ព័ត៌មាន
កម្លាំងសឹករងកំពង់ឆ្នាំង សំណូមពរអាជ្ញាធរ និងសមត្ថកិច្ចជលផល បង្កើនការបង្ក្រាបបទល្មើស ខណៈនៅមានច្រើន
កំពង់ឆ្នាំង៖ លោកវរៈសេនីយ៍ទោ ម៉ៅ វ៉េ នាយរងសេនាធិការ នៃតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានសំណូមពរដល់អាជ្ញាធរឃុំ ស្រុក ជួយបង្កើនការសហការបង្ក្រាបបទល្មើសរបាំងសាច់អួនវែងខុសច្បាប់ជាមួយកម្លាំងកងទ័ព ព្រោះនៅក្នុងភូមិសាស្ត្រឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានបទល្មើសរបាំងសាច់អួនវែងកើតឡើងរាប់រយទីតាំងក្នុងរដូវបិទនេសាទនេះ សូម្បីនៅក្នុងព្រៃលិចទឹក។ ការសហការបង្ក្រាបនេះ ដើម្បីឱ្យធនធានជលផលទឹកសាបកើនឡើង និងឱ្យត្រូវទៅនឹងផែនការរបស់ថ្នាក់លើ។
លោកវរៈសេនីយ៍ទោ ម៉ៅ វ៉េ បានបន្តថា ក្នុង១ថ្ងៃ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង បានកាប់បំផ្លាញរបាំងសាច់អួនមានប្រវែងពី ៥០០ម៉ែត្រ ដល់១ ៣០០ម៉ែត្រ បានតែ ២របាំងប៉ុណ្ណោះ ព្រោះរបាំងនីមួយៗត្រូវបានជនសង្ស័យដាក់របាំងជម្រៅប្រមាណពី ៤ ទៅ៥ម៉ែត្រ ដល់បាតដី បន្លាយព័ទ្ធសាច់អួន និងដាក់ឡុកក្រឡាសាច់អួនពី ១ហ៊ុនទៅ ២ហ៊ុន ដោយឡែកលបលូវិញមានទំហំធំប្រើសុទ្ធតែស្បៃមុង និងមានប្រវែងពី ១៥ម៉ែត្រ ឡើងទៅ ដែលករណីប្រើក្រឡាសាច់អួនខុសបែបនេះ គឺផ្ទុយពីច្បាប់ ស្តីពី ជលផល។
លោកនាយរងសេនាធិការ បានសំណូមពរដល់អាជ្ញាធរឃុំផ្លូវទូក និងអាជ្ញាធរស្រុកកំពង់លែង មេត្តាជួយចូលរួមសហការបង្ក្រាប និងណែនាំម្ចាស់របាំង ព្រោះនៅក្នុងឃុំមួយនេះ មានរបាំងសាច់អួនល្មើសច្បាប់រាប់រយរបាំងទៀតដែលមិនទាន់បានបង្ក្រាប។ ដោយឡែកត្រីដែលចូលក្នុងលបលូរបស់ជនសង្ស័យ គឺសុទ្ធតែប្រភេទកូនត្រីតូចៗ មិនគួរយកទៅបរិភោគឡើយ។
ប្រជានេសាទលក្ខណៈគ្រួសារ បានឱ្យដឹងថា ត្រីឆ្នាំនេះត្រូវកើនច្រើនជាងឆ្នាំទៅ ប៉ុន្តែពួកគាត់ដាក់មង បានតែប្រភេទត្រីតូចៗ ដោយឡែកត្រីធំៗដូចមិនសូវមាន។ ប្រជានេសាទសំណូមពរម្ចាស់របាំងវែងៗ កុំដើរផ្តាច់មងពួកគាត់ចោល ព្រោះពួកគាត់ដាក់មងគ្រាន់ចិញ្ចឹមជីវិតបន្តិចបន្តួចប៉ុណ្ណោះ ហើយសំណូមពរឱ្យអ្នកដាក់របាំងវែងជួយដាក់តាមប្រវែងដែលអាជ្ញាធរសមត្ថកិច្ចអនុញ្ញាត និងគ្មានអ្នកមកបំផ្លាញនោះទេ។
គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក តាត សីហាក់ នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានដឹកនាំកម្លាំងចំរុះ សហការជាមួយកម្លាំងកងទ័ព នគរបាលសេដ្ឋកិច្ច ចុះបង្ក្រាបបទល្មើសនៅទីតាំងនោះដែរ ដោយបានកំទេចរបាំងសាច់អួនបាន ៨ទីតាំង ស្មើនឹងជិត ៣ពាន់ម៉ែត្រ៕
អត្ថបទ៖ កាំង ហុងវាស្នា
-
ព័ត៌មាន4 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា5 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន2 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ