Connect with us

ព័ត៌មាន

អាជ្ញាធរមីន និងរដ្ឋបាលខេត្តព្រះវិហារ ត្រៀមខ្លួនក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​បន្សល់​ទុកពីសំណាក់យោធាថៃ ដើម្បីកសាង និងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន

ខេត្តព្រះវិហារ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតលី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំកិច្ចប្រជុំត្រៀមដោះស្រាយបញ្ហាប្រឈមចំពោះមុខដែលបង្កឡើងដោយយុទ្ធភណ្ឌគ្រឿងផ្ទុះពីសំណាក់យោធាថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ក្នុងអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ នាពេលកន្លងមក។ កិច្ចប្រជុំនេះ មានការចូលរួមពី អភិបាលរងខេត្តព្រះវិហារ អាជ្ញាធរជាតិព្រះវិហារ អភិបាលស្រុក/ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ក្រុមការងាររៀបចំផែនការសកម្មភាពមីនខេត្ត និងអង្គភាពស៊ីម៉ាក់។

ជាកិច្ចចាប់ផ្តើម តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរប្រកបដោយការវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ ការទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រដ្ឋបាលខេត្តព្រះវិហារ ក្នុងការដោះស្រាយ និងរៀបចំទីជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកប្រកបដោយចិត្តទុកដាក់ខ្ពស់ ស្របតាមគោលដៅរបស់សម្តេច។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានសម្តែងនូវការដឹងគុណជូនចំពោះវីរៈកងទ័ពកម្ពុជា ដែលបានលះបង់ និងពលីសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងការពារសុខសន្តិភាពរបស់កម្ពុជា ដែលបានមកយ៉ាងលំបាក។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់បំផុតរបស់ សម្តេចធិបតី បានដាក់ចេញនូវយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទាំងវិស័យការពារជាតិ និងវិស័យការទូត ដើម្បីឆ្លើយតប និងវាយបកទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ក្នុងសម្លេងខ្មែរតែមួយ ពាក់ព័ន្ធនឹងការរំលោភពានរបស់យោធាថៃមកលើកម្ពុជា។ ទោះបីយ៉ាងណា ជម្លោះប្រដាប់អាវុធនេះ បានបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ភាព​ធន់​របស់​កម្ពុជា​​ និងប៉ះពាល់ដល់ភាពសុខក្សេមក្សាន្ត និងសតិអារម្មណ៍របស់ប្រជាពលរដ្ឋកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា ផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ តម្រូវឱ្យមានការសិក្សាវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ និងធ្វើការបោសសម្អាតជាមុនដើម្បីធានាសុខសុវត្ថិភាព មុននឹងការវិលត្រឡប់របស់ប្រជាពលរដ្ឋភៀសសឹកសម្រាប់បំពេញសកម្មភាពប្រចាំថ្ងៃ និងគាំទ្រដល់គម្រោងសាងសង់ និងជួសជុលសំណង់អគារនានាតាមតម្រូវការជាក់ស្តែង។ អាជ្ញាធរមីន រួមជាមួយរដ្ឋបាលខេត្តព្រះវិហារ សហការជាមួយប្រតិបត្តិករជាតិអង្គភាពស៊ីម៉ាក់ ត្រៀមខ្លួចរួចជាស្រេច ក្នុងការដោះស្រាយ និងបោសសម្អាតយុទ្ធភណគ្រឿងផ្ទុះបន្សល់ទុកពីសំណាក់យោធាថៃស្របតាមតម្រូវការចាំបាច់ ដើម្បីកសាងនិងស្តារឡើងវិញនូវសហគមន៍មូលដ្ឋាន និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia