដោយសុវត្ថិភាព ភាពជឿទុកចិត្ត និងមានភាពត្រឹមត្រូវ។ សម្រាប់ពេលអនាគតការធ្វើបរិវត្តកម្មឌីជីថលគឺជាការចាំបាច់ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាឌីជីថល ឆ្ពោះទៅបង្កើនផលិតភាព ការប្រកួតប្រជែង ប្រសិទ្ធភាពសេដ្ឋកិច្ច និងកសាងសង្គមទំនើប។
នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាប្រារព្ធទិវាអក្ខរកម្មជាតិ និងចូលរួមអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ ជាកត្តាដ៏សំខាន់ដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា អក្ខរកម្មនាពេលបច្ចុប្បន្ននេះបានពង្រីកវិសាលភាពហួសពីការអាន និងការសរសេរតាមបែបប្រពៃណី ព្រមទាំងត្រូវទទួលយកវិមាត្រថ្មីនៃអក្ខរកម្ម ដែលរួមបញ្ចូលនូវភាពជា ពលរដ្ឋសកល ពលរដ្ឋឌីជីថល ការយល់ដឹងតាមបែបវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងតម្លៃនៃពិភពលោករបស់យើង។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការលើកកម្ពស់ការងារអក្ខរកម្ម ដោយមិនត្រឹមតែធានាឱ្យប្រជាពលរដ្ឋ គ្រប់រូបមានសមត្ថភាពអាន និងសរសេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពាក់បំប៉ននូវជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល ដែលចាំបាច់សម្រាប់ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និង វិទ្យាសាស្ត្រជឿនលឿន»៕




-
ព័ត៌មាន7 days agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន7 days agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន1 week ago៣ថ្ងៃនៃសង្រ្កាន្តឆ្នាំថ្មីកោះកុង ទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់
-
ព័ត៌មាន1 week agoភ្ញៀវទេសចរជិត ២លាននាក់ ទៅទស្សនាខេត្ដសៀមរាប នាឱកាសចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖ ការប្រារព្ធពិធីចូលឆ្នាំថ្មីមិនត្រឹមតែជាការថែរក្សាទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌ពីដូនតាប៉ុណ្ណោះទេ ប៉ុន្ដែបានរួមចំណែកដល់ចរន្តសេដ្ឋកិច្ចជាតិថែមទៀត